ភ្នំពេញៈ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (​គ.ស.ម.ក) ​សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ (OHCHR) នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​ថ្ងៃទី​ ២៨ តុលា «​ស្តីពី​ទស្សនវិស័យ​នៃ​សេចក្តីព្រាងច្បាប់ បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​តាម​គោលការណ៍​ទីក្រុង​ប៉ារីស​» ដើម្បី​ចែករំលែក​បទពិសោធ និង​ប្រមូលធាតុ​ចូល​នានា​សម្រាប់​ការបង្កើត​ស្ថាប័ន​ជាតិ​មួយ​នេះ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ស.ម.ក លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ គ.ស.ម.ក និង​លោកស្រី Pauline Tamensis អ្នកសម្របសម្រួល អង្គការ​សហប្រជាជាតិ​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​។ សិក្ខាសាលា​ដែល​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ម៉ោង​ ៨ ព្រឹក​ថ្ងៃទី​ ២៨ ​តុលា នៅ​ទីស្នាក់ការ គ.ស.ម.ក តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

សិក្ខាសាលា​នេះ​មាន​សិក្ខាកាម​ចូលរួម​ ៨០ ​នាក់​មកពី​តំណាង​ស្ថានទូត​នានា ប្រចាំ​កម្ពុជា សមាជិក​គណៈកម្មការ​អន្តររដ្ឋាភិបាល សិទ្ធិមនុស្ស​អាស៊ាន តំណាង និង​មន្ដ្រី​នៃ​អង្គការ​អន្តរជាតិ​នានា ប្រធាន និង​មន្ត្រី​នៃ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក ប្រធាន និង​ស្នងការ​នៃ​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​នៃ​ប្រទេស​ម៉ាឡេស៊ី ស្នងការ និង​មន្ត្រី​នៃ​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ប្រទេស​ហ្វីលីពីន មន្ត្រី OHCHR និង​សមាជិក​សមាជិកា​ព្រមទាំង​មន្ត្រី​នៃ គ.ស.ម.ក។

លោក កត្តា អ៊ន សមាជិក និង​ជា​អ្នកនាំពាក្យ គ.ស.ម.ក ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ​នៅ​ថ្ងៃទី​ ២៧ តុលា​ថា សិក្ខាសាលា​ថ្នាក់​តំបន់​នេះ សម្រាប់​ផ្ដល់​ធាតុ​ចូល​ទៅលើ​សេចក្ដី​ព្រាងច្បាប់​នៃ​ការបង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ភាគី​ទាំងអស់ ដូច​មាន​រៀបរាប់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ គឺជា​អ្នក​នាំមុខ​សម្រាប់​ធ្វើដំណើរ​ទៅមុខ ដោយ​ធ្វើយ៉ាងណា​ប្រមូល​ធាតុ​ចូល ទៅក្នុង​សេចក្ដីព្រាងច្បាប់​ដើម្បីឱ្យ​សេចក្ដី​ព្រាងច្បាប់​ក្លាយជា​សេចក្ដី​ព្រាងច្បាប់​ដែល​ល្អ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​លើ​កិច្ចការ​សិទ្ធិមនុស្ស និង​មាន​គុណប្រយោជន៍​សម្រាប់​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​សិក្ខា​សាលា​នេះ​យើង​ចាប់ផ្ដើម​ធ្វើជា​សិក្ខា​សាលា កិច្ចប្រជុំ ពិគ្រោះ​យោបល់ តូចៗ ជាមួយ​អង្គការ​សង្គម​ស៊ីវិល សហជីព អ្នកសារព័ត៌មាន គណបក្សនយោបាយ ភាគី​ពាក់ព័ន្ធ និង​ក្នុង​រដ្ឋាភិបាល​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋសភា ព្រឹទ្ធសភា និង​តុលាការ​ផងដែរ​»​។

តាម​ការគ្រោងទុក​សិក្ខាសាលា​នេះ មាន​វាគ្មិន​ជាច្រើន​មកពី​តាម​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​នៃ​ប្រទេស​ហ្វីលីពីន ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​នាំមុខ​ក្នុង​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​តំណាង​មកពី​គណៈកម្មការ​អន្តរដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន ស្ថានទូត និង​អង្គការ​ផ្សេងទៀត គឺ​នឹង​បាន​ទទួល​ធាតុ​ចូល​សំខាន់ៗ និង​រំពឹងទុក​ថា នឹង​ធ្វើឱ្យ​សេចក្ដី​ព្រាងច្បាប់​នេះ កាន់តែ​មាន​ភាពប្រសើរ​ឡើង និង​មាន​ស្ដង់ដា​អន្តរជាតិ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​កើតឡើង​ជា​ស្ថាប័ន​ដែល​ត្រូវបាន​ទទួលស្គាល់ និង​មាន​ចំណាត់ថ្នាក់​ល្អ​។

លោក​បញ្ជាក់ថា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​ ២០២១ មក គ.ស.ម.ក ក៏បាន​ផ្ដល់​អាទិភាព​ដល់​សាធារណជន ផ្ដល់​យោបល់​ធាតុ​ចូល​លើ​សេចក្ដី​ព្រាងច្បាប់​នេះ​តាមរយៈ Facebook Page និង Telegram Channel របស់ គ.ស.ម.ក ដែលមាន​តំណ​ភ្ជាប់​ហ្វេសប៊ុក Cambodian Human Rights Committee និង​តេឡេក្រាម Comment on NHRC Law ( https://t.me/comment_on_NHRC_Law ) ​ផងដែរ​។ សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​នេះ​មាន ៨ ​ជំពូក និង ៣២ ​មាត្រា​។

ក្នុង​មាត្រា​ ១ ​នៃ​ច្បាប់​នេះ​បាន​បញ្ជាក់ថា ច្បាប់​នេះ​មាន​គោលដៅ​បង្កើត និង​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស​ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អនុសញ្ញា និង​លិខិតូបករណ៍​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​។

សេចក្ដីព្រាង​ក្នុង​មាត្រា​ ១ ដដែល​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ និង​អព្យាក្រឹត្យ​ក្នុង​ការបំពេញ​ការងារ​លើ​វិស័យ​សិទ្ធិមនុស្ស​»​។

លោក កត្តា អ៊ន បានឱ្យ​ដឹងថា ប្រទេស​កម្ពុជា​តាមរយៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​ ២០០៦ បានសម្រេច​ឱ្យ​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​នេះ​ឡើង​។ នៅក្នុង​ការផ្ដល់​អនុសាសន៍ និង​ការពិនិត្យ​របាយការណ៍​របស់​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៩ រហូត​មក​ដល់​ឆ្នាំ​ ២០១៩ ប្រទេស​មួយចំនួន​ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​កម្ពុជា បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​នេះដែរ​។ ដោយ​យោងតាម​ស្មារតី​នៃ​កិច្ចពិភាក្សា​រវាង គ.ស.ម.ក និង​ OHCHR បានសម្រេច​ថា គឺ​ត្រូវតែ​ជំរុញ​ឱ្យ​មាន​ការបង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​នេះ​ឡើង​។

មកដល់​ថ្ងៃទី ​៤ ខែសីហា ឆ្នាំ ២០១៩ លោកនាយក​រដ្ឋមន្ដ្រី ក្រោយពី​បាន​យល់ឃើញថា តាំងពី​ឆ្នាំ​ ២០០៦ មក​នៅពេលនោះ​រាជរដ្ឋាភិបាល​បានប្រគល់​តួនាទី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ជា​អ្នកធ្វើ​សេចក្ដីព្រាងច្បាប់​នេះ​។ ប៉ុន្ដែ​ចាប់តាំងពី​ឆ្នាំ​ ២០០៦ មកដល់​ឆ្នាំ​ ២០១៩ រយៈពេល ១៥ ឆ្នាំ​មកហើយ សេចក្ដី​ព្រាង​ច្បាប់​នេះ​នូវ​មិនអាច​លេចចេញ​ជា​រូបរាង​ទើប​នៅ​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ដ្រី​សម្រេច​ប្រគល់​ភារកិច្ច​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ជាតិ​សិទ្ធិមនុស្ស​នេះ​មក គ.ស.ម.ក ជា​អ្នកធ្វើ​វិញ​។

បើតាម​លោក កត្តា អ៊ន គ.ស.ម.ក បាន​ចាប់ផ្ដើម​ធ្វើ​កិច្ចការងារ​នេះ​នៅ​ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០១៩ ដោយ​សហការ​ជាមួយ OHCHR និង​អង្គការ Asia Pacific Forum ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី ក្រោម​កិច្ចសម្របសម្រួល​ពី​ស្ថានទូត​អូស្ដ្រាលី​នៅ​កម្ពុជា គឺ​បានចាប់ផ្ដើម​ធ្វើ​សេចក្ដី​ព្រាងច្បាប់​។ សេចក្តី​ព្រាង​នេះ​បានបញ្ចប់​ជា​ផ្លូវការ​ជំហាន​ដំបូង​នៅ​ខែកក្កដា ឆ្នាំ​ ២០២១​។ បន្ទាប់មក គ.ស.ម.ក ក៏បាន​ធ្វើ​សេចក្ដី​ប្រកាស​ដើម្បី​ធ្វើការ​ពិគ្រោះយោបល់​យ៉ាងហោចណាស់​ឱ្យបាន ៦០ ​លើក ដោយ​គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០២១ និង​ត្រូវ​បញ្ចប់​ឱ្យបាន​នៅ​ឆ្នាំ​ ២០២១ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមកនេះ​យើង​ចាប់ផ្ដើម​ដំណើការ​ពិគ្រោះ​យោបល់ ដោយបាន​​អញ្ជើញ​អង្គការ​សង្គម​ស៊ីវិល​យើង​ផ្ដល់​តួនាទី​ជូន OHCHR ក្នុងការ​រៀបចំ​កិច្ច​ពិគ្រោះយោបល់​ដោយ​ឱ្យ​អាទិភាព​ដំបូង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។ ប៉ុន្ដែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ គាត់​នៅ​ស្ទាក់ស្ទើរ​មិនទាន់​យល់​អំពី​គោលបំណង​ច្បាស់លាស់ និង​នៅ​ស្ទាក់ស្ទើរ​អំពី​បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​ប្រជាធិបតេយ្យ ដោយ​មិនទាន់​បាន​សម្រេចចិត្ដ​ចូលរួម​នៅឡើយ​»៕