ភ្នំពេញៈ ក្រសួងសុខាភិបាលហាមឃាត់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកជាង ១០ គណនីត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ផ្សព្វផ្សាយផលិតផលរបស់ខ្លួន រួមមាន ផលិតផលអាហារបំប៉នសុខភាព ឱសថ និងអាល់កុលដែលគ្មានលេខបញ្ជិកាត្រឹមត្រូវតាមច្បាប់។
សេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នារបស់ក្រសួងសុខាភិបាលដែលបានផ្សាយនាថ្ងៃទី ២៦ តុលា បានហាមឃាត់ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ WPL Online Store កំពុងផ្សាយលក់អាល់កុល ៩៧ ដឺក្រេ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១។ ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Futurebiotics.KH កំពុងផ្សព្វផ្សាយលក់ផលិតផល រួមមាន ទី១-DAILY ENZYME COMPLEXTM ទី២-NATURE MADE SUBLINGUAL B12 1000mcg៣-OMEGA ទី៣-FISH OIL CONCENTRATE និងទី៤-INFLAMMOTION Joint inflammation complex គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១។
ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Doctor Health Cambodia Plush កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព Doctor''s Health គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១។ ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Joint-Soft Cambodia ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ Joint-Soft គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១។
ហាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dara Phachapoir កំពុងផ្សាយលក់ផលិតផលបំប៉នសុខភាព Fiber Capsules MM USA គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផល គិតត្រឹមថ្ងៃទី ២០ កញ្ញា ២០២១។
សេចក្តីជូនដំណឹងបន្តថា ក្រៅពីនេះក្រសួងក៏ពិនិត្យឃើញ គណនីហ្វេសប៊ុកចំនួន ៨ ទៀត ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ PURTIER PLACENTA ដែលគ្មានលេខបញ្ជិកា គិតត្រឹមថ្ងៃទី ៤ ខែតុលា។ ម្ចាស់គណនីហ្វេសប៊ុកទាំង ៨ នោះ រួមមាន ១-Purtier Placenta- New Zealand ២-Purtier Placenta Supplements Cambodia ៣-Purtier Placenta Cambodia ៤-Purtierplacenta_kh ៥-PurtierPacenta Cambodia-Official ៦-Cambodia Purtier Placenta ៧-TPH Purtier Placenta Cambodia និង ៨-Holistic Therapy។
ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងទៅគណនីហ្វេសប៊ុកឈ្មោះ Joint-Soft Cambodia ដែលកំពុងផ្សាយលក់ផលិតផល Joint-Soft ហើយមានបុរសម្នាក់លើកទូរស័ព្ទឆ្លើយថា ខ្លួនគ្រាន់តែជាអ្នកលក់ឱ្យគេប៉ុណ្ណោះ មិនទាន់ដឹងថា ផលិតផលនោះបានចុះបញ្ជិកានោះទេ។
លោកថា៖ «ខ្ញុំជាអ្នកលក់ឱ្យគេដែរបង ហើយផលិតផលនេះនាំចូលពីប្រទេសជប៉ុន។ រឿងចុះបញ្ជិកាខ្ញុំអត់ដឹងទេ តែពេលឃើញក្រសួងសុខាភិបាលគេប្រកាសហាមឃាត់ ខ្ញុំនឹងឈប់ផ្សព្វផ្សាយនៅបណ្តាញសង្គមទៀតហើយ»។
ក្រសួងសុខាភិបាលឱ្យដឹងថា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល។ រាល់ការផ្សព្វផ្សាយផលិតផលឱសថនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ»។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលព្រមានចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន បើនៅតែបន្តផ្សព្វផ្សាយផលិតផលទាំងនោះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាងនៃក្រសួងសុខាភិបាល សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២ និង ០១២ ៥៦២ ៤៤៦៕
វីដេអូ៖