ភ្នំពេញៈ កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ជិត​បាន​ឈានទៅ​សម្រេច​តាម​ផែនការ សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ ១០ ​លាន​នាក់ ដែល​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​រំពឹងថា នឹង​រកឃើញ​អ្នក​ទី​ ១០ ​លាន នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង សរុប​ចំនួន ៩ ៩៧៨ ៣២៤ នាក់ ដែល​ស្មើនឹង ៩៩,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចរាល់ ត្រឹម​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២១​។

របាយការណ៍​បាន​បន្តថា សម្រាប់​ក្រុម​អាយុ​ពី​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​បាន​រហូតដល់ ១ ៧៨៣ ៦៩៧ នាក់ ដែល​ស្មើនឹង ៩០,៦៨% ធៀប​ជាមួយចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​។ ចំណែក​ការចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ​ពី ៦ ​ឆ្នាំ​ដល់​ក្រោម ១២ ​ឆ្នាំ​ទទួល​បាន​លើស​ផែនការ​កំណត់​រហូត​បាន​ចំនួន ១,៩០៣,៦០៦ ​នាក់ ដែល​ស្មើនឹង ១០០,៣៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជាង ១,៨ ​លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា ជាទូទៅ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ផ្អែកទៅលើ​ការប៉ាន់ស្មាន នៅពេល​ដែល​ធ្វើ​ផែនការ គណៈកម្មការ​ប្រើ​តួលេខ​សម្រង់​ជំរឿន​វិទ្យាសាស្ត្រ​នៅក្នុង​ឆ្នាំ​ ២០១៩​។

លោកស្រី​បាន​បន្ថែមថា៖ «​នៅពេលដែល​យើង​យក​តួលេខ​នេះ មក​ធ្វើជា​គោលដៅ​របស់​យើង យើង​មិន​បានគិត​ទៅដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចល័ត​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស​ទេ​។ ដូចនេះ​វា​ធ្វើឱ្យ​ចំនួន​ ១០ ​លាន​នាក់ ដែលជា​គោលដៅ​របស់​យើង ហើយ​យើង​បាន​ចាក់​រហូត​បាន​ជាង ៩៩ ​ភាគរយ​ហើយ​»​។

ដោយឡែក សម្រាប់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៃ​ក្រសួង​ការពារជាតិ ក្នុង​រយៈពេល​ ១៣ ​ថ្ងៃ​នៃ​ការចាក់​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ ៦ ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជិត ៥០ ​ម៉ឺន​នាក់​ហើយ​។

ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួង​ការពារជាតិ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ កាលពី​ថ្ងៃទី​ ១១ ខែតុលា នៅក្នុង​ខណ្ឌ​ចំនួន​ ៦ រួមមាន ខណ្ឌមានជ័យ ដង្កោ កំបូល ពោធិ៍សែនជ័យ ឫស្សីកែវ ទួលគោក និង​ខណ្ឌ​សែនសុខ រួម​នឹង​កម្មករ-កម្មការិនី​នៅក្នុង​រោងចក្រ​ចំនួន​ ៣៩ ​រោងចក្រ​ផងដែរ​៕