កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ប្រកាស​សម្រុក​ចុះ​ដោះស្រាយ​បញ្ហា​នានា ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ជួបប្រទះ​នៅ​គ្រប់​មូលដ្ឋាន​ឱ្យបាន​ច្រើន​បំផុត​ក្នុង​ខែវិច្ឆិកា​ខាងមុខ ដើម្បី​កុំឱ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ការចំណាយ ពេលវេលា និង​ថវិកា​ឡើងមក​ទី​រួមស្រុក ឬ​ខេត្ត​រក​ដំណោះស្រាយ​។

លោក​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែង​នា​ថ្ងៃទី​ ២៧ តុលា​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ជួបប្រទះ​នៅ​មូលដ្ឋាន អាជ្ញាធរ​នឹង​ចុះទៅ​ដល់ទី​តាំង​គ្រប់​ឃុំ ធ្វើការ​ដោះស្រាយ​សម្របសម្រួល​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ រីឯ​បញ្ហា​ណា​ធ្ងន់ធ្ងរ​ដែល​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​ដោះ​មិនបាន អាជ្ញាធរ​នឹងធ្វើ​របាយការណ៍​ជូនទៅ​រាជរដ្ឋាភិបាល​បន្តទៀត​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំឱ្យ​ពួកគាត់​ពិបាក​ក្នុង​ការចំណាយ ពេលវេលា និង​ថវិកា​ឡើងមក​ទី​រួមខេត្ត ឬ​ទីរួមស្រុក ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដែល​ខ្លួន​ជួបប្រទះ នៅតាម​មូលដ្ឋាន​។ កិច្ចការ​នេះ​លោក​ ស៊ុន សុវណ្ណារិទ្ធិ អះអាងថា នឹង​ចាត់​ឱ្យមាន​ក្រុមការងារ មាន​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរ អង្គភាព ដែល​ទទួល​បន្ទុក ចុះ​ដោះស្រាយ​ដោយផ្ទាល់​នៅតាម​គ្រប់​បណ្តា​ឃុំ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ដោះស្រាយ​ទៅលើ​បញ្ហា​ទាំងអស់ ដែល​ពាក់ព័ន្ធ​បញ្ហាដីធ្លី​។ បញ្ហា​ដែលមាន​កន្លែង​ខ្លះ​ពាក់ព័ន្ធ​ការសុំ​ជីក​ប្រឡាយ​។ អ៊ីចឹង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទាំងអស់​គឺ​ខុសៗ​គ្នា​។ យើង​ដោះស្រាយ​ទៅតាម​ឃុំ​នីមួយៗ​តាម​សភាព​ជាក់ស្តែង​»​។

អភិបាលខេត្ត​ប្រាប់ថា លោក​បាន​បញ្ជា​ទៅគ្រប់​អាជ្ញាធរ​ឃុំ​ឱ្យ​ធ្វើការ​ស្រង់ និង​បូកសរុប​រឿងរ៉ាវ​ទាំងអស់​ដែល​មាន​នៅក្នុង​មូលដ្ឋាន​ផ្ញើមក​ខេត្ត​ដើម្បី​ពិនិត្យមើល ហើយ​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា លោក​នឹង​ចុះទៅ​ដោះស្រាយ​តែម្តង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នឹង​ប្រជុំ​ពិនិត្យ​រឿង​ហ្នឹង ហើយ​បូកសរុប​ឱ្យដឹងថា មាន​ប៉ុន្មាន​សំណុំរឿង ហើយ​មាននៅ​ក្នុង​ដៃ​តុលាការ​ប៉ុន្មាន​រឿង ហើយ​ប្រភេទ​រឿង​នីមួយៗ​មានរឿង​អ្វីខ្លះ​។ ​បើសិនជា ពាក់ព័ន្ធ​ការកាត់​ឆ្វៀល​ ឬ​ដី​តំបន់​ ២ ឬ​តំបន់​ ៣ អាហ្នឹង​យើង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​មួយៗ​»​។

បើតាម​លោក​ ស៊ុន សុវណ្ណារិទ្ធិ ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បែបនេះ នឹង​បន្ត​ធ្វើជា​បន្តបន្ទាប់​រហូត ដើម្បីឱ្យ​ក្លាយជា​ទម្លាប់ និង​ប្រពៃណី​ក្នុង​ការជួយ​រាស្ត្រ​។ ប៉ុន្តែ​យ៉ាងណា​លោក​បញ្ជាក់ថា នឹង​សម្រុក​ធ្វើឱ្យបាន​ច្រើន​បំផុត​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ក្នុង​ករណី​ដែល​ដោះ​មិន​អស់​នឹង​បន្តទៅ​ខែក្រោយ​ទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បើ​ខ្ញុំ​ដោះ​ទូទាំង​ខេត្ត​រឿង​មិន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​កន្លែង​ខ្លះ​រឿង​តិចតួច​ដែរ ដូច​បញ្ហា​របង​កន្លះម៉ែត្រ ១ ​ម៉ែត្រ​អី​។ អ៊ីចឹង​យើង​សំណូមពរ​អារកាត់​ខ្លះទៅ ហើយ​ខ្ញុំ​គិតថា ដល់ពេល​ខ្ញុំ​ដោះ​គ្រប់​ឃុំ​អ៊ីចឹង រឿង​ដែល​វា​នៅសល់​ប៉ុន្មាន​នឹង​ដោះ​បាន​លឿន​។ ព្រោះ​វាស​ល់ តិច ហើយ​រឿង​ធំៗ​ខ្ញុំ​យកមក​ដាក់​ប្រជុំ​កម្រិត​អភិបាលខេត្ត​សម្រេច​ថា ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​អ៊ីចឹងទៅ​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​-​ស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​សាទរ នៅពេល​ទទួលដំណឹង​ថា អាជ្ញាធរ ខេត្តកំពង់ឆ្នាំង​បាន​ដុតដៃ​ដុតជើង​សម្រុក​រក​ដំណោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ លោក​ថា នេះ​ជា​រឿង​ល្អ ពីព្រោះ​នេះ​ជា​អ្វីដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ធ្វើ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​មន្ត្រីរាជការ​។

លោក​ថ្លែងថា​៖ «​ពាក្យ​ថា​មន្ត្រី​រាជការ ឬ​អ្នក​ដែល​ធ្វើការ​នៅក្នុង​ស្ថាប័ន​សាធារណៈ គឺជា​អ្នកបម្រើ​រាស្ត្រ អ្នក​ដែល​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​របស់​រាស្ត្រ ហើយ​តាមរយៈ​ការបម្រើ​ហ្នឹង រាស្ត្រ​តបស្នង​មកវិញ តាមរយៈ​ការបង់ពន្ធ ក៏ដូចជា​ចូលរួម​ចំណែក​ដើម្បី​ផ្តល់​ជា​ការគាំទ្រ​ដល់​អ្នក​ដែល​បាន​បម្រើ​គាត់​»៕ ហ្នឹង​បាទ​»៕