ស្វាយរៀងៈ ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​ ២៧​ បានចាប់ផ្ដើម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ ករណីចាប់​បង្ខាំង​ជនជាតិ​វៀតណាម​ប្រុស​ស្រី​១៣​នាក់​នៅ​កា​ស៊ីណូ​មួយ​ក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង​ ក្រោយពីសមត្ថកិច្ចសង្គ្រោះបាន ហើយ​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ភាគី​វៀតណាម​វិញ​កាលពី​ថ្ងៃទី​ ២៦​ តុលា​។

លោក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ២៧​ តុលា​ថា​ ​សំណុំរឿង​បង្ខាំង​ជនជាតិ​វៀតណាម​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ជនសង្ស័យ​។ ចំពោះ​មូលហេតុ​យ៉ាងណា​នោះ​កំពុងស្ថិត​ក្នុងការ​ស្រាវជ្រាវ​។

លោកថ្លែងថា​៖«​រឿងនេះ​យើង​កំពុងតែ​ស្រាវជ្រាវ​បន្តទៀត​»​។

លោក​បញ្ជាក់ថា ចំពោះ​ជនរងគ្រោះ​ទាំង​ ១៣ ​នាក់ ​(​ស្រី​ ២​ នាក់​)​មាន​អាយុ​ចន្លោះ​ពី​ ១៦ ​ឆ្នាំ​ដល់​ ២៩ ​ឆ្នាំ​។​ ពួកគេ​រស់នៅក្នុង​ខេត្ត​ឡុង​អាង ខេត្ត​តៃនិញ និង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្វាយរៀង​ប្រគល់ជូន​ភាគី​វៀតណាម​កាលពី​ថ្ងៃទី​ ២៦ ​តុលា​។​

យោងតាម​ផេ​ក​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​ដែល​បង្ហោះ​សារ​នៅ​ថ្ងៃទី​ ២៧ ​តុលា​ បានសរសេរថា ​ការរំដោះ​ក្រុម​ជនរងគ្រោះ​បាន​នេះ​ដោយ​យោងតាម​បណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​។

នៅ​ថ្ងៃទី ​២៥​ តុលា​ ដោយមាន​ការដឹកនាំ​សម្របសម្រួល​ដោយ លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្វាយរៀង​ក៏បាន​ចុះ​រំដោះ​ក្រុម​ជនរងគ្រោះ​បាន​​នៅ​កាស៊ីណូ​ឈ្មោះ ​ម៉ុក​បាយ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ នៅ​ថ្ងៃទី ​២៦ ខែ តុលា ឆ្នាំ​ ២០២១ កម្លាំង​កងរាជអាវុធហត្ថ​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បានប្រគល់​ជនរងគ្រោះ​ចំនួន ១១​ នាក់ ​(​ស្រី​ ២​ នាក់​)​ទៅឱ្យ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​តៃនិញ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​បាវិត​ម៉ុក​បាយ​។​ ដោយឡែក​ជនជាតិ​វៀតណាម​ចំនួន​ ២ នាក់​ភេទ​ប្រុស ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ស្របច្បាប់​គឺ​សមត្ថកិច្ច​អាវុធហត្ថ​បានធ្វើ​ការអប់រំ និង​ប្រគល់ឱ្យ​ឪពុកម្តាយ​ពួកគេ​យក​ត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​រាជធានី​ភ្នំពេញ​វិញ​៕​

វីដេអូ៖