The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្ទៃដី​ជាង​ ១ ​ម៉ឺន​ហិកតា មុន​ចុះបញ្ជី​ជូន​ពលរដ្ឋ




មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្ទៃដី​ជាង​ ១ ​ម៉ឺន​ហិកតា មុន​ចុះបញ្ជី​ជូន​ពលរដ្ឋ

Content image - Phnom Penh Post
អាជ្ញាធរខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​ដី​មួយកន្លែង​នៅ​ស្រុក​អូររាំង​ពី​ខែមីនា​។ រូបថត សហការី

មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្ទៃដី​ជាង​ ១ ​ម៉ឺន​ហិកតា មុន​ចុះបញ្ជី​ជូន​ពលរដ្ឋ

មណ្ឌលគិរីៈ ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាននិង​កំពុង​ចុះ​ពិនិត្យ​ផ្ទៃដី​ជាង​ ១ ​ម៉ឺន​ហិកតា និង​ស្ថានភាព​ជាក់ស្តែង​នៃ​ទីតាំង​ដី​ពាក់ព័ន្ធ​ បន្ទាប់ពី​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ស្នើ​ទៅ​ក្រសួង ដើម្បី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ឱ្យមាន​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​។

លិខិត​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ១៤ តុលា បាន​ចាត់​ឱ្យ​លោក​ សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​សំណើ​ទាំង ៦ ​ចំណុច​របស់​រដ្ឋបាល​ខេត្ត ដែលមាន​ផ្ទៃដី​សរុប​ជាង ១ ​ម៉ឺន​ហិកតា ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២២ ខែតុលា​។ លិខិត​ដដែល​បាន​បញ្ជាក់ថា ទីតាំង​ដី​ទាំង ៦ ​ចំណុច​នេះ គឺមាន​ករណី​ផ្ទៃដី​ទំហំ ៦០០ ​ហិកតា​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ពី​គម្រោង​អាកាសយានដ្ឋាន និង​ផ្ទៃដី​ទំហំ ១- ៧៨៩,៤៨ ​ហិកតា នៅក្នុង​ភូមិ​ពូឆប​ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​។

ចំណែក​ករណី​ផ្ទៃដី​ទំហំ ៥ ០៧៥,៤៩ ហិកតា នៅ​ភូមិ​ពូលូង ឃុំ​រមនា ក្រុង​សែនមនោរម្យ ករណី​ផ្ទៃដី​ទំហំ ៥ ៦៩៦,៥០ ហិកតា ក្នុង​ភូមិ​ពូហ្សាម ឃុំ​សែនមនោរម្យ ស្រុក​អូរាំង និង​ករណី​ទីតាំង​កាត់​ឆ្វៀល​ដី​ចំនួន ៤ ​ប្លង់ ស្ថិតក្នុង​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី​។ នេះ​បើ​យោងតាម​លិខិត​ខាងលើ​។

លោក អេង ភីរុង មន្ត្រី​នៃ​ក្រសួងបរិស្ថាន ដែល​ចូលរួម​ចុះ​ត្រួតពិនិត្យ​ផ្ទៃដី​ទាំងនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៥ តុលា​ថា បេសកកម្ម​ចុះ​ពិនិត្យ​នេះ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក សូ ខនឫទ្ធីគុណ កំពុង​បន្តការងារ​នៅ​ខេត្តមណ្ឌលគិរី​នៅឡើយ ហើយ​នៅពេល​ចប់​ភារកិច្ច ក្រសួង​នឹង​ប្រកាស​អំពី​លទ្ធផល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ត្រឡប់មកវិញ​ទេ ខ្ញុំ​នៅ​បេសកកម្ម​នៅក្នុង​ខេត្ត​នៅឡើយ​។ យើង​មិនទាន់​ចប់​បេសកកម្ម យើង​មិនអាច​ជម្រាប​បានទេ​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា តាមរយៈ​ការចុះ​បេសកកម្ម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​នេះ​គឺ​ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ដី​ស្នើសុំ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ទីតាំង​ដីធ្លី​ពាក់ព័ន្ធ​មួយចំនួនទៀត តាម​សំណើ​របស់​អភិបាលខេត្ត​មណ្ឌលគិរី​។ បច្ចុប្បន្ន ក្រុមការងារ គឺ​ទើបតែ​បាន​ចុះ​ពិនិត្យ​បាន​ ២ ​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ច្រើន​ទីតាំង​ទៀត ដែល​នឹងត្រូវ​ចុះ​ពិនិត្យ ដើម្បី​ធ្វើការ​វាយតម្លៃ​មុននឹង​ក្រសួង​សម្រេច​។

លោក​រៀបរាប់ថា​៖ «​យើង​មិនទាន់បាន​យ៉ាងម៉េច​ទេ ព្រោះ​ក្រសួង​ជា​អ្នកសម្រេច ហើយ​ក្រសួង​ចុះទៅ​មើល ហើយ​ការសម្រេច​យ៉ាងណា គឺ​អាស្រ័យទៅលើ​ការសម្រេច​ជាក់ស្តែង និង​មានការ​អាស្រ័យផល​ប៉ុន្មាន​អី​ប៉ុន្មាន​។ មកដល់​ពេលនេះ ការចុះបញ្ជី​ដី​ជា​ប្រព័ន្ធ​មាន​តិច​មែនទែន អត់​មាន​ប្រជាជន​កាន់កាប់​ស្របច្បាប់​ច្រើន អ៊ីចឹង​ការចុះបញ្ជី​នេះ គឺធ្វើឡើង​តាំងពី​ភូមិ ឃុំ ផ្ទះសំបែង​ប្រជាពលរដ្ឋ​ឡើង​»​។

ទោះយ៉ាងណា​បើតាម​លោក កែវ សុភគ៌ ​ឱ្យដឹងថា តាមរយៈ​ផ្ទៃដី​ដែល​បានស្នើ​ទាំង​ជាង ១ ​ម៉ឺន​ហិកតា​នេះ គឺមាន​ផ្ទៃដី​ខ្លះ​កំពុង​ស្ថិតក្នុង​បណ្តឹង និង​ទំនាស់​ដែលជា​ហេតុ​ក្រសួង​ត្រូវ​ការចុះពិនិត្យ និង​វាយតម្លៃ ដើម្បី​សម្រេច​ជា​ក្រោយ​។

លោក ស៊ន សារុន អ្នកនាំពាក្យ​សាលា​ខេត្តមណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៥ ​តុលា​ថា ចំពោះ​សំណើ​ដែល​រដ្ឋបាលខេត្ត ស្នើសុំ​កាត់​ផ្ទៃដី​ទាំង​ជាង ១ ​ម៉ឺន​ហិកតា​នេះ គឺ​ភាគច្រើន​លើសលប់ ដើម្បី​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ពលរដ្ឋ ហើយ​ការស្នើសុំ​ចុះបញ្ជី ដើម្បី​ផ្តល់​ការវិនិយោគ​ផ្នែក​អេកូ​ទេសចរណ៍​។

លោក សារុន បន្តថា ចំពោះ​ដី​ដែល​បាន​ស្នើសុំ​នេះ គឺជា​ដី​លំនៅឋាន និង​ដីចម្ការ ដោយ​មិនមាន​ពាក់ព័ន្ធ​នឹង​ដីព្រៃ​នោះទេ ខណៈដី​ដែល​បាន​ស្នើសុំ​ដើម្បី​ធ្វើការ​វិនិយោគ​ផ្នែក​អេកូទេសចរណ៍​ក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ធម្មជាតិ​នោះដែរ ព្រោះ​គម្រោង​ទាំងនេះ​ចូលរួម​ថែរក្សា​ធម្មជាតិ​។ លោក​បន្តថា​៖ «​ផ្ទៃដី​ទាំង ១ ​ម៉ឺន​ហិកតា​នេះ គឺ​កន្លែង​ខ្លះ​ត្រូវបាន​ដោះស្រាយ​ហើយ​អស់ហើយ តែ​កន្លែង​ខ្លះ នៅពេល​យើង​ស្នើសុំ គឺមាន​របាយការណ៍​មក​ថា មាន​ជាប់​ពាក់ព័ន្ធ​អីណា​អី​។ គ្រាន់តែ​ការស្នើសុំ​នេះ​គឺ​ក្នុង​កម្រិត​ត្រួតពិនិត្យ​ហើយ​បាន​ធ្វើការ​វាយតម្លៃ​មិនមែន​ពិនិត្យ​ហើយ​ឱ្យ​ទាំងស្រុង​នោះទេ​គឺ​យើង​នៅ​មើល​ទៀត​ដែរ​»​។

បើតាម​លោក ស៊ន សារុន បាន​អះអាងថា ការកាត់​ផ្ទៃដី​ទាំង​ជាង ១ ​ម៉ឺន​ហិកតា​នេះ គឺ​ក្រៅពី​ស្នើឱ្យ​ក្រសួង​ចុះមក​ពិនិត្យ​វាយតម្លៃ ដើម្បី​សម្រេច​ក៏​មាន​តំបន់​ខ្លះ ត្រូវ​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ចុះ​ពិនិត្យ​សិក្សា​ជាក់ស្តែង​ផងដែរ ព្រោះ​តំបន់​មួយចំនួន​គឺ ស្ថិតក្រោម​សមត្ថកិច្ច​ខុសៗ​គ្នា​៕

អត្ថបទគួរចាប់អារម្មណ៍