ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក កើត រិទ្ធ បាន​ណែនាំ​ជាថ្មី ដល់​ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី-ខេត្ត​ឱ្យ​ពន្លឿន​ចំណាត់ការ​នីតិវិធី នៅក្នុង​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ ដើម្បី​រួមចំណែក​ដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ពិសេស​ក្នុង​បរិបទ​កូវីដ​ ១៩ ​នេះ​។ នេះ​បើតាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​យុត្ដិធម៌​ចុះ​ថ្ងៃទី​ ២៥ ​តុលា ឆ្នាំ​ ២០២១​។

សេចក្ដី​ណែនាំ​របស់លោក កើត រិទ្ធ ឱ្យដឹងថា កន្លងមក​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​ក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២០ និង​ត្រូវបាន​បិទបញ្ចប់​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២១ និង​ក្នុង​គោលដៅ​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។

ក្រសួង​យុត្តិធម៌​បានចេញ​សេចក្តី​ណែនាំ​លេខ​ ០១ ចុះ​ថ្ងៃទី​ ១៨ ឧសភា ឆ្នាំ​ ២០២០ ដោយបាន​ណែនាំ​អំពី​គោលការណ៍​ដែល​ត្រូវអនុវត្ត​នៅក្នុង​ដំណាក់កាល អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ សម្រាប់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។

ក្រសួង​យុត្តិធម៌​ពិនិត្យឃើញថា នៅក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ១ ​ខែ​នៃ​ការអនុវត្ត​យុទ្ធនាការ​ខាងលើ​សាលាដំបូង​រាជធានី ខេត្ត បាន​ចូលរួម​អនុវត្ត​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់ និង​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​នូវ​គោលការណ៍​ណែនាំ ដែល​ត្រូវអនុវត្ត​នៅក្នុង​ដំណាក់កាល​ទាំង​ ៣ ​ខាងលើ​នៃ​ដំណើរការ​នីតិវិធីតុលាការ​។

ក្រសួង​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​ឃើញថា ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កកស្ទះ ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​ជាច្រើន ត្រូវបាន​តុលាការ​ចាត់ការ​បាន​យ៉ាង​ឆាប់រហ័ស​ស្របតាម​នីតិវីធី​ច្បាប់ ហើយ​បាន​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ​បាន​មួយកម្រិត​ដែរ​»​។

ដោយ​ផ្អែកលើ​លទ្ធផល​ល្អប្រសើរ​នៃ​ការអនុវត្ត​គោលការណ៍​ណែនាំ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​យុទ្ធនាការ​ខាងលើ និង​ដោយ​យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ព្រមទាំង​សេចក្ដី​ណែនាំ​រួម និង​សារាចរ​ពាក់ព័ន្ធ​នានា​ក៏ដូចជា​ដើម្បី​ពន្លឿន​ចំណាត់ការ​នីតិវិធី​នៅក្នុង​សំណុំរឿង និង​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ពិសេស​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ក្រសួងយុត្តិធម៌​បាន​ធ្វើការ​ណែនាំ​ជាថ្មី​ដល់​សាលាដំបូង​រាជធានី-ខេត្ត​ឱ្យ​បន្ត​អនុវត្ត​គោលការណ៍​ណែនាំ ដែល​ត្រូវ​បានកំណត់​នៅក្នុង​សេចក្តីណែនាំ​លេខ​ ០១ ​ចុះ​ថ្ងៃទី​ ១៨ ​ឧសភា ឆ្នាំ​ ២០២០​។

ខ្លឹមសារ​សំខាន់ៗ​នៃ​គោលការណ៍​ណែនាំ​នេះ​រួមមាន​ទី​ ១ «​អំពី​គោលការណ៍​ក្នុង​ដំណាក់កាល​អយ្យការ​» ដោយ​កន្លងមក​ក្រសួងយុត្តិធម៌​បាន​ពិនិត្យឃើញថា អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត​ពុំ​សូវ​បាន​ប្រើ​វិធី​ចោទប្រកាន់​តាមរយៈ​ការបញ្ជូន​ទៅ​ជំនុំជម្រះ​ផ្ទាល់​ ឬ​ការបង្ហាញ​ខ្លួន​ភ្លាម​នោះទេ ក៏ប៉ុន្តែ​តែង​ប្រើ​វិធី​ចោទប្រកាន់ ចំពោះ​បទមជ្ឈិម តាមរយៈ​ការបើក​ការស៊ើបសួរ ដែលជា​បច្ច័យ​នាំឱ្យ​មាន​ការកើនឡើង​ជាច្រើន​នូវ​សំណុំរឿង​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​។ ដូច្នេះ​ដើម្បី​ពន្លឿន​ចំណាត់ការ​លើ​សំណុំរឿង ជាពិសេស​ការកាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ ក្រសួងយុត្តិធម៌​បាន​ណែនាំ និង​លើកទឹកចិត្ត​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ខេត្ត​ទាំងអស់ យកចិត្ត​ទុកដាក់​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការផ្តល់​អាទិភាព ប្រើ​វិធី​ចោទប្រកាន់​ចំពោះ​បទមជ្ឈិម​តាមរយៈ​ការបញ្ជូន​ទៅ​ជំនុំជម្រះ​ផ្ទាល់​ ឬ​ការបង្ហាញ​ខ្លួន​ភ្លាម ដោយ​ផ្អែក​តាម​អង្គហេតុ​នៅក្នុង​សំណុំរឿង​នីមួយៗ និង​ផ្អែក​តាម​លក្ខខណ្ឌ​ និង​នីតិវិធី​ដែល​មានចែង​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

គោលការណ៍​ណែនាំ​ទី​ ២ «​អំពី​គោលការណ៍​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​»​ កន្លងមក​ក្រសួង​យុត្តិធម៌​បាន​ពិនិត្យឃើញថា វិធានការ​នៃ​ការដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​ពុំ​សូវ​ត្រូវបាន​ប្រើ​ឱ្យបាន​ទូលំទូលាយ​ស្របតាម​ស្មារតី​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៅឡើយ​ទេ ហើយ​ជាទូទៅ​ចៅក្រម​ស៊ើបសួរ​បាន​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការសម្រេច​ជ្រើស​យក​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​ជា​វិធានការ​និរន្តរាយ ដើម្បី​ធានា​ដល់​ដំណើរការ​នៃ​ការស៊ើបសួរ​ដែល​ជា​កត្តា​រួមចំណែក​នាំឱ្យមាន​ការកើនឡើង​នៃ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​។

ដូច្នេះ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពចង្អៀតណែន​នៅតាម​ពន្ធនាគារ ក្រសួងយុត្តិធម៌​បាន​ធ្វើការ​ណែនាំ​ចំពោះ​ការអនុវត្ត​វិធានការ​និរន្តរាយ នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​គឺ​ចៅក្រម​ស៊ើបសួរ​គប្បី​យកចិត្ត​ទុកដាក់​ក្នុង​ការពន្លឿន​ការអនុវត្ត​នីតិវិធី​ស៊ើបសួរ​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ស្របតាម​ស្មារតី​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

ចៅក្រម​ស៊ើបសួរ​គប្បី​យកចិត្ត​ទុកដាក់​ប្រើ​ឆន្ទានុសិទ្ធិ​របស់ខ្លួន ក្នុង​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​មាត្រា ២០៣ និង​មាត្រា​ពាក់ព័ន្ធ​បន្តបន្ទាប់ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការឃុំខ្លួន​បណ្ដោះអាសន្ន​ជាពិសេស​ស្មារតី​នៃ​ការគោរព​គោលការណ៍​សេរីភាព​ជា​ចម្បង និង​គោលការណ៍​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​។

ក្រសួង​បញ្ជាក់ថា​៖ «​ការឃុំខ្លួន​បណ្តោះអាសន្ន​គប្បី​ត្រូវបាន​ប្រើ​សម្រាប់តែ​ចំពោះ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ដែលមាន​ភាពស្មុគស្មាញ និង​ធ្ងន់ធ្ងរ​ហើយ​ក្នុង​លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជាពិសេស​ក្នុង​ករណី​ដែល​ការឃុំខ្លួន​បណ្តោះអាសន្ន​នោះ គឺជា​មធ្យោបាយ​តែមួយគត់ និង​ចាំបាច់​ដើម្បី​ធានា​ដល់​ដំណើរការ​ស៊ើបសួរ​តែប៉ុណ្ណោះ​»​។

ក្រសួង​លើកទឹកចិត្ត​ឱ្យ​ចៅក្រម​ស៊ើបសួរ​ប្រើ​ឱ្យអស់​លទ្ធភាព និង​ឱ្យបាន​ទូលំទូលាយ ដោយ​ផ្អែក​តាម​អង្គហេតុ​ជាក់ស្ដែង​នៃ​សំណុំរឿង​នីមួយៗ ក្នុង​ការសម្រេច​ជ្រើស​យក​ការដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​វិធានការ​និរន្ដរាយ ជំនួស​ឱ្យ​វិធានការ​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ធានា​ដល់​ដំណើរការ​នៃ​ការស៊ើបសួរ​ស្របតាម​បញ្ញត្តិ​ចាប់ពី​មាត្រា​ ២២៣ ដល់​មាត្រា​ ២៣០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជាពិសេស​ចំពោះ​បទមជ្ឈិម​ដែល​មិនមាន​ភាពស្មុគស្មាញ និង​មិន​ធ្ងន់ធ្ងរ​។

គោលការណ៍​ណែនាំ​ទី​៣ «​អំពី​គោលការណ៍​នៅក្នុង​ដំណាក់កាល​ជំនុំជម្រះ​» ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាពចង្អៀត​ណែន​នៅតាម​ពន្ធនាគារ​ក្រសួងយុត្តិធម៌​បាន​ធ្វើការ​ណែនាំ​ដល់​តុលាការ គប្បី​យកចិត្ត​ទុកដាក់​ក្នុង​ការពន្លឿន​ការបើក​សវនាការ និង​ចេញ​សាលក្រម​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ស្របតាម​ស្មារតី​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ ទន្ទឹមនេះ​ដោយ​ផ្អែក​តាម​អង្គហេតុ​ជាក់ស្តែង​នៃ​សំណុំរឿង​នីមួយៗ តុលាការ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យប្រើ​របប​នៃ​ការព្យួរទោស​ជាពិសេស​ការព្យួរទោស​សាកល្បង​ឱ្យអស់​លទ្ធភាព និង​ឱ្យបាន​ទូលំទូលាយ​ផ្អែក​តាម​អង្គហេតុ​ជាក់ស្ដែង​នៃ​សំណុំរឿង​នីមួយៗ​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​ប្រទេស​ប្រមាណ​ជាង ៣៧ ០០០ ​នាក់ ​ក្នុង​នោះ​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ មាន​ជនជាប់ឃុំ​ច្រើនជាងគេ និង​មាន​សំណុំរឿង​មួយចំនួន​នៅ​មិនទាន់​មាន​សាលក្រម​ស្ថាពរ​។

លោក​ អំ សំអាត អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​យល់ថា លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចេញ​សេចក្តី​ណែនាំ​រំឭក​សាជាថ្មី​នេះ វា​ជា​រឿង​ល្អ​មួយ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​ចង់ឃើញ​ក្រសួងយុត្តិធម៌​ជួយ​ពន្លឿន​នីតិវិធី​នៃ​ការដោះលែង​អ្នក​ជាប់ឃុំ ដែល​ជិត​ផុត​ទោស​តាម​សេចក្តីសម្រេច​របស់​ក្រសួងយុត្តិធម៌​។

លោក​ថ្លែងថា​៖ «​ការដោះលែង​ជន​ជាប់ឃុំ​បណ្តោះអាសន្ន ជាពិសេស​ជន​ជាប់ឃុំ ងាយ​រងគ្រោះ​ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែលមាន​កូនតូច​តាម​ម្តាយ​អនីតិជន ជន​ជាប់ឃុំ​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន អ្នកការពារ​សិទ្ធិមនុស្ស អ្នកការពារ​បរិស្ថាន សកម្មជន​ធ្វើ​ការងារ​សង្គម ជាដើម​ទៅតាម​លទ្ធភាព និង​នីតិវិធី ទើប​អាច​ចូលរួម​កាត់បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​»​។

ម្យ៉ាងទៀត​ក្នុងនាម​អង្គការ​ការពារ​សិទ្ធិ​មនុស្សលោក​ចង់ឃើញ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង និង​សាលាដំបូង​រាជធានី-ខេត្ត អនុវត្ត​ការងារ នីតិវិធី និង​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​សំណុំរឿង​ជាប្រចាំ ក្រោយពី​មាន​យុទ្ធនាការ​ពន្លឿន​នីតិវីធី​ក្នុង​សំណុំរឿង​កន្លងមក និង​សេចក្តីណែនាំ​រំឭក​បន្ថែម​របស់​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​នេះ ចៀសវាង​ការរិះគន់​ពី​សាធារណជន​៕