ភ្នំពេញៈ ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ ២០២១ ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១ ៨៨៨ ​នាក់ ហើយ​របួសធ្ងន់ ១ ៥៦០ ​នាក់ ស្រាល ១ ០២៩ នាក់ និង​យានជំនិះ​ជិត ៤ ០០០ គ្រឿង​ត្រូវបាន​ខូចខាត​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​កត្តា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឱ្យ​មនុស្ស​បាត់​ជីវិត និង​ខាតបង់​ទ្រព្យ​សម្បត្តិ​ភាគច្រើន​គឺ​កើតចេញពី​ការមិន​យល់ដឹង​ពី​ច្បាប់ និង​បំពាន​ច្បាប់​របស់​អ្នកបើកបរ​ដែល​ទាមទារ​មាន​ការឈ្វេងយល់​ពី​កត្តា​សំខាន់ៗ និង​សញ្ញា​ចរាចរណ៍​សំខាន់ៗ​ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​។

ការអះអាង​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី MPWT LIVE SHOW ​នា​ថ្ងៃ​ ២៧ តុលា​ដែល​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សម្រាប់​ធ្វើការ​ឆ្លើយតប​សំណួរ​របស់​ប្រជាពលរដ្ឋ​ក្រោម​ប្រធានបទ ឈ្វេងយល់​ពី កត្តា​សំខាន់ៗ និង​សញ្ញា​ចរាចរណ៍​សំខាន់ៗ ដើម្បី​រួមចំណែក​ធ្វើឱ្យ​ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។

ក្នុង​ឱកាស​នោះ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា មូលហេតុ​ធំៗ និង​ចម្បងៗ គឺ​បណ្តាល​មកពី​អ្នកបើកបរ​មិនមាន​ការយល់ដឹង​ពី​ច្បាប់ ហើយ​បើកបរ​ដោយ​បំពាន​ច្បាប់​ដែល​បណ្តាល​គ្រោះថ្នាក់​ចរាចរណ៍ បន្ត​កើតមាន និង​ស្ថិត​ក្នុង​ក្តីកង្វល់ បើ​ទោះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​កើតមាន​ក៏ដោយ​។

លោកស្រី​អះអាង​បន្ត​ថា​ហេតុនេះ​ប្រធានបទ​ដែល​ក្រសួង​សាធារណការ​បាន​រៀបចំ​នៅពេលនេះ​គឺមាន​គោលបំណង​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​ដល់​ប្រជាពលរដ្ឋ​ទៅនឹង​កត្តា​សំខាន់ៗ និង​សញ្ញា​ចរាចរណ៍​សំខាន់ៗ​ដើម្បី​បាន​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា​។

បើតាម​លោកស្រី​ មឹន មាណវី ក្នុង​រយៈពេល​ ៩ ខែ​នេះ​មូលហេតុ​ចម្បង​ជាងគេ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់​ចំនួន ៣៦ ​ភាគរយ​ដោយ​កត្តា​នេះ​បានសម្លាប់​មនុស្ស ៤៥៧ ​នាក់ ការមិន​គោរព​សិទ្ធិ​អត្ថិភាព​មាន ២៤ ភាគរយ​សម្លាប់​មនុស្ស ១៨៩ នាក់ និង​ការមិន​ប្រកាន់​ស្តាំ ១៥ ​ភាគរយ សម្លាប់​មនុស្ស ១៦៣ ​នាក់​។

ចំណែក​កត្តា​បន្ទាប់បន្សំ គឺ​កត្តា​ជែង​ ៨,៣ ភាគរយ សម្លាប់​មនុស្ស ៩៩ នាក់ ការបើកបរ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មាន ៨ ​ភាគរយ​សម្លាប់​មនុស្ស ៥៨ ​នាក់ កត្តា​គ្រឿង​ស្រវឹង ៤ ​ភាគរយ​សម្លាប់​មនុស្ស​ ៤០ ​នាក់ កត្តា​យានជំនិះ ៣ ​ភាគរយ សម្លាប់​មនុស្ស​ ៤៣ ​នាក់ កត្តា​ងងុយដេក ១ ​ភាគរយ សម្លាប់​មនុស្ស ៨ ​នាក់ និង​កត្តា​ផ្លូវ ០,៤ ​ភាគរយ​សម្លាប់​មនុស្ស ៧ ​នាក់​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋលេខាធិការ​រូបនេះ​។

លោក​ គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ការបង្កើត​ឱ្យ​មាន​កម្មវិធី​បែបនេះ​គឺជា​ដំណើរការ​ល្អ​មួយ​ក្នុង​ការផ្តល់​សារ​អប់រំ និង​ការស្រាយ​មន្ទិល​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ ក្នុង​បរិបទ​ទំនើប ឬ​សង្គម​ឌីជីថល​។

លោក​ថា នេះ​ជា​ផ្នែក​ ១ ​ដែល​គេ​ឱ្យ​ឈ្មោះថា ម៉ាឃីតធីង​ផ្នែក​សង្គម (Social Marketing) ហើយ​ប្រសិទ្ធភាព​របស់​សកម្មភាព​នេះ មាន​កម្រិត អាស្រ័យ​លើ​ថា តើ​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​បាន​ចូលរួម ទស្សនា និង​ជាពិសេស​ចូលរួម​ក្នុង​ការសាកសួរ ដើម្បី​ឱ្យបាន​យល់ច្បាស់​ពី​ប្រការ​គួរ​អនុវត្ត ទាក់ទង​នឹង​វិធាន​សុវត្ថិភាព ឬ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

លោក​ គង់ រតនៈ ថ្លែងថា​៖ «​ខ្ញុំ​សំណូមពរ​ថា ក្រសួង​សាធារណការ​គួរ​មាន​កញ្ចប់​ថវិកា ដើម្បី​ប៊ូសផេច​ហ្វេសប៊ុក​ឱ្យ​បាន​ដល់​អ្នកទស្សនា​ឱ្យបាន​ច្រើន និង​ជាពិសេស ការផ្សព្វផ្សាយ​គួរ​ធ្វើឡើង​ក្នុង​ពេលវេលា ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប្រើ​ច្រើន ដូចជា​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​ពី​ការងារ ឬ​ថ្ងៃ​ឈប់​សម្រាក​ជាដើម​»​។

លោក​ថា​៖ «​ដូច​ខ្ញុំ​ធ្លាប់បាន​លើកឡើង​គ្រា​មុន សកម្មភាព​អប់រំ​តែ​ ១ ​មុខ មិន​គ្រប់គ្រាន់​ក្នុង​ការកាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​អ្នកស្លាប់​បានឡើយ​ត្រូវ​មាន​ការរឹតបន្តឹង​ច្បាប់ និង​វិស្វកម្ម​ផ្នែក​សុវត្ថិភាព​បន្ថែមទៀត​»៕