ភ្នំពេញៈ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ​ចាត់ឱ្យ​មន្ត្រី​ស្រាវជ្រាវ​លើ​មន្ត្រី​នគរបាល​យុត្តិធម៌ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ​បន្ទាប់ពី​មាន​លិខិត​អនាមិក​ ចោទ​ប្រកាន់​ទៅលើ​លោក ​ស៊ុន សុវណ្ណ ​អធិការ​ស្រុក​សង្កែ ​ឃុបឃិត​ជាមួយ​កូនចៅ​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​អង្គភាព។

លោក​ សាត គឹម​សាន ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ​ថ្លែង​នៅ​ថ្ងៃទី ២៦ ​តុលាថា ​ក្រោយពី​ទទួល​ដំណឹង​លិខិត​អនាមិក ​ដែល​បាន​សរសេរ​វាយប្រហារ​ទៅលើ​លោក​អធិការ​ស្រុក​សង្កែ​នោះ​ លោក​ក៏បាន​ចាត់​ឱ្យ​ខាង​បុគ្គលិក ​ជា​អ្នកធ្វើការ​ស្រាវជ្រាវ ​តែ​មិនទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​បាន​ចាត់​ឱ្យ​ទៅ​ខាង​បុគ្គលិកចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​ ឥឡូវ​គេ​កំពុង​ធ្វើការងារ​ហ្នឹង»។

ក្នុង​លិខិត​អនាមិក​ដែល​សរសេរ​គោរព​ជូន​លោក​ ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក​ សាត គឹមសាន ​ស្នងការ​នគរ​បាល​ខេត្ត​បាត់ដំបង ​បាន​សរសេរ​ខ្លឹមសារ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ស៊ុន សុវណ្ណ ​អធិការ​នគរបាល​ស្រុក​សង្កែ ​និង​លោក​ ហៀង ​យ៉ុងហុង​ អធិការ​រង ​ទទួល​បន្ទុក​សេនាធិការថា ​បាន​រួមដៃ​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព​ និង​បក្ខពួក​និយម។

លិខិត​អនាមិក​នោះ​សរសេរថា​៖ «លោក​ ស៊ុន សុវណ្ណ ​អធិការ​ស្រុក​សង្កែ ​និង​លោក ​ហៀង ​យ៉ុងហុង ​អធិការរង ​ទទួល​បន្ទុក​សេនាធិការ ​បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បក្ខពួក​និយម ​ដំឡើង​ឋានន្តរស័ក្ដិ​ ទារ​លុយ​ពី​កូនចៅ​ក្រោម​ឱវ៉ា​តរបស់​ខ្លួន។ ឱ្យ​មន្ត្រី​អសកម្ម​មិន​មក​ធ្វើការ​បើក​ប្រាក់​ខែ​រដ្ឋ ​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ ៣ របស់​រដ្ឋ​ក្នុង​ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​ ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន»។

លិខិត​អនាមិក​នេះ ​បញ្ជាក់ថា ​ដោយសារ​តែ​ទង្វើ​របស់​លោក​អធិការ​ស្រុកសង្កែ ​ទើប​ធ្វើ​ឱ្យ​មន្ត្រី​មួយចំនួន​នៅ​ក្នុង​អង្គភាព​ មាន​សតិ​អារម្មណ៍​មិនល្អ ​បណ្ដាល​ឱ្យគ្មាន​វិន័យ​ក្នុង​អង្គភាព។ បន្ថែម​លើនោះ ​លិខិត​អនាមិក​ក៏បាន​បង្ហាញ​ឈ្មោះ ​និង​អត្តលេខ​មន្ត្រី​មួយចំនួន ​ដែល​លិខិត​អនាមិក​អះអាងថា ​ជាមន្ត្រី​អសកម្ម ​និងខិលខូច​ជា​ច្រើន​រូប​នៅ​ក្នុង​អង្គភាព។

លិខិត​ដដែល​លើកឡើង​ថា ​មាន​ឈ្មោះ​មន្ត្រី​ចំនួន​ ៨ នាក់ ​ដែល​អសកម្ម​មិន​ចូល​ធ្វើការ ​តែ​មាន​វត្តមាន​ចុះ​ក្នុង​បញ្ជី​វត្តមាន​រាល់ថ្ងៃ ​និង​បាន​បើក​ប្រាក់​ខែយ៉ាង​ទៀងទាត់​ទៀត​ផង។ ដោយ​ឡែក ​មន្ត្រី​ចំនួន ​៥ រូប​ផ្សែង​ទៀត ​ក៏​ត្រូវ​បាន​លិខិត​នេះ ​សរសេរ​ចោទ​ថា ​លោក ​ស៊ុន សុវណ្ណ ​និង​លោក​ ហៀង ​យ៉ុងហុង ​ឃុបឃិ​ត​គ្នា​ស្ងាត់ៗ ​រៀបចំ​ផ្លាស់​ប្ដូរ​តួនាទី​មន្ត្រី​ទាំង ​៥ រូប​នោះ ​ពី​ផ្នែក​មួយ ទៅ​ផ្នែក​មួយ​ ដោយ​គ្មាន​ការឯកភាព​ពី​ថ្នាក់​ដឹកនាំ​តាម​ផ្នែក​ជំនាញ​ឡើយ ​និង​ខុស​ពី​សេចក្ដី​សម្រេច​របស់​ថ្នាក់​លើ។​

លោក ​ស៊ុន សុវណ្ណ ​អធិការ​ស្រុក​សង្កែ ​ថ្លែង​នៅ​ថ្ងៃ​ទី ២៦ ​ខែតុលា​ថា​ នេះ​ជាការចោទ​ប្រកាន់​បង្កាច់​បង្ខូច​ខុស​ការពិត។ ប៉ុន្តែ​លោក​សុំ​មិនបក​ស្រាយ​អ្វី​ច្រើន​ឡើយ ​ដោយ​ទុកឱ្យ​ថ្នាក់​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ការពិត។​ លោ​អធិការ​ប្រាប់ថា ​លោក​ស្នងការ​បានហៅ​អ្នក​ពាក់ព័ន្ធ​ទៅ​សួរ​នាំ​ជាបន្ត​បន្ទាប់ ​ប៉ន្តែ​នៅ​មិនទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។

លោក​ថ្លែងថា​៖ «សូម​អធ្យាស្រ័យ​ផង​ ខ្ញុំ​មិន​ដឹងថា ​ត្រូវ​បកស្រាយ​យ៉ាង​ម៉េច​ទេ។ បើ​គេបង្ខូច​យើង​អ៊ីចឹង​ យើង​ទុកឱ្យ​ថ្នាក់​ដឹកនាំ​គាត់​ស្រាវជ្រាវ។ ​ខាង​ស្នងការ​ខ្ញុំ​គាត់​បានហៅ​កូនចៅ​ខ្ញុំ​ទៅ​សួរ​ហើយ ​គឺ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ សួរ​តាំង​ពី​ម្សិលមិញ ​ហើយ​ថ្ងៃនេះ​ក៏​សួរ​ដែរ ​តែ​ខ្ញុំ​មិន​ដឹង​ថា​លទ្ធផល​យ៉ាងណា​ទេ»៕

វីដេអូ៖