ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុបចោល​នូវ​ការធ្វើ​ចត្តាឡីស័ក​របស់​អ្នកជំងឺ​កូវីដ​ ១៩ ដែល​បានជា​សះស្បើយ​រួច និង​លើកលែង​ការធ្វើ​ចត្តាឡីស័ក​ចំពោះ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ ដែល​បាន​អនុវត្តតាម​វិធានការ​សុខាភិបាល​ខ្ជាប់​ខ្លួន​ក្នុងពេល​បំពេញការងារ និង​ទទួលបាន​លទ្ធផល​តេស្ត​កូវីដ​ ១៩ អវិជ្ជមាន PCR (-) ក្រោយ​បញ្ចប់​ភារកិច្ច​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បានចេញ​លិខិត​ជូន​ដល់​គ្រប់​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ២៥ ខែតុលា ទាក់ទង​នឹង​ការធ្វើ​បច្ចុប្បន្នភាព​របប​ធ្វើ​ចត្តាឡីស័ក​របស់​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

ការសម្រេច​ធ្វើ​បច្ចុប្បន្ន​របប​នៃ​ការធ្វើ​ចត្តាឡីស័ក​នៃ​ក្រុមគ្រូពេទ្យ​ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​នេះ តាម​ចំណារ​ឯកភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៣ ខែតុលា ដោយបាន​ឯកភាព​តាម​សំណើសុំ​គោលការណ៍​របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ២២ ខែតុលា ដែល​ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន ២ គឺ ការធ្វើ​ចត្តាឡីស័ក​របស់​អ្នកជំងឺ​កូវីដ-១៩ ដែល​បានជា​សះស្បើយ ត្រូវបាន​លុបចោល​។ មូលដ្ឋាន​ទី​ ២ ​គឺ អត្រា​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ មាន​កម្រិត​ខ្ពស់ ដែល​នាំឱ្យមាន​ភាពស៊ាំ និង​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​កម្រិត​គ្រោះថ្នាក់​នៃ​វីរុស​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង ថ្លែងថា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​លើកលែង​ការធ្វើ​ចត្តាឡីស័ក​ចំពោះ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ ដែល​បាន​អនុវត្តតាម​វិធានការ​សុខាភិបាល​ខ្ជាប់​ខ្លួន​ក្នុងពេល​បំពេញការងារ និង​ទទួលបាន​លទ្ធផល​តេស្ត​កូវីដ​ ១៩ អវិជ្ជមាន​ (PCR) ​ក្រោយ​បញ្ចប់​ភារកិច្ច​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ហើយ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​ទាំងនេះ ត្រូវបាន​អនុញ្ញាត​ឱ្យមាន​ការឈប់​សម្រាក​រយៈពេល​ ៤ ​ថ្ងៃ មុននឹង​វិល​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។

លោក​ថ្លែងថា​៖ «​គណៈកម្មការ​អន្តរក្រសួង​ក៏​លើកលែង​ការធ្វើ​ចត្តាឡីស័ក​ចំពោះ​ក្រុមគ្រូពេទ្យ និង​អ្នកផ្តល់​សេវា​ទូទៅ​ដែល​មិនមែនជា​ក្រុម​ផ្តល់​សេវា​ជួរមុខ ប៉ុន្តែ​មានការ​ចាំបាច់​ត្រូវធ្វើ​អន្តរាគមន៍​វេជ្ជសាស្ត្រ ដូចជា​ការវះកាត់ ឬ​ការផ្តល់សេវា​នានា​ដល់​អ្នកជំងឺ​កូវីដ-១៩ នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ក្នុង​រយៈពេល​ខ្លី ហើយ​បាន​ប្រើប្រាស់​សម្ភារ និង​ឧបករណ៍​ការពារ​ខ្លួន (PPE) ​កម្រិត​ ៣ ​បាន​ត្រឹមត្រូវ​»​។

លោក​រដ្ឋមន្ត្រី​ថា ចំពោះ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ និង​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល ៧ ​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ប៉ះពាល់ ដោយ​ត្រូវធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ឬ​នៅតាម​ទីតាំង​ដែល​បានកំណត់​ទុក​។

ដោយឡែក នៅ​ថ្ងៃទី​ ២៥ ខែតុលា ដដែល​នោះដែរ លោក ម៉ម ប៊ុនហេង បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ៧២ នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែលជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល ដោយមាន​ប្រទេស​ និង​ដែនដី​ជា​សមាជិក​ទាំង​ ៣៧ បាន​ចូលរួម​ចាប់ពី​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ២៩ ខែតុលា ឆ្នាំ​ ២០២១​។ ក្នុងឱកាស​នោះ លោក ម៉ម ប៊ុនហេង បាន​លើកឡើងថា ដូច​បណ្តា​ប្រទេស​ដទៃទៀត​ដែរ វីរុស​កូវីដ​ ១៩ នៅតែ​បន្ត​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ រួមជាមួយ​ការអនុវត្ត​នូវ​វិធានការ ៣ការពារ ៣​កុំ​។ ឥឡូវនេះ យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការកែ​សម្រួល​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ជំងឺ​​កូវីដ​ ១៩ ដើម្បី​រៀន​ពី​របៀប​រស់នៅ​ជាមួយ​មេរោគ ខណៈ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលារៀន និង​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​សុវត្ថិភាព​»​។

លោក ម៉ម ប៊ុនហេង ក៏បាន​ធ្វើការ​ចែករំលែក​នូវ​បទពិសោធ​ដែលជា​កត្តា​សំខាន់​រួមចំណែក​ដល់​ភាពជោគជ័យ​ក្នុង​ការឆ្លើយតប​របស់​កម្ពុជា ដែល​ចំណុច​ទាំងនោះ​មាន ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការសម្រេចចិត្ត និង​អភិក្រម​ការចូលរួម​របស់​រាជរដ្ឋាភិបាល​ទាំងមូល ការវិនិយោគ​លើ​សន្តិសុខ សុខភាព និង​ប្រព័ន្ធ​សុខាភិបាល ការចូលរួម​ជា​សាធារណៈ ការចូលរួម​របស់​សហគមន៍ និង​បុគ្គល និង​ចំណុច​ចុងក្រោយ​គឺ​សាមគ្គីភាព និង​ភាពជា​ដៃគូ​។

កម្ពុជា​ គឺជា​ប្រទេស​តូច​តែមាន​បេះដូង​ទូលាយ​។ កាលពី​ឆ្នាំមុន កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នូវ​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ដោយមាន​ការឆ្លង​តិចជាង ៥០០ ​ករណី និង​មិនមាន​អ្នកស្លាប់​ឡើយ​។ ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មានការ​គាំទ្រ​ពី​គ្រប់​វិស័យ និង​សង្គម​ទាំងមូល ប្រទេស​កម្ពុជា​នៅតែ​អាច​បន្ត​គ្រប់គ្រង​ឆ្លើយតប​ជំងឺ​កូវីដ-១៩ បាន​។

លោក​ថា​៖ «​ការបញ្ឈប់​ជំងឺ​រាតត្បាត​នេះ គឺជា​គោលដៅ​រួម​របស់​យើង​។ សន្តិភាព សន្តិសុខ​សង្គម សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ គឺជា​កត្តា​ចាំបាច់​។ ប្រទេស​កម្ពុជា​កំពុងធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​នានា អង្គការ​សុខភាព ពិភពលោក និង​ដៃគូ​ទាំងអស់ ដើម្បី​អនាគត​កាន់តែ​ប្រសើរ ឆ្ពោះ​ទៅរក​ពិភពលោក​ប្រកប​ដោយ​សុខភាព និង​សុវត្ថិភាព​»​។ លោក​ថា កម្ពុជា​គាំទ្រ​ចំពោះ​ភាពជា​អ្នកដឹកនាំ និង​ការសម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការឆ្លើយតប ជា​សកល​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​នេះ​ និង​ប្រទេស​ជា​សមាជិក​ទាំងអស់ ដែល​បាន​សហការ​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​អនាគត​ល្អប្រសើរ​ទាំងអស់​គ្នា​៕

វីដេអូ៖