បាត់ដំបងៈ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ លើក​ពី​បញ្ហា​ជន​វិកលចរិត ជនអនាថា និង​ក្មេង​ហិតកាវ​នៅក្នុង​ក្រុង​បាត់ដំបង​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​រួមគ្នា​គិត និង រួមគ្នា​ដោះស្រាយ ដែល​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ជនអនាថា​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ធ្វើការ​ពិនិត្យ​ស្រង់​ទិន្នន័យ​ដោះស្រាយ​បញ្ហា​នេះ​។

លោក​ សុខ លូ ថ្លែង​នៅ​ថ្ងៃទី ២៨ ខែតុលា​ថា ដោយបាន​សង្កេតឃើញ​ថា មាន​ជន​វិកលចរិត ជនអនាថា និង​ក្មេង​ហិតកាវ​មាន​ចំនួន​ច្រើន​នៅក្នុង​ក្រុង​បាត់ដំបង ហើយ​បញ្ហា​នេះ លោក​ចាត់ទុកថា​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​​ជំហាន​ហ្នឹងហើយ បាន​យើង​ចាប់ផ្តើម​ពិចារណា​ចាត់ចែង​រក​ទីកន្លែង​ដើម្បី​ទុកដាក់​ពួកគាត់ ឧបមាថា ជន​សតិ​មិន​គ្រប់ យើង​មិនមែន​ចេះតែ​ប្រមូល​គាត់​បានទេ ព្រោះ​យើង​ត្រូវ​រក​កន្លែង​ដើម្បី​ព្យាបាល​គាត់​ ឬ​ត្រូវ​រៀបចំ​យ៉ាងម៉េច ចំណែក​ជនហិតកាវ​អី​នេះ យើង​អាច​យកទៅដាក់​មណ្ឌល ហើយ​ក្មេងអនាថា​យើង​ឱ្យ​មន្ទីរ​សង្គមកិច្ច​ចាត់ចែង​មើល​ការគ្រប់គ្រង​គាត់​»​។

លោក​ថ្លែងថា​៖ «​បញ្ហា​អាច​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ យើង​ខ្លាច​មាន​បញ្ហា​អាច​បុក​គាត់ ជួនកាល​មាន​ការគប់​កញ្ចក់​ឡាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ បងប្អូន​អ្នក​ហាត់ប្រាណ​ក៏​ខ្លាច ហើយ​ភ្ញៀវទេសចរ ក៏​កាន់តែ​ខ្លាច​ទៀត អ៊ីចឹង​នេះ​ជា​បញ្ហា​ចម្បង​ណាស់​ដែល​យើង​ត្រូវ​ដោះស្រាយ​» ។

លោក គឹម តេង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តបាត់ដំបង ថ្លែង​នៅ​ថ្ងៃទី​ ២៨ ខែតុលា​នេះ​ថា មុនពេល​មាន​បញ្ហា​កូវីដ ​១៩ ជនអនាថា អ្នកសុំទាន ក្មេង​ហិតកាវ នៅ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​មាន​ប្រមាណ​ ១០០ ​នាក់​។ ប៉ុន្តែ​ពេល​មាន​បញ្ហា​កូវីដ​ ១៩ ជន​ទាំងនោះ​ចាប់ផ្តើម​មាន​ចំនួន​កាន់តែច្រើន ដោយមាន​អ្នកថ្មី​ផ្លាស់​ទី​មកពី​កន្លែង​ផ្សេង ចូល​មក​ក្នុង​ក្រុង​បាត់ដំបង​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុងតែ​សិក្សា​ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ​»​។

លោក ប៉ុន ជេដ្ឋា នាយក​អង្គការ​ទំនុកចិត្ត​កុមារ​កម្ពុជា (CCT) ​នៅ​ថ្ងៃទី​ ២៨ ខែតុលា បាន​សម្តែង​ការសប្បាយ​រីករាយ នៅពេល​ដឹងថា អាជ្ញាធរខេត្ត​បំផុស​ឱ្យមាន​ការចូលរួម​ក្នុង​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជន​ទាំងនោះ​។ ចំពោះ​ករណី​កុមារ ជនអនាថា អ្នករស់នៅ​តាម​ចិញ្ចើមផ្លូវ និង គ្រួសារ​រស់នៅ​តាម​សំណង់​អនាធិបតេយ្យ​។

កន្លងមក​អង្គការ​បាន​ជួយ​ដល់​ក្មេង​ដែល​រស់​នៅតាម​ចិញ្ចើមផ្លូវ​ឱ្យ​បាន​ចូលរៀន មាន​កន្លែង​សម្រាក​ពេល​ថ្ងៃ មាន​អាហារ​ទទួលទាន និង​ថ្នាំសង្កូវ​ផ្សេងៗ​នៅពេល​ពួកគេ​ឈឺ​។ ប៉ុន្តែ​បើ​ទោះបី​ជា​លោក​មាន​ការយក​អាសា​ជួយ​ពួកគេ​យ៉ាងនេះ​ក្តី ក៏​ក្មេង​ប្រភេទ​ទាំងនោះ មិន​ចង់​ចូលរួម​ឡើយ​។ «​សម្រាប់​ក្មេង​ហិតកាវ និង​ក្មេង​ដើរ​តាម​ចិញ្ចើមផ្លូវ គាត់​ចូលរួមបាន​តិច ដោយសារ​តែ​គាត់​ចង់​ដើរលេង​។ ខ្ញុំ​ជឿជាក់ថា យើង​អាច​ធ្វើបាន​ដើម្បី​​ដោះស្រាយ​បញ្ហា​ហ្នឹង​»៕