ភ្នំពេញៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូជាតិ អន្តរជាតិ បានរៀបចំវេទិកាសាធារណៈស្តីពី “ការចូលរួមរបស់ពលរដ្ឋ ក្នុងដំណើរការនៃការកសាងផែនការថវិកា និងការតាមដានលើការចំណាយថវិកាសាធារណៈ ក្នុងបរិបទកូវីដ ១៩ ”ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព ឆ្ពោះទៅការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
វេទិកាសាធារណៈនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ តុលា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូជាតិ និងអន្តរជាតិ និងមានពលរដ្ឋចូលរួមផ្តល់ជាមតិ និងយោបល់ជាច្រើន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
លោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារដែលបានចូលរួមវេទិកាដោយផ្ទាល់បានថ្លែងថា វេទិកានេះពិតជាមានសារណៈសំខាន់ ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ និងឆ្លុះបញ្ចាំងនូវការរៀបចំផែនការថវិកា និងការត្រួតពិនិត្យតាមដានអនុវត្តថវិកា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេស ផែនការវិនិយោគ ឃុំ សង្កាត់ ដែលបានអនុវត្តកន្លងមក។
លោកថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការនៃការកសាងផែនការថវិកាពិតជាមានសារៈសំខាន់ណាស់ ព្រោះថា វាអាចជួយឱ្យអ្នកពាក់ព័ន្ធទាំងអស់ បានដឹងពីតម្រូវការរបស់សហគមន៍ ព្រមទទាំងជួយជំរុញឱ្យមានតម្លាភាព គណនេយ្យភាព ឆ្ពោះទៅការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ»។
លោកបានគូសបញ្ជាក់ថា វេទិកានេះ ក៏ជាឱកាសដែលយើងអាចពិភាក្សាគ្នា ត្រង់ទៅត្រង់មកនូវបញ្ហាប្រឈមនានា និងអ្វីដែលជាការរាំងស្ទះ ដល់ដំណើរការការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរកសាងផែនការ និងការត្រួតពិនិត្យតាមដានថវិកា ព្រមទាំងកំណត់ផែនការសកម្មភាពរួម ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះដើម្បីធានានូវប្រសិទ្ធភាព។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាដែលរៀបចំវេទិកា នេះបានលើកឡើងថា គោលបំណងនៃកម្មវិធីនេះ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជន ទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបន្តថា ជាពិសេសផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល បានជួបជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅបង្កើនការចូលរួមជាសាធារណៈ នៅក្នុងវដ្តនៃដំណើរការរៀបចំផែនការថវិកា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបន្តទៀតថា ការចូលរួមរបស់ពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា វាអាចជួយឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាការរៀបចំផែនការវិនិយោគ បានដឹងពីតម្រូវការពិតប្រាកដ របស់សហគមន៍ព្រមទាំងជួយជំរុញនិងលើកកម្ពស់នូវតម្លាភាព និងគណនេយ្យភាព សំដៅឆ្ពោះទៅរកការសម្រេចបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។
លោកថា បើយើងពិនិត្យមើលពីក្របខណ្ឌច្បាប់ នៅថ្នាក់ក្រោមជាតិមានច្បាប់ និងគោលនយោបាយជាច្រើន ដែលត្រូវបានតាក់តែងទ្បើង ដើម្បីលើកកម្ពស់ការចូលរួមពីសាធារណៈជនជាពិសេសក្នុងការរៀបចំ និងការត្រួតពិនិត្យការអនុវត្តថវិកា។
ប៉ុន្តែការអនុវត្តច្បាប់ និងបទបញ្ជានៅថ្នាក់ក្រោមជាតិ ទាក់ទងនឹងការចូលរួមពីសាធារណៈជន នៅទូទាំងប្រទេស គឺនៅតែមានការខ្វះខាត និងមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោក វណ្ណារ៉ា បានបញ្ជាក់ថា៖«តាមរយៈលទ្ធផលដែលទទួលបានពីវេទិកានេះ ក្រុមការងារនឹងចងក្រងដើម្បីចែករំលែកដល់អ្នកពាក់ពន្ធ័ទាំងអស់ ដើម្បីពិចារណានូវចំណុចគន្លឹះមួយចំនួនក្នុងការកែលម្អនិងធានាបាននូវការអភិវឌ្ឍមួយដែលមិនទុកឱ្យអ្នកណាម្នាក់នៅក្រៅកិច្ចអភិវឌ្ឍន៍ឡើយ»។
លោក ប្រាយអាន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងកោតសរសើររដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើកំណែទម្រង់ការគ្រប់គ្រងលើតម្លាភាព និងគណនេយ្យភាពថវិកានាពេលកន្លងមក។
លោកថា៖ «តម្លាភាពត្រូវបានកែលម្អនាពេលបច្ចុ្បន្ននេះ ដែលជាសញ្ញាល្អណាស់ ជាការពិតណាស់ សញ្ញានៃភាពប្រសើរឡើង»។
លោកបន្តថា ការកែលម្អបន្ថែមទៀត អាចនាំមកនូវអត្ថប្រយោជន៍ដល់ការចូលរួមជាសាធារណៈនៅក្នុងគណនេយ្យភាពថវិកា ការស្តាប់ការពិភាក្សាអំពីថវិកា និងការទទួលបានព័ត៌មាននៃថវិកា។
លោកបន្តថា៖«ក្នុងនាមយើងជាដៃគូផ្តោតទៅលើតម្លាភាព ដែលយើងដឹងហើយសហភាពអឺរ៉ុបបានប្តេជ្ញាចិត្តដ៏រឹងមាំ គឺតម្លាភាពពិតជាមានសារៈសំខាន់ ដោយសារតែតម្លាភាពរឹងមាំង យើងក៏បានកសាងទំនុកចិត្តនៅក្នុងប្រព័ន្ធរដ្ឋាភិបាល ហើយក៏នាំមកនូវទំនុកចិត្តដល់វិស័យឯកជនផងដែរ»។
សម្រាប់ លោកស្រី សុខ ច័ន្ទឆវី តំណាងអង្គការអុកស្វាម (ប្រចាំកម្ពុជា) បានថ្លែងថា ការរៀបចំវេទិកាសាធារណៈនេះ ទិសដៅសំខាន់ គឺធ្វើយ៉ាងណា ដើម្បីកិច្ចអភិវឌ្ឍន៍ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ជាពិសេសពលរដ្ឋដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ។
លោកស្រីថា៖ «ក្នុងអំឡុងកូវីដ យើងនៅតែជួបប្រទះបញ្ហា ហើយពលរដ្ឋជាច្រើន ដែលគាត់ស្ថិតក្នុងស្ថានភាពក្រីក្រ កាន់តែរងគ្រោះធ្ងន់ថែមទៀត ហើយពលរដ្ឋជាច្រើនមិនស្ថិតនៅស្ថានភាពក្រីក្រទេពីមុន ប៉ុន្តែពេលមានកូវីដគាត់ធ្លាក់ចូលក្នុងស្ថានភាពក្រីក្រដែរ ដោយមិនរំពឹងទុក»។
លោកស្រីបញ្ជាក់ថា៖ «យើងដឹងហើយថា រាជរដ្ឋាភិបាលបានចាប់ផ្តើមកំណែទម្រង់អភិបាលកិច្ចល្អប្រមាណ ២០ ឆ្នាំមកហើយ ដែលជាស្នូលដ៏ធំក្នុងយុទ្ធសាស្ត្រចតុកោណ ហើយការជជែងបន្តនាពេលនេះ ដើម្បីជួយជំរុញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការធ្វើកំណែទម្រង់អភិបាលកិច្ចល្អ»៕