ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​សម្រេចឱ្យ​មាន​ការបង្កើត ​និង​ការគ្រប់គ្រង​ក្រុមបង្ការ ​និង​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​នៅតាម​សំណង់​ និង​គោល​ដៅ​ដែល​តម្រូវឱ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ ​និង​ពន្លត់​អគ្គិភ័យ ​ព្រមទាំង​ក្រុម​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅតាម​ភូមិ ​និង​សហគមន៍​ក្នុង​ឃុំ​-សង្កាត់។ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ​ក្នុង​ខែ​នេះ។

ប្រកាស​លេខ​ ២៦៤៤ ​ចុះ​ថ្ងៃទី ១៩ ​ខែ តុលា ​ឆ្នាំ ២០២១​ ចុះ​ហត្ថលេខាដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជារដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ ​លោក ​ស ខេង ​មាន ​២៧ ប្រការ។ ប្រកាស​នេះ​ផ្តោត​សំខាន់​លើ​ការពង្រីក​សេវា​គ្រប់គ្រង​ បង្ការ​ទប់ស្កាត ​និង​កាត់បន្ថយ​ឱ្យ​បាន​ជាអតិបរមា​នូវ​ហានិភ័យ​គ្រោះ​មហន្តរាយ ​ដែលបង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​តាម​សហគមន៍​មូល​ដ្ឋាន​ភូមិ​ ឃុំ-​សង្កាត់ ​នៅ​ទូទាំង​ប្រទេស ​តាមរយៈ​ការបង្កើត ​និង​គ្រប់គ្រង​ក្រុមបង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​ និង​ក្រុម​បង្ការ-​ពន្លត់​អគ្គិភ័យ​ស្ម័គ្រ​ចិត្ត។

ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​នេះ ​ជាក្រុម​ជំនួយ​បឋម​ របស់​កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​រាជធានី​-ខេត្ត ​សម្រាប់​ប្រតិបត្តិការ​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៅតាម​សំណង់​គ្រឹះស្ថាន ​និង​គោលដៅ​ដែល​តម្រូវ​ឱ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ​-ពន្លត់​អគ្គិភ័យ ​និង​តាម​សហគមន៍​មូលដ្ឋាន​ភូមិ​ ឃុំ​-សង្កាត់។

យោង​តាម​ប្រការ ៦ ​ប្រការ​ ៧ ​និង​ប្រការ​ ៨ ​នៃ​ប្រកាស​នេះ ​អ្នក​គ្រប់គ្រង​សំណង់ ​ឬ ​គោលដៅ​ដែល​តម្រូវ​ឱ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ​-ពន្លត់​អគ្គិភ័យ ​ត្រូវ​បង្កើត​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​មួយ ​ដែល​មាន​សមាជិក​យ៉ាង​តិច ​៥ នាក់​ឡើង​ទៅ។

ពួក​គេ​ គឺជា​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ការដ្ឋាន​ដ្ឋាន​សំណង់ ​ឬ​សំណង់​អគារ​ គ្រឹះស្ថាន​របស់​ខ្លួន ​និង​ដោយ​មាន​កិច្ច​សហការ​និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គភាព​នគរបាល​បង្ការ ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃ​រាជធានី​-ខេត្ត ​និង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច ​គឺជា​ក្រុម​ជំនួយ​បឋម​សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ ​នៅតាម​សំណង់​ និង​គោលដៅ​ ដែល​តម្រូវឱ្យ​មាន​ប្រព័ន្ធ​បង្ការ​-ពន្លត់​អគ្គិភ័យ។ ​មាន​តួនាទី​ផ្សព្វផ្សាយ ​អប់រំ ​ដល់​សហគមន៍​របស់​ខ្លួន​អំពី​គ្រោះ​អគ្គិភ័យ ​និង​ ជួយ​សង្គ្រោះ​ជីវិត​មុនស្ស ​ទ្រព្យសម្បត្តិ ​និង​ចូលរួម​ជួយ​ពន្លត់​អគ្គិភ័យ ​ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​មន្ត្រី​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៅ​កន្លែង​កើត​ហេតុ។

ប្រការ១០​នៃ​ប្រកាស​នេះ​បញ្ជាក់ថា​៖«ក្នុង​ពេល​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ ​ក្រុម​បង្ការ-​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច ​អាច​សុំ​ជំនួយ​គាំទ្រ​នូវ​ឧបករណ៍​ សម្ភារ ​និង​មធ្យោ​បាយ ​ពី​សប្បុរសជន ​ឬ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

ស្រដៀង​គ្នា​នេះ ​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត ​ក៏ជា​ក្រុម​ជំនួយ​បឋម​សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៅ​តាម​ភូមិ​ ឃុំ​-សង្កាត់ ​ឬ​សហគមន៍​ដែល​ពួកខ្លួន​រស់នៅ ​ហើយ​តួនាទី​និង​ភារកិច្ច​ទទួល​ខុសត្រូវ​របស់​ពួកគេ​ គឺ​ដូចគ្នា​ទៅ​នឹង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​ផង​ដែរ។

ប៉ុន្តែ​ការបង្កើត ​និង​គ្រប់គ្រង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ គឺ​ជាភារកិច្ច​ទទួល​ខុសត្រូវ​របស់​រដ្ឋបាល​ឃុំ-​សង្កាត់ ​ក្រោម​កិច្ចសហការ​និង​គាំទ្រ​ផ្នែក​បញ្ចេកទេស​ពី​រដ្ឋបាល ​ស្រុក​-ខណ្ឌ ​និង​ពី​អង្គភាព​នគរបាល ​បង្ការ ​ពន្លត់​អគ្គិភ័យ ​និង ​សង្គ្រោះ​នៃ​រាជធានី​-ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស។ ​

«ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត ​ត្រូវ​រៀបចំ​ឡើង​ដោយ​ជ្រើសរើស​យក​ជន​ដែល​មាន​អាយុ​យ៉ាង​តិច​១៨ឆ្នាំ ​មាន​កាយ​សម្បទា ​និង​សុខភាព​មាំមួន ​និង ​ជាប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍​មូលដ្ឋាន ​ភូមិ​ ឃុំ​-សង្កាត់​របស់​ខ្លួន» នេះ​បើ​យោង​តាម​ប្រការ១៦​នៃ​ប្រកាស​នេះ។

យ៉ាងណា​ក៏ដោយ ​ប្រកាស​ស្ដីពី​ «ការបង្កើត​និង​គ្រប់​គ្រង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច ​និង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត» ​មិនមាន​ប្រការ​ណាមួយ ​ដែល​និយាយ​អំពី​ការចាត់​វិធានការ ​ដាក់​ពិន័យ​ទៅលើ​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​សំណង់ ​និង​ គោលដៅ​ដែល​តម្រូវឱ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ​-ពន្លត់​អគ្គិភ័យ ​ឬ ​រដ្ឋបាល​ឃុំ-​សង្កាត់ ​ទាំងឡា​យណា ​ដែលមិន​អនុវត្ត​បង្កើត​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច ​និង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ នៅតាម​អង្គភាព​ ឬ​ស្ថាប័ន​របស់​ខ្លួន​នោះ​ទេ។

ដូចគ្នា​នេះ​ដែរ ​ក៏មិន​បាន​ចែង​អំពី​ការដាក់​ពិន័យ ​ទៅលើ​បុគ្គល​នៃ​ក្រុមបង្កា​រ-ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច ​និង​ក្រុម​បង្ការ​-ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត ​ដែលបាន​ប្រព្រឹត្ត​ផ្ទុយ​ពី​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ​ដែលបាន​ចែង​នៅ​ក្នុង​ប្រកាស​នេះ​ដែរ។

ជុំវិញ​ករណី​នេះ ​លោក​នេត វន្ថា ​ប្រធាន​នាយកដ្ឋាន ​បង្ការ​-ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ប្រកាស​នេះ​ធ្វើឡើង ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ ​រួមទាំង​វិស័យ​ឯកជន​ ចូល​រួម​សហការ ​ជាមួយ​កម្លាំង​នគរបាល​បង្ការ​-ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត ​ក្នុង​ការ​បង្ការ ​ទប់​ស្កាត់ ​និង​កាត់បន្ថយ​នូវ​ហានិភ័យ​គ្រោះ​មហន្តរាយ ​ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា។

លោក​បញ្ជាក់ថា​៖«ក្នុង​តំណាក់​កាល​នេះ ​យើង​មិនអាច​ដាក់​បញ្ចូល ​នូវ​ទោស​ប្បញ្ញត្តិ​ណាមួយ ​នៅ​ក្នុង​ប្រកាស​នេះ​បាន​ទេ​ ព្រោះ​យើង​ត្រូវការ​អ្នក​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​ជាពិសេស​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ ភូមិ ​ឃុំ-​សង្កាត់ ​និង​វិស័យ​ឯកជន ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ ​សុវត្ថិភាព ​សន្តិសុខ​សង្គម»។

ទន្ទឹម​នឹងនេះ​លោក​បង្ហាញ​ពី​ក្ដី​រំពឹង​ថា ​ការខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ​នឹង​ថយចុះ ​នៅពេល​ប្រជាពលរដ្ឋ ​និង​ វិស័យ​ឯកជន ​យល់​ច្បាស់​ពី​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ​និង​ចូលរួម​អនុវត្ត​តាម​ប្រកាស​នេះ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ។

ក្នុង​រយៈពេល​ ៩ ខែ​នៃ​ឆ្នាំ ២០២១ ​នេះ ​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន​៤៩០លើក ​បណ្ដាលឱ្យ​មនុស្ស​ ១៩ នាក់​ស្លាប់ ​និង ​១៩ នាក់​ទៀត​រង​របួស។ ឆេះ​ខូចខាត​ផ្ទះ​ទាំង​តូច​ទាំង​ធំ​សរុប​ចំនួន​ ៣៥១ ខ្នង ​និង​តូប​លក់ដូរ ​ចំនួន ​២៣១ តូប។ បើ​ធៀប​ទៅ​ រយៈពេល​៩ខែ​ដូចគ្នា​កាលពី​ឆ្នាំ​មុន ​មាន​ការថយ​ចុះ​ចំនួន​ ៣៤៨ លើក។

ក្នុង​រយៈពេល​ ៩ ខែ ​ឆ្នាំ ២០២០​ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​៨៣៨លើក ​បណ្ដាលឱ្យ​មនុស្ស ​២៣នាក់​ស្លាប់ ​និង​៣៩នាក់​ទៀត​រង​របួស។ ឆេះ​ខូចខាត​ផ្ទះ​ទាំង​តូច​ទាំង​ធំ​សរុប​ចំនួន​៦៣៤ ខ្នង ​និង​តូប​លក់ដូរ​ចំនួន​ ២៧១ តូប។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន ​បង្ការ​-ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​រសៀល​ថ្ងៃ​ទី ២៧ ​ខែ តុលា ​ឆ្នាំ​ ២០២១៕