ភ្នំពេញៈ ប្រជាពលរដ្ឋ​ ៣៥០ ​គ្រួសារ​រស់នៅ​តាម​បណ្ដោយ ស្ទឹង​ព្រែកត្នោត​ក្នុង​ខណ្ឌដង្កោ បាននាំគ្នា​ជម្លៀស​ចេញពី​លំនៅឋាន​ទៅកាន់​ទីទួល​សុវត្ថិភាព បន្ទាប់ពី​ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​បាន​ជន់​ឡើង​បណ្ដាល​ឱ្យ​បាក់​ទ្វារ​ទឹក​ ១ ​កន្លែង​ កាលពី​វេលា​ម៉ោង​ ១២:៣០ នាទី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​ ២៧ តុលា ​ដោយបាន​ធ្វើឱ្យ​ពលរដ្ឋ​ជាង​ ១ ០០០ គ្រួសារ​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ដែល​ហក់ឡើង​យ៉ាងគំហុក​នេះ​។

លោកស្រី គឹម ញឹប អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែងថា​៖ «​នៅពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​រួមគ្នា ជួសជុល​ទ្វារ​ទឹក​នោះ​ឡើងវិញ និងចាក់ដី​រៀប​ជា​ខ្នង​ទំនប់ ដែល​មកទល់​រសៀល​ថ្ងៃ​ ២៧ ខែតុលា បានសម្រេច​ប្រមាណ​ ៨០ ​ភាគរយ​ហើយ​»​។

ទន្ទឹមនឹងនេះ លោកស្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅតាម​ដីសណ្ដ​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទៀន សង្កាត់​សាក់សំពៅ សង្កាត់​គងនយ សង្កាត់​ព្រែកកំពឹស និង​សង្កាត់​ព្រៃស សូម​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​គ្រោះទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ និង​ត្រៀមខ្លួន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ក្នុង​ករណី​ទឹក​ជន់លិច​ផ្ទះ​មិនអាច​រស់នៅ​បាន​។

អ្នកស្រី អឿ វណ្ណី អាយុ​ ៣១ ​ឆ្នាំមាន​លំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ២៧ តុលា ទឹកបាន​ជន់​ឡើង​យ៉ាង​គំហុក​បណ្ដាល​ឱ្យ​ជន់លិច​ផ្ទះ​របស់​អ្នកស្រី​ដល់​ធ្នឹម​ដំបូល​។ អ្នកស្រី​ និង​ក្រុមគ្រួសារ​បាន​សម្រេច​ចិត្ត​ចល័ត​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្រោម​ដំបូល​តង់​កៅស៊ូ​នៅតាម​បណ្តោយ​ផ្លូវ​ដែលមាន​សុវត្ថិភាព​។

អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​ទប់​ទ្វារ​ទឹក​ដែល​បាក់​ក្នុង​ខណ្ឌដង្កោ​នៅ​ថ្ងៃទី​ ២៧ តុលា​។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី វណ្ណី បាន​ថ្លែងថា​៖ «​នៅ​ភូមិ​ខ្ញុំ​ទឹក​លិច​ក្បាល​ទៅហើយ ផ្ទះ​ខ្លះ​លិច​ដល់​ដំបូល ហើយ​ផ្ទះ​ខ្ញុំ​ទឹក​លិច​ដល់​ត្រឹម​ធ្នឹម​ដំបូល លិច​គ្រែ លិច​ទូរ​អី​អស់ហើយ​។ សំណាងល្អ​ចេះ​បាន​ត្រៀម​ពោង​កង់ឡាន​ និង​ចានដែក​ ២-៣ សម្រាប់​នាំ​កូន​ជិះ និង​ហែល​ឆ្លង​មក​ទីទួល​សុវត្ថិភាព​»​។

ស្ត្រី​ដែលមាន​កូនតូច​ ២ ​នាក់​ក្នុងបន្ទុក រូបនេះ​បាន​និយាយ​បន្តថា ស្ថានភាព​ភូមិ​ខ្វិត​ស្ថិតនៅ​ទី​ទំនាប គឺ​ទាប​ជាង​ផ្លូវថ្នល់​ទើប​ធ្វើឱ្យ​ទឹក​ជន់លិច​ធ្ងន់ធ្ងរ​យ៉ាងនេះ​។ ម្យ៉ាងទៀត​គេ​សង់​ផ្លូវថ្នល់​ និង​លើក​ទំនប់​ព័ទ្ធ​ជុំជិត​អស់​ទៅហើយ ពុំមាន​ច្រក​សម្រាប់​ទឹក​ហូរ​ចេញ​នោះទេ​។

អ្នកស្រី វណ្ណី បាន​បន្ថែមថា​៖ «​កាលពី​ឆ្នាំមុន ក៏​លិច​ជ្រៅ​ដែរ ប៉ុន្តែ​លិច​ត្រឹម​ចង្កេះ​ប៉ុណ្ណោះ យើង​អាច​ទ្រាំ​រស់នៅ​ក្នុងផ្ទះ​បាន ដោយ​កល់​នេះ​កល់​នោះ​ឱ្យ​ខ្ពស់​ផុតពី​ទឹក​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ទឹក​ជន់លិច​ក្បាល​ទៅហើយ កល់​អី​ក៏​មិន​ជាប់​ដែរ មានតែ​នាំគ្នា​រត់​មក​នៅ​ទីនេះ [​ទួល​សុវត្ថិភាព​] ​តែម្ដង​ទៅ​»​។

ស្រដៀង​គ្នា​នេះដែរ លោក រុន ចំរើន អាយុ​ ៣៦ ​ឆ្នាំ​រស់នៅក្នុង​ភូមិ​ពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំនេះ ទឹក​ឡើង​ខ្ពស់​ ប៉ុន្តែ​ឆ្នាំនេះ ទឹក​ឡើង​លឿន​ជាង​ឆ្នាំមុន​ទៅទៀត​។ ការកើនឡើង​កម្ពស់​ទឹក​នេះ​ដោយសារ​តែ​អាជ្ញាធរ​បាន​ធ្វើ​ទំនប់​ទប់​សងខាង​ស្ទឹង​ដែល​បណ្តាល​ឱ្យ​តំបន់​របស់​លោក​ដែល​ជាប់​ស្ទឹង​រង​ផលប៉ះពាល់​ខ្លាំង​បែបនេះ​។

លោក​ ចំរើន និយាយថា​៖ «​ទឹកស្ទឹង​វា​តូច​ហើយ​ដល់​គេ​ទប់​ទំនប់​សង​ខាង​ទៅធ្វើ​ឱ្យ​ទឹក​ចាល់​។ តាំងពីដើម​មក ទំនប់​ហ្នឹង​បើ​មិន​ធ្លាយ​នៅ​ខាងជើង ធ្លាយ​នៅ​ខាងត្បូង​។ អ៊ីចឹង​ទឹក​វា​ជន់​ឡើង​នៅក្នុង​ស្ទឹង​ប៉ះពាល់​អ្នក​នៅ​ខាងក្រោយ​ដីសណ្ដ​ជាប់មាត់​ស្ទឹង ដូចជា​ផ្ទះ​ខ្ញុំ​ជាដើម ត្រូវ​លិច​អស់​គ្មាន​សល់​អី​ទេ​»​។

បើតាម​លោក ចំរើន ក្នុង​រយៈពេល​មិន​ដល់​ ២៤ ​ម៉ោង​ផង ទឹក​ហក់​ឡើង​ប្រមាណ​ជាង​ ២ ​ម៉ែត្រ ដែល​បណ្តាល​ឱ្យ​លិច​ផ្ទះ​ និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។

យោងតាម​ទិន្នន័យបឋម ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ជំនន់​ទឹកស្ទឹង​ព្រែកត្នោត ដែល​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​បាន​បង្ក​ការជន់លិច និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​ ១ ០០០ ​គ្រួសារ​ហើយ គិត​ត្រឹម​រសៀល​ថ្លៃ​ទី​ ២៧ តុលា ក្នុង​នៅ​សង្កាត់​បឹងធំ ខណ្ឌ​កំបូល ប៉ះពាល់​ចំនួន​ ២១៤ ​គ្រសារ និង​នៅ​ខណ្ឌ​ដង្កោ​ប៉ះពាល់​ចំនួន​ ៨៤១ ​គ្រួសារ​ក្នុងនោះ​នៅ​សង្កាត់ គងនយ ចំនួន​ ៤៩១ ​គ្រួសារ និង​ក្នុង​សង្កាត់​សាក់​សំពៅ​ចំនួន​ ៣៥០ ​គ្រួសារ​៕

វីដេអូ៖