ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី ​២៧​ តុលា​ បើក​ជំនុំជម្រះ​បុរស​ជាប់ចោទ​ម្នាក់​រឿង​ផលិត​គ្រឿងញៀន​ខុសច្បាប់​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​ក្នុង​ឆ្នាំ​ ២០១៦ ​ក្រោយពី​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ២០​ ឆ្នាំ​។

លោក​ចៅក្រម ​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បាន​ថ្លែង​នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៧​ តុលា​ថា​ សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ សេន ដា​យូ​សា ភេទ​ប្រុស​អាយុ​ ៣៤ ​ឆ្នាំ​ ជា​ជនជាតិខ្មែរ​អ៊ី​ស្លាម​។

លោក​បន្តថា​៖ «​តុលាការ​កំពូល​នឹង​ពិភាក្សា​សំណុំ​រឿងនេះ​ ក្រោយ​បញ្ចប់​សវនាការ​ហើយ​លើក​ទៅ​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ៣ ​វិច្ឆិកា​»​។

ជនជាប់ចោទ​ សេន ដា​យូ​សា ​និយាយ​នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ​២៧​ តុលា​ថា ​គាត់​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​នៅពេលនេះ​ ព្រោះ​គាត់​មិន​សុខ​ចិត្តនឹង​សាលាឧទ្ធរណ៍​ដែល​ផ្តន្ទាទោស​គាត់​ដាក់ពន្ធនាគារ​ ២០ ​ឆ្នាំ​។

ជនជាប់ចោទ​ថា​៖ «​រឿងនេះ​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ខ្ញុំ​ជា​អ្នក​ជក់​គ្រឿងញៀន​ទេ​។​ ខ្ញុំ​សូមឱ្យ​តុលាការ​ដោះលែង​ខ្ញុំ​ឱ្យមាន​សេរីភាព​វិញ​»​។

ទោះយ៉ាងណា​លោក ឌុ​ច គឹម​សន តំណាង​មហាអយ្យការ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា ​ឆ្លងតាម​ការសិក្សា​សំណុំរឿង​បង្ហាញថា​ ជនជាប់ចោទ​គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។ បន្ទាប់មក​សមត្ថកិច្ច​ឃាត់ខ្លួន​គាត់ និង​ឱ្យ​គាត់​នាំទៅ​ចាប់​បុរស​ម្នាក់ទៀត​ដែល​ទីតាំង​នោះ​ជា​កន្លែង​ផលិត​គ្រឿងញៀន​។

លោក​ថា​៖ «​ជនជាប់ចោទ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​នោះ​ដោយសារ​ជនជាប់ចោទ​ទិញ​ថ្នាំញៀន​ពី​បុរស​នោះ​។​ ខ្ញុំ​ស្នើសុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាមច្បាប់​»​។

លោក ​នូ ចន្ថា មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា តាម​ការពិត​កូនក្តី​របស់លោក​ជាអ្នកប្រើប្រាស់​គ្រឿងញៀន​ទេ។ ​ប៉ុន្តែ​កូនក្តី​លោក​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ យ៉ុង ចាន់​ហ៊ុយ​យ៉ុង​ យកមក​ជក់​។

លោក​មេធាវី​ថា​៖ «​រឿងនេះ​កូនក្តី​ខ្ញុំ​នាំ​សមត្ថកិច្ច​ទៅ​ចាប់​យ៉ុង ចាន់​ហ៊ុយ​យ៉ុង ​តែ​សមត្ថកិច្ច​បែរជា​ចោទ​កូនក្តី​ខ្ញុំ​ថា​ជា​អ្នក​ផលិត​ថ្នាំញៀន​ដែរ​។ ​ខ្ញុំ​ស្នើ​តុលាការ​កំពូល​ដោះលែង​គាត់​វិញ​»​។

បើ​យោង​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ​កាលពី​វេលា​ម៉ោង​ ៣​ ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​ ៤​ ខែ ធ្នូ​ ២០១៦ ​នគរបាល ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​ឈ្មោះ សេន ដា​យូ​សា ហៅ បូ​។ ​ពេលនោះ​សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​បាន​ចំនួន​ ២ ​កញ្ចប់​តូច​ ខណៈ​ជនជាប់ចោទ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ។ ជនជាប់ចោទ​ប្រាប់​សមត្ថកិច្ច​នៅពេល​ចាប់ខ្លួន​ថា ​គេ​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​ យ៉ុង ចាន់​ហ៊ុយ​យ៉ុង ​ជា​ជនជាតិ​វៀតណាម​។

កំណត់ហេតុ​បង្ហាញ​ទៀត​ថា​ បន្ទាប់ពី​ឃាត់ខ្លួន​ គឺ​ជនជាប់ចោទ​បាន​នាំ​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​ឈ្មោះ យ៉ុង ចាន់​ហ៊ុយ​យ៉ុង​ អាយុ​ ៣៨ ​ឆ្នាំ​ បាន​ម្នាក់ទៀត​នៅផ្ទះ​មួយកន្លែង​ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ពេល​នោះដែរ​ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន និង​សារធាតុ​ផ្សំ​មួយចំនួនធំ​ផងដែរ​​។​ដូចជា​សារធាតុ​ម៉េ​តា​ណុល​ចំនួន ១៤ ដប, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ២ ​កញ្ចប់ ធំ , ថ្នាំពេទ្យ​សម្រាប់​កែច្នៃ​ផ្សំ​ជាសារធាតុ​ញៀន​មួយចំនួនធំ, សារធាតុ​ញៀន​ជា​គ្រាប់​ចំនួន​៣​កញ្ចប់​ធំ, គ្រឿងញៀន​ប្រភេទ​ខេ ​(​សម្រាប់ហិត​), ប្រភេទ​ថ្នាំ​គ្រវី​ (​គ្រាប់​)​ គ្រឿងញៀន​ប្រភេទ wy (យ៉ាម៉ា)​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន ១, ឧបករណ៍​សម្រាប់​ជក់ ថ្នាំញៀន​មួយចំនួន​ព្រមទាំងឧបករណ៍​សម្រាប់​កែច្នៃ​សារធាតុញៀន​មួយចំនួនទៀត។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​បើក​ការជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៣ ​សីហា​ ឆ្នាំ ​២០១៧​ ដោយ​ផ្តន្ទាទោស​ឈ្មោះ​ យ៉ុង ចាន់​ហ៊ុយ​យ៉ុង និង​ជនជាប់ចោទ​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ៣០ ​ឆ្នាំ​ ចោទ​បទ​ផលិត​ដោយ​ខុ​ស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​មាត្រា ​៤០​ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

ដោយ​មិន​សុខចិត្ត​ជនជាប់ចោទ​ឈ្មោះ​ សេន ដា​យូ​សា បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​ប្រកាស​សាលដីការ​នៅ​ថ្ងៃទី​ ១៩ ​តុលា ​ឆ្នាំ​ ២០២០​ ស​ម្រ​ច​បន្ថយទោស​ពី​ ៣០​ ឆ្នាំ​មក​ ២០ ​ឆ្នាំ​វិញ​ ដោយ​សំអាងថា​មិនមែនជា​អ្នកប្រព្រឹត្ត​ផ្ទាល់​តែ​ជនជាប់ចោទ​បាន​ទិញ​ថ្នាំពេទ្យ​ឱ្យឈ្មោះ​ យ៉ុង ចាន់​ហ៊ុយ​យ៉ុង​។​ បន្ទាប់ពី​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​មក​ត្រឹម ​២០​ ឆ្នាំ​ក្តី ​តែ​ជនជាប់ចោទ​នៅតែ​មិន​សុខចិត្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​៕​