ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​សម្រេច​ឱ្យ​កម្មករនិយោជិត​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ប្រចាំឆ្នាំ​ ២០២២ ដោយមាន​ប្រាក់​ឈ្នួល​រយៈពេល​ ២១ ​ថ្ងៃ​ដូចគ្នា​នឹង​ឆ្នាំ​ ២០២១ ​ដែរ​។

យោងតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ​ ២០២១ បាន​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​នៃ​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​មានចែង​ក្នុង​មាត្រា ១ នៃ​ច្បាប់​ការងារ​បាន​ឈប់​សម្រាក​ពី​ការងារ​ដោយមាន​ប្រាក់​ឈ្នួល​ទៅ​តាម​ប្រតិទិន​រយៈពេល ២១ ថ្ងៃ​នៃ​ថ្ងៃបុណ្យ​សម្រាប់​ឆ្នាំ ២០២២​។

លោក អ៊ិត សំហេង សរសេរ​ថា​ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយ​ណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ​នឹង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុង​ពេល​តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ ដោយ​ផ្លាស់ប្ដូរ​គ្នា​។

លោក សំហេង បាន​បញ្ជាក់​នៅក្នុង​សេចក្តី​សម្រេច​នេះ​ថា ក្នុង​ករណី​មាន​ការព្រមព្រៀង​គ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​នៅក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករ​និយោជិត​អាចអនុវត្ត​នៅពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុសពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកាស​នេះ​។

លោក សំហេង សរសេរ​ថា​៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ដែល​ត្រូវ​ផ្លាស់ប្តូរ​គ្នា​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​នីមួយៗ ហើយ​រក្សាទុក​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​»​។

បើតាម​លោក សំហេង ក្នុង​អំឡុងពេល​នៃ​ការឈប់​សម្រាក​ដោយ​ផ្លាស់ប្ដូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អាច​ប្រើប្រាស់ កម្មករនិយោជិត​ផ្សេង​ជា​បណ្ដោះអាសន្ន​មក​ជំនួស​កម្មករនិយោជិត​ដែល​បាន​ឈប់សម្រាក​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ ២០២១ ដោយ​ទូរស័ព្ទ​របស់លោក​ហៅចូល​ហើយ គ្មាន​អ្នកលើក​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​ ២០២១ ឱ្យ​ដឹងថា ជា​រៀងរាល់​ឆ្នាំ កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​បាន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ស្របតាម សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​កម្មករ​មួយចំនួនទៀត​ក៏​បាន​ធ្វើកា​ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់​សម្រាក​នេះ​ផងដែរ​។

លោក​បន្តថា ចំពោះ​ការធ្វើ​ការងារ​ថែម​ម៉ោង​នេះ​ត្រូវ​បាន​ម្ចាស់​រោងចក្រ​បើកប្រាក់​គុណ​នឹង ២ ដង​ចំពោះ​រោងចក្រ​ណា​ដែលមាន​សហជីព និង​ក្រុមហ៊ុន​ណា​ដែល​គេ​គោរព​តាមច្បាប់ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំនួន​មិន​មាន​ប្រាក់​បន្ថែម​ទេ ដូចជា អ្នកធ្វើការ​ក្នុង​វិស័យ​សំណង់ និង​រោងចក្រ​មួយចំនួន ដែល​នេះ វា​ផ្ទុយទៅនឹង​ច្បាប់​។

លោក​ថា​៖ «​ឈប់​ឆ្នាំនេះ ដូច​ឆ្នាំមុន​ដែរ ព្រោះ​គេ​កាត់​បុណ្យជាតិ ៧ ​ថ្ងៃ​ហើយ នៅសល់​តែ​ ២១ ​ថ្ងៃ ហើយ​ថ្ងៃបុណ្យ​ចំ​ថ្ងៃអាទិត្យ​ចំនួន​ ២ ​ថ្ងៃ ក្នុង​ ១ ​ឆ្នាំ​ក៏​គេ​កាត់ចោល​ដែរ ដែល​នេះ​ធ្វើឱ្យ​កម្មករ​ខាតបង់​ក្នុង​ ១ ​ខែៗ ជាង ៥ ដុល្លារ​»៕

វីដេអូ៖