ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​របស់​អ្នកជំងឺ​​កូវីដ​ ១៩ បន្ទាប់ពី​បានបញ្ចប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ និង​ការព្យាបាល​នៅតាម​ផ្ទះ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៦ ខែតុលា ថា​៖ «​អ្នកជំងឺ​កូវីដ​ ១៩ ដែល​បានបញ្ចប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ពុំ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​ទៀត​ទេ​»​។

ក្រសួង​បាន​បញ្ជាក់ថា ចំពោះ​អ្នកជំងឺ​កូវីដ​ ១៩ ដែល​ព្យាបាល​នៅតាម​ផ្ទះ​ក្នុងករណី​អ្នកជំងឺ​កូវីដ​ ១៩ ​ពុំបាន​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដូស​មូលដ្ឋាន​បាន​ពេញលេញ​អនុញ្ញាតឱ្យ​បញ្ចប់​ការព្យាបាល​នៅ​ថ្ងៃទី​ ១៤ ប្រសិនបើ​ពុំមាន​រោគសញ្ញា​ជំងឺ​កូវីដ-១៩ រយៈពេល ៣ ​ថ្ងៃ​ចុងក្រោយ​បន្តបន្ទាប់​គ្នា គឺ​ថ្ងៃទី​ ១១ ទី​ ១២ និង​ទី​ ១៣ និង​ពុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ទៀត​ទេ​។

ចំពោះ​អ្នកជំងឺ​ដែល​ព្យាបាល​នៅតាម​ផ្ទះ​ដដែល​នេះ នៅក្នុង​ករណី​អ្នកជំងឺ​កូវីដ​ ១៩ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​ពេញលេញ ហើយ​ចាប់ពី​ថ្ងៃទី​ ៦ ទៅ​ពុំមាន​រោគសញ្ញា​ជំងឺ​​កូវីដ​ ១៩ រយៈពេល​ ៣ ​ថ្ងៃ​បន្តបន្ទាប់​គ្នា​គឺ​នៅ​ថ្ងៃទី​ ៦ ទី​ ៧ និង​ទី​ ៨ ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី​ ៩​។

ប្រសិនបើ​ទទួលបាន​លទ្ធផល​តេស្ត​កូវីដ​ ១៩​ អវិជ្ជមាន​អ្នកជំងឺ​អនុញ្ញាតឱ្យ​បញ្ចប់​ការព្យាបាល និង​ពុំ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ទៀត​ទេ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ប្រសិនបើ​លទ្ធផល​តេស្ត​កូវីដ​ ១៩ វិជ្ជមាន អ្នកជំងឺ​ត្រូវធ្វើ​តេស្ដ​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ ​១៩ ដោយ​ខ្លួនឯង​ឡើងវិញ​នៅ​ ២ ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​ ១១ ហើយ​អនុញ្ញាតឱ្យ​បញ្ចប់​ការព្យាបាល ប្រសិនបើ​ទទួលបាន​លទ្ធផល​តេស្ត​កូវីដ​ ១៩ អវិជ្ជមាន និង​ពុំ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ទៀត​ទេ​។

ក្នុងករណី​ពុំមាន​លទ្ធភាព​ធ្វើតេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​​កូវីដ ​១៩ ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​ ៩ អ្នកជំងឺ​ត្រូវបាន​អនុញ្ញាត​ឱ្យ​បញ្ចប់​ការព្យាបាល​នៅ​ថ្ងៃទី​ ១២ ប្រសិនបើ​ពុំមាន​រោគសញ្ញា​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ៩ ទៅ​រយៈពេល​ ៣ ​ថ្ងៃ បន្តបន្ទាប់​គ្នា គឺ​នៅ​ថ្ងៃទី​ ៩ ទី​ ១០ និង​ទី​ ១១ និង​ពុំ​តម្រូវ​ឱ្យ​ធ្វើ​​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ទៀត​ទេ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ទៀតថា​៖ «​អ្នកជំងឺ​​កូវីដ​ ១៩ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​បញ្ចប់​ការព្យាបាល ទោះបី​ត្រូវបាន​លើកលែង​កាតព្វកិច្ច​​ចត្តាឡីស័ក​ក៏ដោយ ប៉ុន្តែ​ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន ដោយ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣កុំ និង​៣ការពារ​ឱ្យបាន​»៕