ភ្នំពេញៈ សុនខ​ចំនួន​ ៩ ​ក្បាល ដែល​ត្រូវបាន​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ហ្វឹកហ្វឺន​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការហិត​ចម្ងាយ​សុវត្ថិភាព​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូវីដ​ ១៩ ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់​ដោយ​ល្បឿន​លឿន​រយៈពេល​ពី​ ១០ ទៅ​ ១៥ ​វិនាទី​ប៉ុណ្ណោះ​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការស្រាវជ្រាវ​ និង​អភិវឌ្ឍ​សុនខ​ហិត​អ្នកជំងឺ​កូវីដ-១៩​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់មីន​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ថា លោក​ពិតជា​មាន​មោទនភាព​ជាមួយ​មន្ត្រី​ជំនាញ​សុនខ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ចងក្រង​ឯកសារ និង​ផ្តល់​ការហ្វឹកហ្វឺន​សុនខ​យ៉ាងសកម្ម​បំផុត​ឱ្យមាន​សមត្ថភាព​ហិត​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូវីដ​ ១៩ ​បាន​។

លោក​បាន​បន្តថា អ្នកជំនាញ​សុនខ​ខែ្មរ​អាច​ស្រាវជ្រាវ​អាច​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នកជំងឺ​កូវីដ​ ១៩ ​បាន​ដោយ​ជោគជ័យ​ក្នុង​ជំហាន​ដ៏សំខាន់​នេះ និង​ឃើញថា សុនខ​កម្ពុជា​មាន​សមត្ថភាព និង​អាច​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​កូវីដ​បាន ដោយ​ប្រើពេល​ប្រមាណ​ពី​ ១០-១៥ ​វិនាទី អាច​ហិត​ស្វែងរក​មុខសញ្ញា​អ្នកមាន​ផ្ទុកមេរោគ​កូវីដ​ ១៩ នៅក្នុង​ចំណោម​មនុស្ស​ច្រើន​ (​ហ្វូងមនុស្ស​)​។

លោក​បញ្ជាក់ថា សុនខ គឺជា​ឧបករណ៍​អាច​ប្រើ​ជា​ជំនួយ​ក្នុង​ការស្វែងរក​អ្នកជំងឺ​កូវីដ​នៅតាម​កន្លែង​មួយចំនួន ដូចជា តាម​ច្រកទ្វារ​អន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍​ធំៗ ដូចជា​ការប្រកួត​កីឡា កម្មវិធី​មហាជន​ជាដើម​។ នេះ​ជា​យុទ្ធសាស្ត្រ​រើស​ក្រួស​ចេញពី​អង្ករ​! ចំពោះមុខ​សញ្ញា​សង្ស័យ​អាច​ចាត់វិធានការ​សុខាភិបាល​។

លោក​បន្តថា​៖ «​សុនខ ក៏​មិន​ខុសពី​ឧបករណ៍​ប្រភេទ​តេស្ត CPR ឬ តេស្ត​រហ័ស​ដែរ​។ ដូច្នេះ សុនខ គឺជា​ឧបករណ៍​មួយ​ផ្តល់​សញ្ញា​ឱ្យ​ដឹងថា មុខសញ្ញា​ណា​ជា​មុខសញ្ញា​សង្ស័យថា មាន​ផ្ទុក​វីរុស​កូវីដ​ ១៩​។ ក្រោយពី​ការសង្ស័យ​ហើយ ត្រូវ​យកទៅ​វិភាគ​បន្ថែមទៀត ឬ​យ៉ាងម៉េច គឺជា​នីតិវិធី​របស់​ក្រសួងសុខាភិបាល​។ សុនខ​គ្រាន់តែ​ជា​ឧបករណ៍​ជួយ​សម្រាប់​អ្នកជំនាញ​សុខាភិបាល​បន្ត​ធ្វើ​កិច្ចការ​បន្តទៀត​»​។

លោក​ថ្លែងថា ការហ្វឹកហ្វឺន​បន្ត​នឹង​អនុវត្ត​ក្នុង​សប្តាហ៍​ខាងមុខនេះ នៅពេល​បាន​ទទួល​សំណាក​បន្ថែមទៀត​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោកស្រី​ យក់ សម្បត្តិ និង​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ​ពី​ម្សិលមិញ​។

ប៉ុន្តែ​លោក​ កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ថ្លែងថា បើសិន​ជាមាន​សុនខ​ដែលមាន​សមត្ថភាព​ក្នុង​ការចូលរួម​ហិតក្លិន​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ដោយ​មិន​ចំណាយ​ថវិកា​ច្រើន វា​ពិតជា​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ទោះជា​យ៉ាងណា លោក​ រដ្ឋា បាន​ថ្លែងថា ចំពោះ​កិច្ចការ​នេះ​ត្រូវ​មាន​សុនខ​គ្រប់គ្រាន់ ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​នូវ​ជំងឺ​កូវីដ​ ១៩ នៅតាម​ខេត្ត ឬ​នៅតាម​តំបន់​ណា​ដែលមាន​ហានិភ័យ​ខ្ពស់​ពី​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ថ្លែងថា​៖ «​បើ​ប្រើប្រាស់​សុនខ​មាន​ប្រសិទ្ធភាព គឺ​ល្អ​ហើយ ព្រោះ​វា​មិន​ចំណាយ ថវិកា​ផង ​និង​មិន​ចំណាយ​ពេលវេលា​ច្រើន​ផងដែរ​។ ជាពិសេស វា​ចូលរួម​កាត់បន្ថយ​ការឆ្លង ហើយ​នៅពេលដែល​រកឃើញ​ឱ្យ​គាត់​ព្យាបាល​នៅតាម​ផ្ទះ ឬ​តាម​ទីកន្លែង​ត្រូវ​បាន​រៀបចំ​»៕

វីដេអូ៖