ភ្នំពេញៈ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ចរាច​រណ៍​លើ​កំណាត់​ផ្លូវ​លេខ​ ២០ និង ផ្លូវ​លេខ ​១០៤ ចាប់ពី​រង្វង់​មូល​កួរ​ស្រូវ ដល់​ផ្សារ​កំពង់​ក​ន្តួ​ត​ដោយសារ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ជន់​ឡើង​យ៉ាងគំហុក ហើយ​លិច​ហូរ​កាត់​លើផ្លូវ និង​លិច​ប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​ខ្នង​ដែល​នៅតាម​បណ្ដោយសណ្ដ​ស្ទឹង​ព្រែក​តោ្ន​ត ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ​និង​ខណ្ឌ​កំបូល​។

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និយាយថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត កាលពី​យប់​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០២១ បាន​ជន់​ឡើង​យ៉ាងគំហុក បណ្ដាល​ឱ្យទឹក​លិច​ហូរ​កាត់​លើ​កំណត់​ផ្លូវ​លេខ ​២០ និង លេខ ​១០៤ ដែល​តម្រូវ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ចំណុច​រង្វង់​មូល​កួរ​ស្រូវ ដល់​ផ្សារ​កំពង់​ក​ន្តួ​ត​ដើម្បី​ការពារ​ផលប៉ះពាល់​និង​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ និង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកធ្វើដំណើរ​។​

លោក​បាន​ថ្លែងថា​៖ «​ក្នុងខណៈ​នេះ ទឹកបាន​ស្រក​ចុះ​បន្តិច​វិញ ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅ​មិនទាន់​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ធំៗ​បើក​ឆ្លងកាត់​នោះទេ ព្រោះ​បារម្ភ​ខូចខាត​ផ្លូវ នៅ​ចំណុច​ដែល​ទឹក​កំពុង​ហូរ​កាត់​នេះ​»​។

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែ តុលា​ ឆ្នាំ ​២០២១​ នេះ ​បាន​ជន់​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦០០​ ខ្នង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល និង ខណ្ឌដង្កោ​។ នេះ​បើតាម​របាយការណ៍​បឋម ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

លោក ហង្ស មុនី អធិការ​ខណ្ឌ​កំបូល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការ​ជន់​ឡើង​នៃ​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​បណ្ដាលមកពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ទឹក​ដែល​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​នៃ​ខេត្តកំពង់ស្ពឺ បាន​បង្ក​ឱ្យ​ជន់​លិច​ផ្លូវ​និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២១៤ ​ខ្នង ដែល​ស្ថិតនៅ​សងខាង​តាម​បណ្ដោយ​សណ្ដស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ធំ នៃ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​កំណាត់​ផ្លូវលំ​ក្នុងភូមិ​ដូន​កុក និងភូមិ​អន្លង់​ស្វាយ មាន​កន្លែង​ខ្លះ​ទឹកបាន​ជន់​លិច​ក្នុង​ជម្រៅ​ជិត ​២ ​ម៉ែត្រ មិនអាច​ធ្វើដំណើរ​ដោយ​កង់​ម៉ូតូ ឬរថយន្ត​នោះទេ​។ ទោះជា​បែបណា អ្នកភូមិ​ភាគច្រើន សម្រេចចិត្ត​មិន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ឬទៅ​នៅផ្ទះ​បងប្អូន​សាច់ញាតិ​ជា​បណ្ដោះអាសន្ន​នោះទេ​»​។​

ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ រដ្ឋបាល​ខណ្ឌ​កំបូល ក្រោម​កិច្ចសហការ​ចូលរួម​ពីកងកម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អង្គភាព​យោធា​ ៩១១​ បាន​ប្រើប្រាស់​កាណូត​និង​អូ​ប័​រ​ចំនួន ​៦​ គ្រឿង សម្រាប់​អន្តរាគមន៍​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ពី​ក្នុង​មូលដ្ឋាន​ទៅកាន់​ទី​ចំណត​សុវត្ថិភាព​ដើម្បី​ធ្វើដំណើរ​បន្តទៅ​កាន់​កន្លែង​ធ្វើ​ការងារ និងផ្សារ ដោយ​មិន​គិតថ្លៃ​។ នេះ​បើតាម​ការអះអាង​របស់​លោក សំរិទ្ធ កើន ជំទប់​ទី​២ សង្កាត់​បឹង​ធំ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ការធ្វើដំណើរ​ចេញចូល​របស់​អ្នកភូមិ​អន្លង់​ស្វាយ និង ភូមិ​ដូន​កុក ពី​ភូមិ​ទៅ​កន្លែងធ្វើការ ផ្សារ និងមន្ទីរពេទ្យ គឺ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អង្គភាព​យោធា ​៩១១ ជួយ​សម្របសម្រួល​ដឹកជញ្ជូន​ដោយ​មិន​គិតថ្លៃ តាមរយៈ​មធ្យោបាយ កាណូត និង អូប័​រ​»​។​

ជាមួយគ្នានេះ​កម្មការិនី រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ម្នា​ក់ នៅក្នុង​សង្កាត់​កំបូល អ្នកស្រី សូត្រ កញ្ញា អាយុ​ ២៩​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​បាន​និយាយប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ថា​៖ «​ថ្វីបើ​ភូមិ​របស់​យើង​ទឹក​លិច​ហ៊ុមព័ន្ធ​ជុំជិត ប៉ុន្តែ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ មាន​ក្ដី​កក់ក្ដៅ​ខ្លាំងណាស់ ព្រោះ​អាជ្ញាធរ និង​កង​កម្លាំងយោធា បាន​យកចិត្តទុកដាក់ ចុះជួយ​អន្តរាគមន៍​ដឹកជញ្ជូន​យើងខ្ញុំ​ពី​ភូមិ​ទៅកាន់​កន្លែងធ្វើការ​ងារ និង​ពី​កន្លែង​ការងារ​ទៅ​ភូមិ​វិញ ដោយ​មិន​គិតថ្លៃ និង​ប្រកបដោយ​ការទទួលខុសត្រូវ​»។​

ចំណែក​លោក អ៊ុន សា​រុំ ចៅសង្កាត់​គង​ន​យ នៃ​ខណ្ឌដង្កោ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទឹកបាន​ជន់​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ ៤១៨ ​ខ្នង ក្នុងភូមិ​ចំនួន​ ៤ រួមមាន ភូមិ​វាល​ថ្លាន់​ ភូមិ​សេរី​សម្បត្តិ​ ភូមិ​គង​ន​យ និង ភូមិ​ត្រពាំង​សំរិទ្ធ។​

លោក​ថ្លែងថា​៖ «​កាលពី​ព្រឹកល្ងាច​ថ្ងៃទី​ ២៥​ ខែ តុលា ឆ្នាំ​ ២០២១ ទឹកបាន​លិច​ចូលក្នុង​បន្ទប់ធ្វើការ​របស់​រដ្ឋ​បាល​សាលាសង្កាត់​យើង ត្រឹម​ជង្គង់ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​ ២៦​ ខែតុលា​នេះ វា​បាន​ស្រក​បន្តិច​វិញ គឺ​ប្រមាណ​ ២ ​ហ៊ុន»​។​

លោក សា​រុំ ថ្លែងថា ដោយនៅតែមាន​ក្ដី​ព្រួយ​កង្វល់​អំពី​បញ្ហា​ប្រឈម​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និងជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នៅពេលដែល​ទទួលបាន​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និងឧតុនិយម ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង ​២ ​ថ្ងៃ​ ជាប់​គ្នា​ថែមទៀត គឺ ថ្ងៃទី ​២៧ និង ២៨ ខែតុលា​ ខាងមុខនេះ ដែល​អាច​បង្ក​ឱ្យ​ជន់​លិច​ផ្នែក​ខ្លះ​ថែមទៀត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល កំពង់​ឆ្នាំង ពោធិ៍សាត់ ព្រៃវែង និង​ខេត្ត ស្វាយរៀង​។​

លោក​បាន​ថ្លែងថា​៖ «​បើសិន​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម​មែន​នោះ ទឹកនឹង​បន្ត​ជន់​លិច​ផ្ទះ​អ្នកភូមិ​ជាច្រើន​ថែមទៀត​នៅតាម​សណ្ដស្ទឹង​ព្រែក​ត្នោត​នេះ ពិសេស​ក្នុងភូមិ​សាស្ត្រ​សង្កាត់​គង​ន​យ​យើងខ្ញុំ​តែម្ដង​»​។​

យ៉ាងណាក៏ដោយ នៅពេលនេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​ថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន សរុប ជិត​ ១ ០០០ ​នាក់ ដែល​ភាគច្រើន ជា​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ កំពុង​ប្រើ​គ្រឿងចក្រ​កាយ​ដី​លើក​ជា​ទំនប់​ទប់ស្កាត់​ទឹក​មិន​ឱ្យ​ជន់​លិច​ចូលមកក្នុង​រាជធានី ដោយបាន​កាយ​ប្រឡាយ​សំខាន់ៗ​ជាច្រើន​កន្លែង ដើម្បី​បង្វែរ​មុខទឹក​ឱ្យ​ហូរ​ធ្លាក់​ទៅតាម​បឹង​ព្រែក និង​ប្រឡាយ​នានា ចូលទៅ​ទន្លេបាទី ក្នុង​ខេត្តតាកែវ និងទន្លេបាសាក់ ក្នុង​ខេត្តកណ្ដាល​៕