ភ្នំពេញៈ បេក្ខជន ៥ រូប ក្នុង​ចំណោម​បេក្ខជន ១០ រូប ត្រូវ​បាន​ប្រកាស​ឈ្នះ​ការ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​និយាយ​សាធារណៈ​លើ​ប្រធានបទ «ហេតុអ្វី​បាន​ជា​កម្ពុជា​ចាំបាច់​ត្រូវ​ដំឡើង​ពន្ធ​ថ្នាំ​ជក់» ខណៈ​បេក្ខជន​ជំរុញ​ឱ្យ​មាន​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​ ដើម្បី​កាត់​បន្ថយ​អ្នក​ប្រើប្រាស់។

នៅ​ថ្ងៃទី​ ២៦ តុលា បេក្ខជន​ចំនួន ១០ ​រូប​ បាន​ឡើង​បង្ហាញ​សមត្ថភាព​របស់ខ្លួន ក្នុង​ការនិយាយ​ជា​សាធារណៈ​លើ​ប្រធានបទ «​ហេតុអ្វី​បានជា​កម្ពុជា​ចាំបាច់​ត្រូវ​ដំឡើង​ពន្ធ​ថ្នាំជក់​» ដើម្បី​ឈ្នះ​ជយលាភី​ពី​លេខ ១ ដល់​លេខ​ ៣ ដែល​នឹង​ទទួលបាន​ទឹកប្រាក់​ចន្លោះ​ពី ២ ​លាន​រៀល ដល់ ៨ សែន​រៀល និង​ពាន​រង្វាន់​ ១​។

កម្មវិធី​ប្រកួត​និយាយ​សាធារណៈ​លើ​ប្រធានបទ​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​សុខភាព​ពិភពលោក​។

លោក​ មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើងថា កម្មវិធី​នេះ​មាន​គោលបំណង​បំផុស​យុវជន​ឱ្យចូល​រួមចំណែក​ផ្សព្វផ្សាយ​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។

លោក​បន្តថា ប្រធានបទ​ដែល​បេក្ខជន​លើក​យកមក​ជជែក​ក្នុង​ការប្រកួតប្រជែង​នេះ គឺជា​វិធានការ​ទោល​តែ​ ១ ​គត់ ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កាត់បន្ថយ​ប្រជាពលរដ្ឋ ១៥០ ០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ក៏ដូចជា ការពារ​កុំឱ្យ​មាន​ការបង់ខាត​សេដ្ឋកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​កើនឡើង​នោះ ចំណូល​ពន្ធ​រដ្ឋ​នឹង​កើនឡើង​ហើយ​ការស្លាប់​នឹង​ជំងឺ​ពិការភាព​នឹង​ថយចុះ​។ ថ្នាំជក់​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​ប្រមាណ​ ១៥ ០០០ នាក់ ​ក្នុង​ ១ ​ឆ្នាំ និង​បង្ក​ជា​ជំងឺ​រុំារ៉ៃ​ទាំង​ ៥ មុខ​ គឺ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូង ជំងឺ​ឆ្លង​ផ្លូវដង្ហើម​ត្បៀត​ទងសួត​រុំារ៉ៃ​មហារីក​សួត និង​បំពង់ខ្យល់ ខណៈ​ការខាតបង់​ថវិកា ប្រមាណ​ ៦៤៩ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​»​។

ក្រៅពី​វិធានការ​នេះ​លោក​ មុំ គង់ ក៏​ចង់ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា ពង្រីក​ការហាម​ជក់បារី​នៅ​កន្លែង​ធ្វើការ​ និង​កន្លែង​សាធារណៈ​ដាក់​ពង្រាយ​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី ហាមឃាត់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ និង​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។

បេក្ខជន សៀក ពេជ្ររចនា ជា​និស្សិត​មកពី​វិទ្យាស្ថាន​ស៊ីអ៊ីអូ បាន​និយាយថា បើ​រដ្ឋាភិបាល​ធ្វើបាន​ក្នុងការ​ដំឡើង​ពន្ធ​ថ្នាំជក់​ឱ្យ​បាន​តាម​ការព្យាករ​ប្រមាណ ៧៥ ភាគរយ​នោះ​នឹង​ធ្វើឱ្យ​ផែនការ​នៃ​ការកាត់បន្ថយ​អ្នកប្រើប្រាស់​បាន​ខ្ពស់​។ បន្ថែម​ពីនេះ​រដ្ឋាភិបាល​នឹង​អាច​សម្រេច​បាន​គោលដៅ​សុខភាព​សុខុមាលភាព​មាំមួន​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់ខ្លួន​។

កញ្ញា​ សៀក ពេជ្ររចនា បាន​បញ្ជាក់ថា​៖ «​កម្ពុជា​គឺ​ត្រូវតែ​ដំឡើង​ពន្ធ​ថ្នាំជក់​ឱ្យបាន ៧៥ ភាគរយ​នៃ​តម្លៃ​លក់រាយ និង​ដំឡើង​ពន្ធអាករ​ពី​ ១០ ទៅ​ ៣០ ភាគរយ ដំឡើង​ពន្ធ​តែម និង​គុណភាព​របស់​វា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា ប្រមូល​ពន្ធ​បន្ថែម​រហូតដល់ ២៣៥ លាន​ដុល្លារ​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខនេះ​។ នាង​ខ្ញុំ​សូម​គាំទ្រ ១០០ ភាគរយ​ទៅលើ​វិធានការ​ និង​ការស្នើសុំ​ឱ្យមាន​ការដំឡើង​ពន្ធ​ទៅលើ​ថ្នាំជក់​»​។

លោកស្រី រ៉ាយ រ៉ានី តំណាង​ក្រសួង​សុខាភិបាល និង​ជា​គណៈកម្មការ​ដាក់ពិន្ទុ​ដល់​បេក្ខជន​បាន​ថ្លែង​កោតសរសើរ​ដល់​ភាពក្លាហាន​របស់​បេក្ខជន​ទាំង ១០ ​រូប ដែល​បាន​បង្ហាញ​សមត្ថភាព​ និង​ការតាំង​ចិត្ត​ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ថ្នាំជក់​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​យើង​ទាំងអស់​គ្នា​យើង​ក៏​កោតសរសើរ​ដល់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​បាន​សហការ​គ្នា​ជាមួយ​ដៃគូ​នានា​ដែល​យើង​បានរៀបចំ​ឡើង កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​នេះ​ដែល​ឱ្យឃើញថា កម្ពុជា​របស់​យើង​នេះ​បាន​បង្កើតឡើង​នូវ​កម្មវិធី​ប្លែកៗ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​យើង​ឱ្យ​លះបង់​ទម្លាប់​ជក់បារី​»៕