The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្ត​សៀមរាប សម្រេច​បាន​ជិត​ ៨៤ ​ភាគរយ




គម្រោង​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្ត​សៀមរាប សម្រេច​បាន​ជិត​ ៨៤ ​ភាគរយ

Content image - Phnom Penh Post
ទិដ្ឋភាព​ផ្លូវ​ ១ ​ខ្សែ​នៅ​ខេត្តសៀមរាប​ដែល​ទើប​សាងសង់​។ គម្រោង​ផ្លូវ ៣៨ ​ខ្សែ​នៅ​ខេត្តសៀមរាប ត្រូវបាន​សាងសង់ និង​ជួសជុល សម្រេចបាន​ជិត​ ៨៤ ​ភាគរយ​ហើយ។ រូបថត ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន

គម្រោង​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្ត​សៀមរាប សម្រេច​បាន​ជិត​ ៨៤ ​ភាគរយ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​ ២៥ ខែតុលា បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​ត្រួតពិនិត្យ​គុណភាព​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ផ្លូវ ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង​សរសៃដែក​រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ ការសាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹកកខ្វក់​ និង​ការងារ​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់ ចំនួន​ ៣៨ ​ខ្សែ នៅក្នុង​ខេត្តសៀមរាប ដែល​សម្រេចបាន​ជិត​ ៨៤ ​ភាគរយ​ក្នុង​រយៈពេល​ ១១ ​ខែ​កន្លងមក ហើយ​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ​នៅ​ចុងខែ​ធ្នូ​។

លោក​ថ្លែងថា​៖ «​ការចុះ​ពិនិត្យ​នេះ​ក៏​ក្នុង​គោលបំណង​ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​រួម និង​ផ្តល់​គោលការណ៍ ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ជំរុញ​ឱ្យ​អង្គភាព​សាងសង់ អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដា ដែល​អាច​ទទួល​យក​បាន​ពោលគឺ​ធ្វើ​​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​»​។

លោក​បន្តទៀតថា ការងារ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​បាន​ប្រឈម​នឹង​ការរាំងស្ទះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​កម្មករ ក៏​ដូច​អ្នកអនុវត្ត​មាន​ការលំបាក​ក្នុង​ការងារ​ប្រតិបត្តិការ​។ ទន្ទឹមនឹងនេះ ពេលវេលា​សម្រាប់​ការសាងសង់​មាន​រយៈពេល​ខ្លី ក្រុម​ការងារ​ត្រូវ​ពុះពារ​ធ្វើការ ទាំង​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ មាន​ការលំបាក​ក្នុង​ការងារ​សាងសង់​។

លោក ចាន់ថុល ថ្លែងថា​៖ «​ទោះជា​យ៉ាងនេះ​ក្តី ដោយមាន​ការតាំង​ចិត្ត​ខ្ពស់​ពី​ក្រុមការងារ​ជំនាញ និង​ការជំរុញ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ ផ្លូវ​ទាំង ៣៨ ​ខ្សែ កំពុង​ត្រូវបាន​បន្ត​ការស្ថាបនា សម្រេចបាន​លឿន​ជាង​ផែនការ​កំណត់​បន្តិច និង​សង្ឃឹមថា ក្រុង​សៀមរាប​នឹង​ត្រូវ​បាន​ប្តូរ​មុខមាត់​ថ្មី នៅក្នុង​ចុងឆ្នាំ​នេះ​ជាមួយ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ​ប្រណីត​ស័ក្តិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​របស់​កម្ពុជា​»​។

Content image - Phnom Penh Post
លោក ស៊ុន ចាន់ថុល ពិនិត្យ​បច្ចេកទេស​គុណភាព​ផ្លូវ​។ រូបថត MPWT

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែតុលា វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ ឬ​រយៈពេល​ជាង​ ១១ ​ខែ​សម្រេច​បាន​ ៨៣,៨៧% ​ដែល​គម្រោង​នេះ​គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ ខាងមុខនេះ​។

គម្រោង​សាងសង់​ផ្លូវ​ចំនួន ​៣៨ ​ខ្សែ​ ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង​សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជា​ទីក្រុង​ដ៏ទំនើប​ពោរពេញ​ដោយ​សោភណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ឱ្យ​ស័ក្តិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​នោះ មាន​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់​រួមមាន ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ ការងារ​ដំឡើង​ភ្លើង សញ្ញា​ចរាចរណ៍ និង​ការងារ​ដាំ​ដើមឈើ​៕

អត្ថបទគួរចាប់អារម្មណ៍