បន្ទាយមានជ័យ/កោះកុងៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាននិងកំពុង​បន្ត​នីតិវិធី​សួរនាំ​ជនសង្ស័យ​ចំនួន ៣ ​នាក់ ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជាង ២៥ ​គីឡូក្រាម ខណៈ​តុលាការ​ខេត្តកោះកុង​បាន​ធ្វើការ​ចោទប្រកាន់​ជន​ ៨ ​នាក់ ​(​ខ្មែរ​ ៦ ​នាក់​ថៃ​ ២ ​នាក់​) ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជាង​ ២០០ ​គីឡូក្រាម​។

លោក សំរិទ្ធិ សុខុន អ្នកនាំពាក្យ​អយ្យការ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ​តុលា ថា សំណុំ​រឿងនេះ​កំពុង​ស្ថិត​នៅក្នុង​ដៃ​តំណាង​អយ្យការ ដោយ​មិនទាន់បាន​បញ្ជូនទៅ​ចៅក្រម​នៅឡើយ​ទេ​។ លោក​ពន្យល់ថា ពាក់ព័ន្ធ​នឹង​ករណីនេះ មាន​ស្ថានភាព​ស្មុគស្មាញ​ទៅលើ​វត្ថុតាង​មួយចំនួន​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក គង់ សំសារ៉េត កំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​ម្តងៗ​។

លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ថ្លែងថា ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​មិនមាន​អ្វី​អត្ថាធិប្បាយ​ទេ ព្រោះ​លោក​បាន​ធ្វើ​របាយការណ៍​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​រួចហើយ​កិច្ចការ​បន្ទាប់​គឺជា​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​ ១) កាលពី​ថ្ងៃទី​ ២២ តុលា ឆ្នាំ​ ២០២១ បាន​ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៣ នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។ ជន​ទាំងនោះ ១ ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ (​គ្មាន​លិខិតឆ្លងដែន​) ២ ឈ្មោះ លាង ម៉ាប់ ហៅ​ ទូច ភេទ​ប្រុស អាយុ ៤៥ ​ឆ្នាំ ជនជាតិខ្មែរ និង ៣ ឈ្មោះ ឡុង សុឡេង ភេទ​ស្រី អាយុ ៣៥ ​ឆ្នាំ ជនជាតិខ្មែរ​ និង​បាន​រឹបអូស​គ្រឿងញៀន ២៥ គីឡូក្រាម​។

មុននឹង​ឈានដល់​ការបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក ១) សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប សម្របសម្រួល​ដោយ​លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​លោក ថេង សំណាង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ខេត្តសៀមរាប​បាន​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ ៣ ​ចំណុច​ផ្សេងគ្នា​ជា​បន្តបន្ទាប់​។

ទី​១ នៅ​ចំណុច​ក្រោម​ដើម​ស្វាយ​ប្រហែល​ ១០ ​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​ ៥៩ (​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩ ​និង​ ១០) ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ទី​២ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ បុរី​អចលនទ្រព្យ​អង្គរ ភូមិ​គោក​ត្នោត ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ទី​៣ នៅ​លំនៅឋាន​របស់​ឈ្មោះ លាង ម៉ាប់ ហៅ​ ទូច ស្ថិតនៅ​ក្នុង​ភូមិ​បាលិលេយ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន​សរុប ២៥ ​គ.ក្រ ១០២,៤៣ ​ក្រាម រួមមាន​មេតំហ្វេតាមីន​ (ICE) ២៥ ​កញ្ចប់​ធំ​ ២ ​កញ្ចប់​តូច មេតំហ្វេតាមីន​ (WY) ចំនួន ៧៨៥ ​គ្រាប់​ និង​ជញ្ជីង​ថ្លឹង ១ ​គ្រឿង​។ ទ្រព្យសម្បត្តិ​ដែល​រឹបអូសមាន​រថយន្ត ១ ​គ្រឿង ម៉ាក LANDCRUISER 570 ពាក់​ស្លាក់​លេខ ភ្នំពេញ 2AX-7997 ទូរស័ព្ទដៃ ចំនួន ៦ ​គ្រឿង​លុយ​ខ្មែរ ៧ ៩៥៥ ០០០ ​រៀល លុយ​ថៃ ៤៦ ៣៥០ ​បាត លុយ​ដុល្លារ​ ២៥ ៨៨៥ ​ដុល្លារ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​។

ពាក់ព័ន្ធ​នឹង​បង្ក្រាប​គ្រឿងញៀន​នេះដែរ កម្លាំង​សមត្ថកិច្ច​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ២២ តុលា បាន​បង្ក្រាប​គ្រឿងញៀន​ជាង​ ២០០ ​គីឡូក្រាម​ដែល​ត្រៀម​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដោយបាន​ឃាត់​បាន​មេខ្លោង​ជា​ជនជាតិ​ថៃ​ ២ ​នាក់ និង​កម្មករ​ខ្មែរ​ ៦ ​នាក់​។ វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​មាន​រថយន្ត​ ១ ​គ្រឿង ទូកនេសាទ​ធុន​ធំ​ ១ ​គ្រឿង​កំពុង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង រីឯ​ក្រុម​ជនសង្ស័យ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​នីតិវិធី​៕

វីដេអូ៖