ភ្នំពេញៈ ក្រុម​អភិរក្ស​ផ្សោត​ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការបារម្ភ និង​សោកស្តាយ​ជាខ្លាំង​ចំពោះ​ការថយចុះ​ចំនួន​សត្វ​ផ្សោត​នៅ​អន្លង់ឈើទាល​នៃ​អន្តរ​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែល​នឹង​ឈានទៅ​បាត់បង់​ទាំងស្រុង​នាពេលខាងមុខ ដែលជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដល់​អនាគត​នៃ​ថនិកសត្វ​ដ៏សំខាន់​ប្រភេទ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​រួម​នៃ​រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) និង​អង្គការ​សហភាព​អន្តរជាតិ​ ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ក្នុង​ទិវា​ផ្សោត​ទឹកសាប​អន្តរជាតិ នៅ​ថ្ងៃទី​ ២៤ ខែតុលា បាន​លើកឡើងថា ក្រុម​សត្វ​ផ្សោត​ដែល​រស់នៅក្នុង​អន្លង់ឈើទាល គឺជា​ក្រុម​រស់នៅ​ដាច់ដោយឡែក​ពី​ក្រុម​សត្វផ្សោត​ដទៃទៀត ដែល​កំពុង​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា​។

ផ្អែក​តាម​ការសិក្សា​អង្កេត ចំនួន​សត្វផ្សោត​នៅ​អន្លង់ឈើទាល​បាន​ថយចុះ​ជា​បន្ត​បន្ទាប់មក​ត្រឹម​ ៣​ ក្បាល​ក្នុង​ឆ្នាំ​ ២០១៨ និង​ ១ ​ក្បាល ​ក្នុង​ឆ្នាំ​ ២០២១​។ តាម​ការពិនិត្យ​ជាក់ស្តែង អន្លង់ឈើទាល​នេះ រង​នូវ​ហានិភ័យ​ខ្ពស់ ដែល​ធ្វើឱ្យ​សត្វផ្សោត​រស់ក្នុង​អន្លង់​នោះបាន​ស្លាប់​ជា​​បន្តបន្ទាប់ ដោយសារ​ការប្រែប្រួល​របប​ទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ និង​កិច្ចសហការ​ក្នុង​ការទប់ស្កាត់​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ហាមឃាត់​ក្នុង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។

ប្រភព​ដដែល​បាន​បន្ថែមថា សត្វផ្សោត​មួយចំនួន​នៅ​អន្លង់ឈើទាល​នេះ​ក៏បាន​ស្លាប់ បណ្តាល​មកពី​អាយុកាល​ផងដែរ​។ ចំនួន​សត្វផ្សោត​នៃ​អន្លង់​អន្តរ​ព្រំដែន​ឡាវ​-​កម្ពុជា បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នេះ អ្នកវិទ្យាសាស្ត្រ​បានប្រកាស​រួចមកហើយ​កាលពី​ឆ្នាំ​ ២០១៦ ថា ហ្វូង​ផ្សោត​ដែល​រស់នៅក្នុង​អន្លង់ឈើទាល​នេះ​នឹង​ឈានទៅ​ផុត​ពូជ​នៅ​ថ្ងៃ​ខាងមុខ​។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បានឱ្យដឹងថា ការថយចុះ​ចំនួន​សត្វផ្សោត​នៅ​អន្លង់ឈើទាល ដែល​នឹង​ឈានទៅ​បាត់បង់​នាពេលខាងមុខ ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដល់​អនាគត​នៃ​ថនិកសត្វ​ដ៏សំខាន់​ប្រភេទ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន ទោះបី​ជា​សត្វ​ផ្សោត​នៅសល់តែ​ចំនួន ១ ​ក្បាល​ក្នុង​អន្លង់ឈើទាល​នេះ​ក៏ដោយ ក៏​រដ្ឋបាល​ជលផល​នៅតែ​បន្ត​ខិតខំ​ការពារ និង​ពង្រឹង​កិច្ចសហការ​ជាមួយ​ភាគី​ឡាវ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​ដ៏មានតម្លៃ​នេះ​។ សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ការពារ និង​អភិរក្ស​យ៉ាង​តឹងរ៉ឹង ដោយ​ច្បាប់​ស្តីពី​ជលផល និង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​គ្រប់គ្រង និង​ការពារ​សត្វផ្សោត​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​រួម​នេះ កត្តា​គំរាមកំហែង​ដែលជា​មូលហេតុ​ចម្បងៗ​ដែល​បាន​បណ្តាល​ឱ្យ​ចំនួន​សត្វ​ផ្សោត​នៅក្នុង​អន្លង់អន្តរ​ព្រំដែន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រួមមាន​ការស្លាប់​ដោយ​ជាប់​នឹង​មង​នេសាទ ការអភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​ខ្សែទឹក​ប៉ែក​ខាងលើ​មេគង្គ​ដែល​បង្ក​ការរាំង​នូវ​រំហូរ​ទឹកជា​ធម្មជាតិ ការនេសាទ​ហួស​កម្រិត និង​ការអនុវត្ត​វិធីសាស្ត្រ​នេសាទ​បែប​បំផ្លាញ ដូចជា​ការប្រើ​ឧបករណ៍​ឆក់​ជាដើម​។ កត្តា​គំរាមកំហែង​ទាំងនេះ​ក៏​កំពុង​បន្ត​ដាក់​សម្ពាធ​ខ្លាំង​ឡើងៗ​លើ​ការរស់រាន​មានជីវិត​របស់​សត្វផ្សោត​នៃ​ទន្លេមេគង្គ​ទាំងមូល​។

នៅក្នុង​ឆ្នាំ​ ២០២០ និង​ក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំ​ ២០២១ នេះ ការងារ​ល្បាត​តាម​ទីជម្រក​របស់​សត្វ​ផ្សោត តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង បាន​សម្រេច​បាន​លទ្ធផល​សំខាន់ៗ ដូចជា​ការរឹបអូស​នូវ​មង​នេសាទ​ខុសច្បាប់ សរុប​ប្រវែង​ប្រមាណ ១១២ ០០០ ​ម៉ែត្រ ព្រមទាំង​រឹបអូស​នូវ​សន្ទូចរនង​ដាក់​ក្នុង​ទីជម្រក​ផ្សោត​សរុប​ប្រវែង​ប្រមាណ​ជាង ១៣១ ០០០ ​ម៉ែត្រ​ផងដែរ​។ ការងារ​ល្បាត​ក៏បាន​ទប់ស្កាត់​ និង​រឹបអូស​ផងដែរ​នូវ​ការនេសាទ​ដោយ​ឧបករណ៍​ឆក់​សរុប​ចំនួន ២០ ​ករណី​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ លោក ពុំ សុថា បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ ២ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ចូលរួម​គ្រប់គ្រង​ធនធាន​ជលផល​នៅ​តំបន់​អន្តរព្រំប្រទល់ ដែល​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ ២ និង​ការរស់រាន​នៃ​សត្វ​ផ្សោត​ដែល​នៅសល់​ក្នុង​អន្លង់ឈើទាល​នេះ​។

ប្រធាន​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្នែក​ពពួក​ថនិកសត្វ​ទឹក​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ​លោក Randall Reeves បាន​លើកឡើងថា សត្វផ្សោត​នៃ​អន្លង់​អន្តរ​ព្រំដែន​ឡាវ​-​កម្ពុជា​នឹង​ឈានទៅ​បាត់បង់​ហើយ ដោយសារ​វា​នៅ​សេសសល់ ចំនួន​តិចតួច​ណាស់ ហើយ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ដឹងថា វា​បានរស់នៅ​ដាច់​ឆ្ងាយ​ពី​ហ្វូង​ធំៗ​ដទៃទៀត ដែល​កំពុង​រស់នៅ​ក្នុង​អន្លង់​នៃ​ខ្សែទឹក​ខាងក្រោម​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។

ចំណែក​លោកស្រី Uzma Khan អ្នកសម្របសម្រួល​កម្មវិធី​អភិរក្ស​សត្វ​ផ្សោត​ទន្លេ និង​ប្រព័ន្ធ​ទន្លេ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ WWF និង​ជា​សមាជិក​នៃ​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្នែក​ពពួក​ថនិកសត្វ​ទឹក​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ក៏បាន​លើកឡើង​ដែរ​ថា​៖ «​យើង​កំពុងតែ​មើលឃើញ​ការបាត់បង់​ដ៏គួរ​ឱ្យ​សោកសង្រេង​នូវ​សត្វ​ផ្សោត​អន្តរ​ព្រំប្រទល់​ដែលជា​សត្វ​និមិត្តរូប​ដ៏សំខាន់​មួយ​ប្រភេទ​នេះ​។ វា​ពិតជា​ការសោកស្តាយ​មួយ​ដ៏ខ្លាំង​ពន់ពេក​»​។

លោកស្រី បាន​បន្ថែមថា ខណៈពេលដែល​ការឈាន​ជិត​ទៅ​ផុត​ពូជ​របស់​សត្វ​ផ្សោត​នៃ​អន្លង់អន្តរ​ព្រំប្រទល់​នឹង​ចូល​មកដល់ លោកស្រី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឡាវ និង​កម្ពុជា​ក្នុង​ការរួម​សហការ​គ្នា​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​មង និង​វិធី​នេសាទ​ខុសច្បាប់​ដទៃៗ​ទៀត​ទាំង​នៅក្នុង និង​ជុំវិញ​អន្លង់​អន្តរព្រំប្រទល់ ក៏ដូចជា​រួមគ្នា​បន្ទាន់​ដើម្បី​រៀបចំ​ផែនការ​ស្តារឡើងវិញ​នូវ​ទីជម្រក​ដោយ​រក្សា និង​ធានា​ឱ្យបាន​នូវ​រំហូរ​ទឹកជា​ធម្មជាតិ សម្រាប់​ការរស់រាន​របស់​សត្វផ្សោត និង ត្រី​មេពូជ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​។

លោក គង់ ចាន់ធី ប្រធាន​បណ្តាញ​សហគមន៍​នេសាទ ស្រុក​បុរី​អូរស្វាយសែនជ័យ ក្នុង​ខេត្តស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ប្រជាជន​កម្ពុជា​គោរព និង​ចាត់ទុកថា​ជា​សត្វ​ដ៏ពិសិដ្ឋ ព្រោះ​វា​គាំទ្រ​ដល់​ការចិញ្ចឹម​ជីវិត​របស់​ពួកគាត់ ដោយ​ផ្តល់នូវ​ប្រភព​សម្រាប់​រក​ប្រាក់ចំណូល និង​ការងារ​យ៉ាងសំខាន់​មួយ​ដល់​ប្រជាជន​សហគមន៍​ដែល​ប្រកបរបរ​ទេសចរណ៍​ធម្មជាតិ​មើល​សត្វ​ផ្សោត​។

លោក ចាន់ធី បាន​ថ្លែងថា​៖ «​ប្រជាជន​កម្ពុជា​មានជំនឿថា ទីណា​មាន​ផ្សោត ទីនោះ​មាន​ត្រី​។ បើ​គ្មាន​ត្រី និង​គ្មាន​ផ្សោត​ទេ ការរស់នៅ​របស់​សហគមន៍​យើង​ក៏​នឹងត្រូវ​អន្តរាយ​ផងដែរ​»​។ ដោយ​ក្តី​ស្រឡាញ់​ និង​ការសោកស្តាយ​ចំពោះ​ផ្សោត​នៅ​អន្លង់​ឈើទាល​នេះដែ​លអាច​នឹង​ឈានដល់​ការបាត់បង់ លោក ពុំ សុថា និង​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា បាន​ឯកភាព​គ្នា​ថា​នឹង​រៀបចំ​ធ្វើ​រូបសំណាក​សត្វផ្សោត​ដាក់តាំង​នៅលើ​ច្រាំងទន្លេ​មេគង្គ​នៃ​អន្លង់ឈើទាល ប្រសិនបើ​សត្វផ្សោត ១ ​ក្បាល​ដែល​កំពុង​រស់នៅក្នុង​អន្លង់ឈើទាល​នោះ​ត្រូវ​បាត់បង់ ដើម្បី​រំឭក​ដល់​សាធារណជន និង​កូនចៅ​ជំនាន់​ក្រោយ​បាន​ចងចាំ​នូវ​វត្តមាន​សត្វផ្សោត​ដែល​ធ្លាប់​រស់នៅ​ទីនោះ​៕

វីដេអូ៖