មណ្ឌលគិរីៈ ​ជនជាតិដើម​ភាគតិច​ព្នង​ជាង ១០០ ​គ្រួសារ​នៅ​ភូមិ​ពូហ្យាម និង​ភូមិ​ពូឆប ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ស្នើ​ដល់​អាជ្ញាធរ​ស្រុក និង​ខេត្ត ជួយ​​អន្តរាគមន៍​កុំឱ្យ​ក្រុមហ៊ុន​ចិន វ៉ូជីសាន​ធ្វើការ​ឈូសឆាយដី​ចម្ការ​វិលជុំ និង​ដី​កប់​សព​ដូនតា​តាមបែប​ប្រពៃណី​របស់​ពួកគាត់​។

លោក ឈឿន ប៊ុនធឿន ជា​ជនជាតិ​ព្នង​រស់នៅ​ស្រុក​អូររាំង ថ្លែង​នៅ​ថ្ងៃទី ២៦ ​តុលា​ថា មាន​អ្នកមានអំណាច​ពាក់​ផ្កាយ​ ២ ​ម្នាក់​បាន​នាំ​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​របស់​ជនជាតិ​ដើម​ភាគតិច​ដែលជា​ទីតាំង​ដីចម្ការ​វិលជុំ ដី​កប់ខ្មោច​តាមបែប​ប្រពៃណី​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូហ្យាម និង​ភូមិ​ពូឆប ឃុំ​សែនមនោរម្យ ដោយ​សំអាងថា ឈូសឆាយ​ការពារ​ដើម​ស្រល់​ក្រុមហ៊ុន​វ៉ូជីសាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សំណូមពរ​សុំឱ្យ​អាជ្ញាធរ​ដែលជា​ថ្នាក់ដឹកនាំ​ចុះមក​មើល និង​ស្រាវជ្រាវ​សិក្សា​ពី​អតីតកាល ពីមុន មកវា​ជា​អ្វី ឥឡូវ​ហ្នឹង​ជា​ស្អី របស់​បងប្អូន គេ​មិនដែល​ធ្វើការ​ឈូសឆាយ​​បំពាន​លើដី​ប្រជាពលរដ្ឋ​អ៊ីចឹង​ទេ​»​។

លោក​ ប៊ុនធឿន ឱ្យដឹងថា ទីនោះ​ជា​ដី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ១០២ ​គ្រួសារ រស់នៅ​ភូមិ​ពូហ្យាម និង​ភូមិ​ពូឆប ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​។ ប៉ុន្តែ​ជនជាតិដើម​ភាគតិច​មិន​បាន​ធ្វើ​ប្លង់​នោះទេ ដោយសារ​ជា​ដី​រួម​។ ការចូល​មក​ឈូសឆាយដី​នៅ​ទីតាំង​នេះ គឺជា​ការរំលោភបំពាន​មក​លើដី​របស់​ប្រជាពលរដ្ឋ​ព្រោះ​ការកាត់​ឆ្វៀល​ទៅឱ្យ​ក្រុមហ៊ុន​នោះ​គឺ​នៅ​ទីតាំង​ផ្សេង ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​មក​ឈូស​លើដី​ប្រជាពលរដ្ឋ​នៅទីនេះ​ទៅវិញ​។

លោក​ថ្លែងថា​៖ «​គេ​ឱ្យ​កាត់​ឆ្វៀល​នៅ​កន្លែង​ផ្សេង ឱ្យទៅ​ក្រុមហ៊ុន​ហ្នឹង តែ​គាត់​បែរ​មិន​អ៊ីចឹង​ទេ គាត់​មក​ឈូស​កន្លែង​ដី​របស់​បងប្អូន​ជនជាតិភាគតិច​យើង​នៅ​កន្លែង​តំណម​កន្លែង​មាន​ផ្នូរខ្មោច មាន​ចម្ការ​» ។

រដ្ឋបាល​ស្រុក​អូររាំង​បានឱ្យដឹង​តាមរយៈ​លិខិត​ស្រាយ​បំភ្លឺ​នៅ​ថ្ងៃទី​ ២៥ ​តុលា​ថា រដ្ឋបាល​ស្រុក​ពុំបាន​ទទួល​ពាក្យបណ្តឹង​ណាមួយ​ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពូ​ឆប​ជាមួយ​ក្រុមហ៊ុន​វ៉ូជីសាន ឡើយ​។ ក្រោយ​ទទួលដំណឹង​នេះ រដ្ឋបាល​ស្រុក និង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​វ៉ូជីសាន​ដែល​បាន​សុំ​សិទ្ធិ​វិនិយោគ​ដី​​សម្បទាន សេដ្ឋកិច្ច​លើដី​កសិកម្ម​របស់​រាជរដ្ឋាភិបាល នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ចំណុច​និយាមការ​នៅក្នុង​ផែនទី​របស់​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធិ​អនុញ្ញាត​លើ​ទីតាំង​ដី​ជាក់ស្តែង​។

ក្នុង​លិខិត​រដ្ឋបាល​ស្រុក​អូររាំង​សរសេរ​ថា​៖ «​ចំពោះ​ករណី​ដែល​បាន​កើតឡើង​រដ្ឋបាល​ស្រុក​ទើប​ទទួលបាន​ដំណឹង​លើ​ការរំលោភបំពាន​ដីធ្លី​ថ្មីៗ​នេះ​។ រដ្ឋបាល​ស្រុក​នឹង​ធ្វើការ​ចុះ​ស្រាវជ្រាវ​សម្របសម្រួល ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ឱ្យអស់​​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ឆាប់រហ័ស​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន វ៉ូជីសាន​បានទេ​នៅ​ថ្ងៃទី​ ២៦ ​តុលា​។ ប៉ុន្តែ លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ឱ្យដឹងថា ក្នុង​រឿងនេះ​អាជ្ញាធរខេត្ត​បានឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ អញ្ជើញ​តំណាង​ជនជាតិដើម​ភាគតិច​ទៅ​សួរនាំ​ដើម្បី​បញ្ជាក់ថា ពួកគាត់​ពិតជា​ធ្លាប់​រស់នៅ​ទីនោះ​ពិតប្រាកដ ឬមួយ​យ៉ាងណា​។

លោក​ថ្លែងថា​៖ «​ជាគោលការណ៍​របស់​អាជ្ញាធរ​ក៏ដូចជា​រដ្ឋាភិបាល កាលណា​គាត់​​មាន​លិខិត​ស្នាម​កាន់កាប់​បញ្ជាក់​ពី​ភូមិ​ឃុំ ទោះបី​ព្រៃ​កប់ខ្មោច​ព្រៃ​អី​ក៏ដោយ ក៏​យើង​នៅតែ​លើកទឹកចិត្ត និង​កាត់ឆ្វៀល​ផ្តល់ឱ្យ​ពួកគាត់ ឱ្យតែ​ពិត​ថា​ជា​របស់គាត់​​អាស្រ័យផល​។ ប៉ុន្តែ​ដើម្បី​ឱ្យដឹង​ពិតប្រាកដ​យើង​នឹង​ពិនិត្យមើល​ឱ្យបាន​​ច្បាស់លាស់​សិន​»​។

លោក​ ជាក់ ម៉េងហ៊ាង ប្រាប់ថា ដី​នេះ​ជា​ដី​ក្រុមហ៊ុន​វ៉ូលីង និង​វ៉ូជីសាន ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ទៅលើ​ដី​ចំនួន​ប្រមាណ​ ២ ​ម៉ឺន​ហិកតា ប៉ុន្តែ​បាន​ធ្វើការ​កាត់​ឆ្វៀល​ចេញ​ខ្លះ​នៅសល់​ប្រមាណ ១៧ ០០០ ​ហិកតា ហើយ​ក្រុមហ៊ុន​បានធ្វើ​ការដាំ​ដើម​ស្រល់​។ ដី​នោះ​ជា​ដីរដ្ឋ​ដែល​ក្រុមហ៊ុន​បាន​ជួល​ពី​រដ្ឋ​ទៅ​ដាំ​ដើម​ស្រល់ ដែល​សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​កាប់​ប្រមូលផល​។

លោក គ្រើង តុលា អ្នក​ប្រឹក្សាយោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍ ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែតុលា​ថា នេះ​ជា​ការរំលោភសិទ្ធិ​ប្រជាពលរដ្ឋ ដែល​ធ្លាប់ធ្វើ​ចម្ការ​អាស្រ័យ​ផល​បែប​ប្រពៃណី​ជា​យូរលង់​ណាស់​មកហើយ​។

លោក​បន្តថា ក្នុង​រឿងនេះ​ក្រុមហ៊ុន ឬក៏​អ្នកមាន​អំណាច មាន​លុយ​ដែល​មានបំណង​មក​វិនិយោគ​គឺ​គួរតែ​ធ្វើការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​ក្រុមហ៊ុន​ហ្នឹង​គឺ​មិនបាន​សិក្សា​អី​ទាំង​អស់ហើយ​ស្រាប់​តែ​គាត់​ទៅ​ធ្វើ​អ៊ីចឹង វា​ធ្វើឱ្យមាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មែនទែន​»៕