ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​ដល់​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​និង​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ខណៈ​សហរដ្ឋអាមេរិក​ប្តេជ្ញា​បញ្ចប់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​ធ្វើឱ្យ​មាន​វ៉ាក់សាំង​ជាង​ ៤០ ​លានដូស និង​ថវិកា​ជាង ២០០ ​លាន​ដុល្លារ ដល់​រដ្ឋ​សមាជិក​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន សែន ស្នើឡើង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក លើក​ទី​ ៩ កាលពី​ថ្ងៃទី​ ២៦ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​។

លោក ហ៊ុន សែន លើកឡើងថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​បាន​រំឭក​ឡើងវិញ​នូវ​ភាពចាំបាច់​នៃ​ការរួបរួម​គ្នា កិច្ចសហការ​ និង​ការជួយ​គ្នា​ទៅវិញទៅមក ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ជំនឿ​សាសនា​ និង​និន្នាការ​នយោបាយ ហើយ​លោក​បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​គោលដៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សកល​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​នាពេល​ថ្មីៗ​នេះ ជាពិសេស​ចំពោះ​ការកំណត់​យក​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច​ ៧០ ​ភាគរយ​នៃ​ប្រជាជន​សកលលោក​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋ​អាមេរិក​សម្រាប់​ការផ្តល់​អំណោយ​ជា​វ៉ាក់សាំង សម្ភារ បរិក្ខារពេទ្យ និង​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា និង​សូម​ស្នើ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ការគាំទ្រ​ចាំបាច់​នានា​ដល់​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្ត​ថា ភាពជា​ដៃគូ​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងកា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ ខណៈ​អាស៊ាន ក៏ដូចជា​ពិភពលោក​ទាំងមូល​ត្រូវ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ កម្ពុជា​គាំទ្រ​ការដាក់ចេញ​នូវ​សេចក្តី​ប្រកាស​រួម​អាស៊ាន-សហរដ្ឋអាមេរិក ស្តីពី​ការអភិវឌ្ឍ​ឌីជីថល និង​ការជំរុញ​ការអនុវត្ត​ឱ្យបាន​លទ្ធផល​ល្អប្រសើរ​នូវ​ផែនការ​សកម្មភាព​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន-សហរដ្ឋអាមេរិក​ឆ្នាំ​ ២០២១-២០២៥​។

លោក ហ៊ុន សែន លើក​ទឹកចិត្ត​ឱ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាស៊ាន សហការ​ជិតស្និទ្ធ​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម ការលំហូរ​នៃ​ការវិនិយោគ​មក​ក្នុង​តំបន់​អាស៊ាន​ឱ្យបាន​កាន់តែ​ច្រើន ជាពិសេស​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​អាស៊ាន-សហរដ្ឋអាមេរិក​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏​សូម​ស្នើឱ្យ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការស្តារ​ និង​ជំរុញ​សង្គម​សេដ្ឋកិច្ច​ជាពិសេស​តាមរយៈ​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​»​។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យមាន​ការបន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន-សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សុខាភិបាល ឌីជីថល ដឹកជញ្ជូន ថាមពល​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ និង​ការពង្រឹង​ និង​លើកកម្ពស់​តួនាទី​ស្ត្រី​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​អធិបតេយ្យភាព និង​ជួយ​គ្នា​ទៅវិញទៅមក​ ដើម្បី​ឈានទៅ​កសាង​អនាគត​រួម​ដ៏ភ្លឺស្វាង និង​ប្រកប​ដោយ​វិបុលភាព​។

នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន ក៏ដូចជា​មជ្ឈភាព​របស់ខ្លួន និង​បាន​សាទរ​ចំពោះ​ទស្សនវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​សេតវិមាន​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ២៦ ខែតុលា កន្លងទៅ​។

លោក​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​សហរដ្ឋអាមេរិក ចំពោះ​តំបន់ ហើយ​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​រួមមាន​ការធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​ដល់​សណ្តាប់ធ្នាប់​ដែល​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ការលើកកម្ពស់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើកចំហ​។

លោក​ប្រធានាធិបតី​រូបនេះ​បាន​ប្រកាស​ពី​ចេតនា​ផ្តល់​ថវិកា​រហូតដល់​ ១០២ ​លាន​ដុល្លារ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ថ្មី​ ដើម្បី​ពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​-​អាស៊ាន ដើម្បី​គាំទ្រ​ដល់​ការស្តារ​ឡើងវិញ​ក្នុង​តំបន់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដោះស្រាយ​វិបត្តិ​អាកាសធាតុ លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​ធនធានមនុស្ស​។

លើសពីនេះ​លោក​ប្រធានាធិបតី Joe Biden បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ដោយ​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​លើ​ផ្នែក​សុខភាព អាកាសធាតុ ថាមពល ការដឹកជញ្ជូន​ និង​ការពង្រឹង​យេនឌ័រ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​លោក​បានបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ចប់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការកសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​រៀបចំ​សម្រាប់​ពេល​បន្ទាប់ រួមទាំង​ការធ្វើ​ឱ្យ​មាន​វ៉ាក់សាំង​ជាង​ ៤០ ​លានដូស និង​ជាង ២០០ ​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌​ និង​សុខភាព​សង្គ្រោះបន្ទាន់​ដល់​រដ្ឋ​សមាជិក​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​​កូវីដ​ ១៩»​។

លោក Joe Biden បាន​ជំរុញ​ឱ្យ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​សន្តិសុខ​សុខភាព កាត់បន្ថយ​វិបត្តិ​អាកាសធាតុ និង​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការកសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ជំរុញ​ឱ្យ​មាន​ការស្តារ​ឡើង​វិញ​នូវ​ភាពបៃតង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​លោក (Joe Biden) ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​រដ្ឋប្រហារ​យោធា និង​អំពើហិង្សា​ដ៏រន្ធត់​នៅក្នុង​ប្រទេស​ភូមា ហើយ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​របស់​ប្រទេស​នេះ បញ្ចប់​អំពើហិង្សា​ជាបន្ទាន់ ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង​ដោយ​អយុត្តិធម៌​ និង​ស្តារ​មាគ៌ា​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ឡើងវិញ​»​។

លោក Joe Biden បាន​សម្តែង​ការគាំទ្រ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​ដាក់ឱ្យ «​របប​យោធា​ភូមា​» ទទួល​ខុសត្រូវ​ចំពោះ​កុង​សង់ស៊ីស​ទាំង​ ៥ ​ចំណុច​។

គួរ​បញ្ជាក់ថា ចំណុច​ទាំ​ ៥ នៃ​កុងសង់ស៊ីស​ដែល​មេដឹក​អាស៊ាន​បាន​ឯកភាព​គ្នា​ទាក់ទង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​នៅក្នុង​កិច្ចប្រជុំ​ពិសេស​របស់​មេដឹកនាំ​អាស៊ាន កាលពី​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២១ រួមមាន ការបញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា​ក្នុងប្រទេស​មីយ៉ាន់ម៉ា ការចាប់ផ្តើម​ឱ្យមាន​កិច្ចសន្ទនា​ក្នុង​ន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​សម្របសម្រួល​នៃ​ដំណើរការ​កិច្ចសន្ទនា អាស៊ាន​នឹង​ផ្តល់ជំនួយ​មនុស្សធម៌​ និង​បេសកជន​ពិសេស និង​គណៈប្រតិភូ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​៕