ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​របាយការណ៍ ឱ្យដឹងថា ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​លើ​ការងារ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​រដូវវស្សា​ឆ្នាំ​ ២០២១ មាន​ដំណាំ​ស្រូវ​ចំនួន​ ២៤៨ ៥០០ ​ហិកតា ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ និង​ចំនួន​ ៧៣ ៤១៧ ​ហិកតា ប៉ះពាល់​ដោយ​ទឹកជំនន់​។

រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​​ ២៦ តុលា អំពី​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​រដូវវស្សា​ឆ្នាំ​ ២០២១ និង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​គិត​មកទល់​ថ្ងៃទី​ ២៥ ខែតុលា​នេះ ​បាន​បង្ហាញថា ដំណាំ​ស្រូវ​ផ្ទៃដី​ដាំ​ដុះ​អនុវត្តបាន​ចំនួន​ ២ ៩០១ ៦០៥ ​ហិកតា ស្មើនឹង​ ១១១,២១% នៃ​ផែនការ​ចំនួន​ ២ ៦០៩ ០៦៥ ​ហិកតា​។ ផ្ទៃដី​ប្រមូលផល​មាន​ចំនួន ​៥៨៨ ៤៧៣ ​ហិកតា ស្មើនឹង​ ២០,២៨% នៃ​ផ្ទៃដី​អនុវត្ដ​។ ​ទិន្នផល​ជា​មធ្យម​ទទួលបាន​ចំនួន​ ៤ ​តោន​ក្នុង​ ១ ​ហិកតា និង​បរិមាណ​ផល​មាន​ចំនួន ២ ៣៥៣ ៤៥៨ ​តោន​។

ចំណែក​ការងារ​បង្កបង្កើនផល​ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី ផ្ទៃដី​ដាំដុះ​អនុវត្តបាន​ចំនួន ​៥៩ ៨៤០ ​ហិកតា ស្មើនឹង​ ១០៨,៨៧% នៃ​ផែនការ​ចំនួន​ ៥៤ ៩៦៦ ​ហិកតា​។ រីឯ​ដំណាំ​ឧស្សហកម្ម​រយៈពេល​ខ្លី​ផ្ទៃដី​ដាំដុះ​អនុវត្ត​បាន​ចំនួន​ ៧៨២ ៩៦២ ​ហិកតា​ស្មើនឹង​ ៩៥,៥៣% ខែមករា​ចំនួន​ ៨១៩ ៦២៩​ ហិកតា​។ ​បើតាម​របាយការណ៍ ការងារ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​រដូវវស្សា​ឆ្នាំនេះ ក៏​រង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ដូចជា​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ សត្វ​ចង្រៃ និង​ជំងឺ​ផងដែរ​។ របាយការណ៍​ឱ្យដឹងថា ការងារ​បង្កបង្កើនផល​កសិកម្ម​រដូវវស្សា​បាន​ជួបប្រទះ​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​លើ​ផ្ទៃដី​សរុប​ចំនួន​ ៣៤៣ ៨៦១ ​ហិកតា​។ ផ្ទៃដី​ខូចខាត​សរុប​ចំនួន​ ៨០ ១០១ ​ហិកតា​។ ផ្ទៃដី​បាន​ស្ដារឡើងវិញ​សរុប​ចំនួន​ ២៣ ៨៤២ ​ហិកតា និង​ផ្ទៃដី​ខូចខាត​ទាំងស្រុង​សរុប​ចំនួន ៣ ០៧៤​ ហិកតា​។

«​ក្នុងនោះ​ដំណាំ​ស្រូវ​គ្រោះរាំងស្ងួត​បាន​បង្ក​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​ ២៤៨ ៥០០ ​ហិកតា​។ ផ្ទៃដី​ខូចខាត​សរុប​មាន​ចំនួន​ ៣៤ ៣៧៩ ហិកតា និង​ផ្ទៃដី​បាន​ស្តារឡើងវិញ​ចំនួន​ ២៣ ៦២៣ ​ហិកតា​។ ចំណែក​គ្រោះទឹកជំនន់​ក៏​បាន​បង្ក​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​ ៧៣ ៤១៧ ​ហិកតា​ផងដែរ​។ បណ្ដាលឱ្យ​ខូចខាត​លើ​ដំណាំ​ស្រូវ​ផ្ទៃដី​ចំនួន​ ៤០ ៩៧៤ ​ហិកតា និង​ផ្ទៃដី​បាន​ស្ដារឡើងវិញ​មាន​ចំនួន​ ២០៤ ​ហិកតា​»​។ បើតាម​របាយការណ៍​។

ចំណែក​ដំណាំ​សាកវប្បកម្ម គ្រោះទឹកជំនន់​បាន​ក៏បង្ក​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​ ៦១៤ ​ហិកតា​។ បណ្ដាលឱ្យ​រង​ការខូចខាត​លើ​ផ្ទៃដី​ចំនួន​ ២០៣ ​ហិកតា​។ ចំពោះ ដំណាំ​ឧស្សាហកម្ម​វិញ គ្រោះរាំងស្ងួត​បាន​បង្ក​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​ ៤ ៩៤២ ​ហិកតា​។ ​ផ្ទៃដី​ខូចខាត​ចំនួន​ ២៧៩ ​ហិកតា​។ ​ហើយ​គ្រោះទឹកជំនន់​ក៏​បាន​បង្ក​ផលប៉ះពាល់​ដំណាំ​ឧស្សាហកម្ម​នេះ​លើ​ផ្ទៃដី​ចំនួន​ ១២ ៨៧៨ ​ហិកតា​។ ផ្ទៃដី​ខូចខាត​សរុប​ចំនួន​ ៤ ២៤៩ ​ហិកតា និង​សត្វ​ចង្រៃ និង​ជំងឺ​ក៏​បាន​បង្ក​ផលប៉ះពាល់​ដល់​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម​នេះ​ចំនួន ៣ ៥១០ ​ហិកតា​ផងដែរ​។ ក្នុងនោះ​រង​ការខូចខាត​លើ​ផ្ទៃដី​ចំនួន​ ១៧ ​ហិកតា និង​ផ្ទៃដី​ដែល​បាន​ស្ដារឡើងវិញ​មាន​ចំនួន​ ១៥ ​ហិកតា​។

លោក វេង សាខុន បានឱ្យ​ដឹងថា តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ផលិតផល​កសិកម្ម​មាន​សម្ទុះ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ហើយក៏​បាន​បំពេញ​សេចក្តី​ត្រូវការ​ក្នុងស្រុក និង​បាន​ឈានទៅ​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជា​បណ្តើរ​ដោយបាន​ប្រកាន់​យក​នូវ​ការអនុវត្ត​តាម​អភិក្រម​ «​រដ្ឋ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​»​។

លោក​បញ្ជាក់ថា​៖ «​ជាក់ស្តែង​នៅ​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ផលិតផល​កសិកម្ម​សរុប​ចំនួន​ ១៣ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​បាន​ធ្វើការ​នាំចេញ​បាន​ចំនួន​ ៤ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​ក្រសួង​មាន​ក្តីសង្ឃឹម​ថា​ផលិតផល​កសិកម្ម​សរុប​នឹងមាន​ទំហំ​ធំ​ជាង​ឆ្នាំ​ ២០២០ ​ដែល​យើង​ទទួលបាន​។ ដោយឡែក​ការនាំចេញ​កសិផល​សម្រាប់​ ៩ ​ខែ ឆ្នាំ​ ២០២១ ​មាន​ចំនួន​ជាង​ ៦ ​លាន​តោន​ដែល​តម្លៃ​ស្មើនឹង​ ៣,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​»​។

លោក វេង សាខុន ក៏​ទទួលស្គាល់​ផងដែរ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បាននិង​កំពុង​ជួបប្រទះ​នៅក្នុង​វិស័យ​មួយ​នេះ​ដែល​ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការកែលម្អ និង​ដោះស្រាយ​។ ​បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន បម្រែបម្រួល អាកាសធាតុ​ជាពិសេស​គ្រោះមហន្តរាយ​ដែល​បានកើត​ឡើងជា​រៀងរាល់ឆ្នាំ​ទាក់ទង​ទៅនឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​។

លោក​បន្តថា ស្ថានភាព​កសិកម្ម​កម្ពុជា​កំពុង​ស្ថិតនៅ​ជា​លក្ខណៈ​កសិកម្ម​ខ្នាតតូច និង​មាន​លក្ខណៈ​ប្រពៃណី (​ជា​ទម្លាប់​) ហើយ​ការរីករាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ​បាន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ខ្ពស់​។ ចំណែក​ធាតុ​ចូល​កសិកម្ម​នៅមាន​តម្លៃ​ខ្ពស់​សម្រាប់ធ្វើ​ការដាំដុះ​ការចិញ្ចឹម​សត្វ និង​ការធ្វើ​វារីវប្បកម្ម​នៅមាន​តម្លៃ​ខ្ពស់​រួមទាំង​ការកែច្នៃ​កសិផល​ហើយ​ត្រូវ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​កសិកម្ម​នាំចូល​ពី​ក្រៅ​ប្រទេស​។

លោក​បន្តថា​៖ «​ធនធាន​មនុស្ស​ថវិកា​ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅមានកម្រិត​នៅឡើយ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ ដែលមាន​លទ្ធភាព​ជួយ​ដល់​កសិករ​បាន​ទទួល​ផល​ពី​គម្រោង​ប្រមាណ​ជា​ ១,២ ​លាន​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​កសិករ​ដែល​មាន​នាពេល​បច្ចុប្បន្ន​ចំនួន​ជាង​ ៤ ​លាន​នាក់​កំពុង​បំពេញ​ការងារ​លើ​វិស័យ​កសិកម្ម​»​។

លោក វេង សាខុន ថ្លែងថា ការបោះ​ទុនវិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​របស់​វិស័យ​ឯកជន​នៅមានកម្រិត​នៅឡើយ ហើយ​នៅមាន​ការជាប់​របាំង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទាក់ទង​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​ពី​បណ្តា​ប្រទេស​បញ្ជា​ទិញ​កសិផល​ថែមទៀត បើទោះបី​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​យ៉ាងណាក៏ដោយ​។

លោក ថេង សារឿន ប្រធាន​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ថ្លែង ដោយ​សង្កេតឃើញ​ថា ក្រសួង​ជំនាញ​នៅតែ​មាន​ការខ្វះចន្លោះ​លើ​ការគិតគូរ​ចំពោះ​បញ្ហា​គ្រោះធម្មជាតិ​តាម​រដូវ ដូចជា គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ដែល​កើតឡើង​ជា​រៀងរាល់ឆ្នាំ​។

លោក​ថ្លែងថា​៖ «​បញ្ហា​គ្រោះធម្មជាតិ​នេះ គឺជា​បញ្ហា​ចំពោះមុខ​ដែល​ត្រូវមាន​ការជំរុញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការស្វែងរក​ដំណោះស្រាយ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ពិសេស​ទាក់ទង​នឹង​ការបង្កបង្កើន​ផល​ស្រូវ​បណ្ដេញ​ទឹក និង​ស្រូវប្រាំង គឺ​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ពលរដ្ឋ​បាន​យល់ច្បាស់​អំពី​បច្ចេកទេស​ក្នុង​ការដាំ និង​ភូមិសាស្ដ្រ​ដែល​អាច​បង្កបង្កើនផល​ស្រូវ​ប្រភេទ​នេះ​បាន​ចំណុច​នេះ​ក៏​ជាហេតុ​ជួយ​ពលរដ្ឋ​ឱ្យ​ចៀស​ផុតពី​គ្រោះធម្មជាតិ​បាន​ច្រើន​ដែរ​»៕