កណ្តាល/បាត់ដំបងៈ បុរស ២ នាក់ នៅខេត្តកណ្ដាលបានលង់ទឹកស្លាប់ ក្នុងឧប្បទ្ទវហេតុបើកបររថយន្តធ្លាក់ចូលទៅក្នុងទឹកព្រែក ខណៈនៅខេត្តបាត់ដំបង កុមារា ២ នាក់ បាននាំគ្នាទៅលេងនៅស្រះទឹក ហើយបានលង់ស្លាប់ទាំង ២ នាក់។
លោក ហ៊ាង ប៊ុនថា អធិការរងស្រុកថ្មគោល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ តុលា ថា កុមារា ដួង ថៃ អាយុ ៥ ឆ្នាំ និង កុមារា លឿន សុចិត្ត អាយុ ៣ ឆ្នាំ ដែលឪពុកម្ដាយរបស់ពួកគេទាំង ២ ជាអ្នករស់នៅជិតខាងនឹងគ្នា ក្នុងភូមិប៉ោយរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានលង់ទឹកស្រះស្លាប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១។
តាមការបញ្ជាក់ពីឪពុកម្ដាយរបស់កុមារារងគ្រោះទាំង ២ នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅជុំវិញផ្ទះ។ មួយសន្ទុះក្រោយមកក៏បាត់ពួកគេ ស្រែកហៅក៏មិនឮឆ្លើយ។
លោកថ្លែងថា៖ «នៅពេលនោះក៏នាំគ្នាតាមរកហើយក៏ប្រទះឃើញ ខោអាវរបស់ពួកគេនៅមាត់ស្រះ ក៏សង្ស័យថា ពួកគេមកលេងទឹក ហើយធ្លាក់ចូលទៅក្នុងស្រះលង់ស្លាប់ ក៏នាំគ្នាចុះមុជរាវរក ហើយក៏ប្រទះឃើញសពរបស់ពួកគេទាំង ២ នៅក្នុងស្រះនោះមែន»។
លោក ប៊ុនថា បានចាត់ទុក ករណីស្លាប់របស់កុមារាទាំង ២ ថា ជាផ្នែកមួយនៃកង្វះការទទួលខុសត្រូវរបស់ឪពុកម្ដាយរបស់ពួកគេ។
ទន្ទឹមនឹងនេះ លោក ប៊ុន ថាបានអំពាវនាវដល់គ្រប់អាណាព្យាបាល រួមទាំងឪពុក-ម្ដាយទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ពីសុវត្ថិភាព និងសុខភាពនៃការរស់នៅរបស់សមាជិកគ្រួសាររបស់ខ្លួនជាពិសេសក្មេងៗ និងជនចាស់ជរា។
ចំណែកលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោក ហាក់ សេងលីម អាយុ ៣៤ ឆ្នាំ ជាអ្នករកស៊ីលក់ដីពុះឡូត៍ និង មិត្តភក្ដិរបស់គាត់ម្នាក់ទៀត ឈ្មោះ ស៊ាង រី អាយុ ៣២ ឆ្នាំមានលំនៅភូមិប្រធាតុ ឃុំ ព្រែកស្តី ស្រុកកោះធំ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តធ្លាក់ចូលទៅក្នុងទឹកព្រែកដោយខ្លួនឯង បណ្ដាលឱ្យលង់ទឹកស្លាប់នៅក្នុងរថយន្តទាំង ២ នាក់ កាលពីយប់ថ្ងៃទី ២២ ខែតុលា។
លោក ឃាង បានថ្លែងថា បើតាមសម្ដីសាច់ញាតិ និងសាក្សីនៅក្បែរកន្លែងកើតហេតុ មុនពេលគ្រោះថ្នាក់ស្លាប់ ជនរងគ្រោះទាំង ២ បាននាំគ្នាទៅផឹកស៊ី នៅហាងប៉ាវចិន ៦៨ របស់ឈ្មោះ ហឿន ធី។
បន្ទាប់មកជនរងគ្រោះទាំង ២ ក៏បាននាំគ្នាបើករថយន្តត្រឡប់មកផ្ទះវិញ តាមផ្លូវជាតិលេខ ២១។ លុះមកដល់ចំណុចស្ពានលេខ ៦៨ ក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំស្រាប់តែរថយន្តរបស់ពួកគេរេចង្កូត បើកធ្លាក់ចូលទៅក្នុងទឹកព្រែក ដែលកំពុងហូរ បណ្ដាលឱ្យទឹកចូលទៅក្នុងរថយន្តហើយពួកគេទាំង ២ នាក់ក៏លង់ទឹកស្លាប់នៅក្នុងឡាននោះតែម្ដង។
លោកបញ្ជាក់ថា៖ «អ្នករស់នៅក្បែរស្ពាននោះគេថា នៅទីនោះមានជើងកប ហើយជារៀងរាល់ឆ្នាំ បើមិនមានគ្រោះថ្នាក់ចរាចរណ៍រថយន្ត ឬ ម៉ូតូបុកគ្នាស្លាប់ ក៏មានករណីក្មេងលង់ទឹកស្លាប់ដែរ ប៉ុន្តែនោះជារឿងជំនឿអរូបីប៉ុណ្ណោះ។ សម្រាប់ខ្ញុំ ករណីនេះគឺបណ្ដាលមកពីជនរងគ្រោះ បើកបរក្នុងស្ថានភាពស្រវឹង ហើយទំនងជាបើកលឿនថែមទៀតផង»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់អ្នកបើកបរទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកបើកបរ ដោយចៀសវាងឱ្យបាននូវការសេពគ្រឿងស្រវឹង និង ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
លោកបានបញ្ជាក់ថា ការធ្វើចរាចរណ៍នៅលើដងផ្លូវ ប្រកបដោយសុវត្ថិភាពគឺពឹងអាស្រ័យលើអ្នកប្រើប្រាស់ផ្លូវទាំងអស់មានស្មារតីទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ចរាចរណ៍មិនមែនជាការទទួលខុសត្រូវផ្ដាច់មុខរបស់សមត្ថកិច្ចនគរបាលចរាចរណ៍នោះទេ៕