ភ្នំពេញៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ​បញ្ជូន​មេខ្យល់​ប្រុស-ស្រី​ ៤ ​នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ២៥ ​តុលា ​ពាក់ព័ន្ធ​នាំ​ពលករ​ប្រុស-ស្រី​ ១២ ​នាក់ និង​ក្មេង​ម្នាក់​បម្រុង​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​។

លោកស្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២៥ ​តុលា​ថា ជន​ដែល​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ទី​១- ​មាន​ឈ្មោះ សួន ម៉ាង ភេទ​ប្រុស អាយុ ៣៩ ​ឆ្នាំ​ទី​២- ​ឈ្មោះ​ ចំរើន ធារៈ ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ ទី​៣- ​ឈ្មោះ ចាន់ រស្មី ភេទ​ស្រី​អាយុ​ ៤១ ​ឆ្នាំ និង​ឈ្មោះ ប្រម វិន័យ ភេទ​ស្រី អាយុ​ ២៦ ​ឆ្នាំ​។ ពួកគេ​ទាំង​ ៤ ​នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​។

លោកស្រី​ថ្លែងថា​៖ «​ករណីនេះ​យើង​ឃាត់​ពួកគេ​នៅ​ថ្ងៃទី​ ២៣ ​តុលា​តែ​យើង​ទើប​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២៥ ​តុលា​)​។ ព្រោះ​យឺត​ដោយសារ​បំពេញ​កំណត់ហេតុ​មិនទាន់​»​។

បើតាម​លោកស្រី សុជាតិ ​ប្រាប់ថា កាលពី​យប់​ថ្ងៃទី​ ២៣ ​តុលា​កម្លាំង​នគរបាល​វរៈការពារ​ព្រំដែន​គោក​លេខ​ ៨០៧ ​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បានធ្វើការ​ទប់ស្កាត់​ពលករ​ប្រុស​-​ស្រី​ពេញវ័យ​ ១២ ​នាក់​ និង​ក្មេងប្រុស​ជា​កូន​ពលករ​ម្នាក់​ផង​។ ទន្ទឹម​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​មេខ្យល់​ប្រុស​-​ស្រី​បាន​ចំនួន​ ៤ ​នាក់​ទៀត​។

លោកស្រី​បន្តថា ការឃាត់ខ្លួន​ពួកគេ​ខណៈ​សមត្ថកិច្ច​កំពុង​ដើរល្បាត​បានឃើញ​មនុស្ស​ ១ ​ក្រុម​ដើរ​បម្រុង​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​។ ​ពេលនោះ​សមត្ថកិច្ច​បាន​ហៅ​សួរនាំ ហើយ​ពួកគេ​ឆ្លើយ​ប្រាប់ថា មុន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺ​កាលពី​ថ្ងៃទី ​២៣ ​តុលា​ពួកគេ​ត្រូវបាន​មេខ្យល់​ចំនួន​ ៤ ​នាក់​ ទំនាក់ទំនង​ធានាថា​នាំ​ផ្លូវ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។ ​

លុះ​មាន​ការព្រមព្រៀង​គ្នា​អស់ហើយ នៅ​ថ្ងៃខែ​ដដែល​ក្រុម​មេខ្យល់​ទាំង​ ៤ ​នាក់​នោះបាន​ដឹក​ពួកគេ​តាម​រថយន្ត ខ្លះ​តាម​ម៉ូតូ​ដាក់​នៅ​គោលដៅ​តែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ទៅ​។ ចំណែក​ក្រុម​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ​យកលុយ​ពី​ពលករ​ម្នាក់​ចំនួន​ ២ ៥០០ ​បាត​។ ​

ចំពោះ​មធ្យោបាយ​វិញ​គឺ​ពួកគេ​បើករថយន្ត និង​ម៉ូតូ​ដើរ​ប្រមូល​តាម​ទីតាំង​ដែល​បាន​ណាត់គ្នា​។ ​បន្ទាប់​ដឹកជញ្ជូន​ពលករ​តាម​រថយន្ត និង​ម៉ូតូ​ដល់​គោលដៅ​រួច​ក៏​នាំគ្នា​ដើរ​ដោយ​ថ្មើរជើង​បម្រុង​ឆ្លង​ព្រំដែន​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​តែម្តង​។

លោកស្រី​ស្នងការរង​បញ្ជាក់ថា ក្រោយពី​ធ្វើការ​សាកសួរ​ចប់​គឺ​សមត្ថកិច្ច​បាន​បញ្ជូន​ពលករ​ប្រុស​-​ស្រី​ទាំង​ ១២ ​នាក់ និង​ក្មេង​ម្នាក់​ផង​ទៅ​មណ្ឌល​ដើម្បី​ធ្វើ​ចត្តាឡីស័ក​មុន​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​៕