ភ្នំពេញៈ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​តាមរយៈ​កម្មវិធី​ «​ការបើកបរ​ដោយ​សុវត្ថិភាព និង​សេដ្ឋកិច្ច​ជំហាន​ទី​ ២» នឹង​ធ្វើការ​បណ្តុះបណ្តាល​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​និយោជិត​តាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ចំនួន ១ ០០០ ​នាក់ ​ក្នុង​រាជធានី-ខេត្ដ​ចំនួន ៧ ព្រមទាំង​ដាក់ឱ្យ​អនុវត្ត​នូវ App គាំទ្រ​ដល់​វិធីសាស្ត្រ​តាមដាន និង​វាយតម្លៃ​លទ្ធផល​នៃ​ការបណ្ដុះបណ្ដាល​នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​កម្មករ​និយោជិត​តាម​រោងចក្រ​។

លោក គឹម បញ្ញា តំណាង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា (AIP Foundation) ថ្លែងថា ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​គោលដៅ​ដែល​នឹងត្រូវ​បណ្ដុះបណ្ដាល​គឺ​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ស្ពឺ ខេត្ដ​កំពង់ឆ្នាំង ខេត្ដ​កំពង់ចាម ខេត្ដ​ស្វាយរៀង និង​ខេត្ដ​តាកែវ​។ ប៉ុន្ដែ​អង្គការ​ក៏មាន​គម្រោង​ពង្រីក​ការបណ្ដុះបណ្ដាល​នេះ​ទៅដល់​បណ្ដា​ខេត្ដ​ផ្សេងទៀត​ផងដែរ​នាពេល​ខាងមុខ​។

លោក​បន្តថា ការបណ្ដុះបណ្ដាល​នេះ គឺ​ផ្ដោតលើ​ខ្លឹមសារ​ចំនួន ២ ធំ គឺ​ទី​ ១ ការបើកបរ​ដោយ​សុវត្ថិភាព និង​ទី​ ២ ការបើកបរ​ដោយ​សេដ្ឋកិច្ចភាព​។ ការបើកបរ​ដោយ​សុវត្ថិភាព​នេះ​គឺ​ទាក់ទង​នឹង​ការគោរព​ច្បាប់ ការត្រួតពិនិត្យ​យានយន្ត​មុនពេល​ចេញដំណើរ និង​ការស្គាល់​ពី​ដែន​ងងឹត​ជាដើម​។

ចំណែក​ការបើកបរ​ដោយ​សេដ្ឋកិច្ច​ភាពផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន​ ២ គឺ​ទី​១ ​ការបើកបរ​ដោយ​ចំណេញ​ប្រេងឥន្ធនៈ និង​ទី​២ ​ការបើកបរ​ដោយ​ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដែល​កើតចេញពី​ផ្សែង​រថយន្ត​ចាស់ៗ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​បង្ហាញ​ដល់ អ្នកបើកបរ​អំពី​កត្ដា​ដែល​ជះឥទ្ធិពល​ និង​បច្ចេកទេស​លើ​ការសន្សំសំចៃ​ប្រេងឥន្ធនៈ និង​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​ក្រោយ​ការបណ្ដុះបណ្ដាល​នេះ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នឹង​កាន់តែ​យល់ដឹង​អំពី​ច្បាប់​អំពី​បច្ចេកទេស​ក្នុង​ការបើកបរ​អំពី​ការបើកបរ​យ៉ាងណា​ដើម្បី​ឱ្យមាន​សុវត្ថិភាព ក៏ដូចជា​ការត្រួតពិនិត្យ​យានយន្ត​មុនពេល​ធ្វើដំណើរ ហើយ​ដែលជា​លទ្ធផល​អ្នកបើកបរ​អាច​ផ្ដល់​សេវា​ដឹកជញ្ជូន​កម្មករនិយោជិត​ប្រកបដោយ​សុវត្ថិភាព ពុំ​សូវ​ជួប​គ្រោះថ្នាក់​ ឬ​ពុំមាន​គ្រោះថ្នាក់​អ្វី​សោះ​»​។

លោក​ថា តាមរយៈ​ការបណ្ដុះបណ្ដាល​នេះ​ក៏​ជួយ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​បាន​ចំណេញ​លើ​ការសន្សំសំចៃ​ប្រេងឥន្ធនៈ ឬក៏​ប្រាក់ចំណូល​ផងដែរ​។ តាមរយៈ​ចំណុច​នេះ​អង្គការ​សង្ឃឹមថា អ្នកបើកបរ​អាច​ពិចារណា​លើ​ការប្ដូរ​រថយន្ត​ដឹក​កម្មករ ព្រោះថា រថយន្ត​ដែល​ពួកគាត់​ប្រើ​រាល់ថ្ងៃនេះ​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចាស់ៗ ស៊ីប្រេង​ឥន្ធនៈ​ខ្លាំង​។ ដូច្នេះ​ពួកគាត់​អាច​ប្ដូរ​រថយន្ត ឬ​បើ​មិន​ប្ដូរ​រថយន្ត​ទេ​ក៏​អាច​កាត់បន្ថយ​​នូវ​ចំនួន​នៃ​ការដឹក​កម្មករ-និយោជិត​ពី​ការផ្ទុក​ចំនួន​ច្រើន​មក​តិច​វិញ​។

លោក​បន្តថា​៖ «​ការបណ្ដុះបណ្ដាល​នេះ យើង​សង្ឃឹមថា​ជួយ​ដល់​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​។ ដោយសារ​ថា​រថយន្ត​ដឹក​កម្មករ​សព្វថ្ងៃនេះ ជា​ប្រភេទ​រថយន្ត​ចាស់ៗ មាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ រហូតដល់ ២០ ​ឆ្នាំ ក៏មាន ដែល​បញ្ចេញ​ផ្សែង​បំពុលបរិស្ថាន​ខ្លាំង​។ ដូច្នេះ​សង្ឃឹមថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នឹងចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​ចាស់ៗ​បន្តទៀត​»​។

ចំណែក​ការដាក់​បង្កើត និង​អនុវត្ត​នូវ App ដែល​គាំទ្រ​ដល់​វិធីសាស្ត្រ​ក្នុង​ការតាមដាន​ និង​វាយតម្លៃ​លទ្ធផល​នៃ​ការបណ្ដុះបណ្ដាល​នេះ គឺ​គាំទ្រ​ដល់​វិធីសាស្ត្រ​ក្នុងការ​តាមដាន​ និង​វាយតម្លៃ​លទ្ធផល​នៃ​ការបណ្ដុះបណ្ដាល​។ លោក​ថ្លែងថា ជា​ការពិត​អង្គការ​មាន​វិធីសាស្ដ្រ​ក្នុង​ការវាយតម្លៃ​ដោយ​ដៃ​ ឬ​ដោយ​ភ្នែក​ក៏ប៉ុន្ដែ​ការបង្កើត App គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការវាយតម្លៃ​កាន់តែ​ច្បាស់លាស់​លើ​ប្រសិទ្ធភាព​នៃ​ការបណ្ដុះបណ្ដាល​ថា​តើ​អ្នកបើកបរ​រថយន្ត ដឹក​កម្មករ​ដែល​ទទួល​បាន​ការបណ្ដុះបណ្ដាល​នេះ​មាន​ការយល់ដឹង​កើនឡើង​ហើយ​មាន​ការកែប្រែ​ឥរិយាបថ​ដែរឬទេ​?

លោក បញ្ញា បាន​បញ្ជាក់ថា​៖ «​ជួនកាល​នៅពេលដែល​គាត់​រាយការណ៍​ ឬ​នៅពេលដែល​យើង​ចុះទៅ​ជាមួយ​គាត់ យើង​ឃើញ​មានការ​កែប្រែ​។ ប៉ុន្ដែ​ក្នុង​ឥរិយាបថ​ជាក់ស្ដែង ពេលដែល​យើង​មិន​ទៅ គាត់​អាច​នឹងមិន​កែប្រែ​។ ដូច្នេះ​App នេះ​គឺ​ជួយ​ឱ្យ​យើង​ដឹងថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នោះ​ប្រើប្រាស់​ល្បឿន​លឿន​ទេ គាត់​ចាប់ហ្វ្រាំង​យ៉ាងម៉េច​ជាដើម​»​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​កែសម្រួល​មេរៀន​សម្រាប់​ការបណ្ដុះបណ្ដាល​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយនឹង​គ្រោង​ធ្វើការ​បណ្ដុះបណ្ដាល​រំឭក​ឡើងវិញ​ដល់​គ្រូ​បង្គោល​ដែលជា​មន្ដ្រី​មកពី​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ និង​នៅតាម​អង្គភាព​រាជធានី-ខេត្ដ​ពាក់ព័ន្ធ​នា​ពាក់កណ្ដាល ខែវិច្ឆិកា និង​ឈានទៅ​បណ្ដុះបណ្ដាល​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​ ២០២១ នេះ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពិនិត្យ​មើលថា តើ​ខេត្ដ​គោលដៅ​ណា​ដែល​ការដាក់កំហិត​ទាក់ទង​នឹង​ការជួបជុំ មិន​​តឹងតែង​ខ្លាំង ដែល​អាច​ផ្ដល់​លទ្ធភាព​ដល់​យើង​ក្នុង​ការបណ្ដុះបណ្ដាល​បាន​ដោយផ្ទាល់ យើង​នឹង​ចាប់ផ្ដើម​ទៅ​ខេត្ដ​នោះ​មុន​។ យើង​សង្ឃឹមថា​វគ្គ​បណ្ដុះបណ្ដាល​នេះ បើសិនជា​មិនមាន​បញ្ហា​កូវីដ​ ១៩ នៅក្នុង​សហគមន៍​ទេ យើង​នឹង​អាច​បញ្ចប់​នៅត្រឹម​ខែ​មីនា ឆ្នាំ​ ២០២២»​។

លោក ចាយ សំណាង អនុប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន​ និង​ទំនាក់ទំនង​សាធារណ:​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប.ស.ស​) ថ្លែង​នៅ​ថ្ងៃទី​ ២៧ តុលា​ថា ប.ស.ស គាំទ្រ​ចំពោះ​សកម្មភាព​បណ្ដុះបណ្ដាល​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​អង្គការ AIP Foundation បានរៀបចំ​ឡើង​នេះ​។ លោក​ថា ប.ស.ស ក៏មាន​កម្មវិធី​បណ្ដុះបណ្ដាល​បែបនេះ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​ទូទាំងប្រទេស តាំងពី​ឆ្នាំ​ ២០១៨-២០១៩ កន្លងមក​ដែរ​។

លោក​ថ្លែងថា​៖ «​ការបណ្ដុះបណ្ដាល​នេះ វា​ជា​ការណ៍​មួយ​ល្អ ព្រោះ​អ្វីដែល​ធ្វើ​នេះ​គឺ​ក្នុង​គោលដៅ​រួម គឺ​យើង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ដល់​បងប្អូន​កម្មករ​ដែល​គាត់​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​។ រឿងនេះ​រដ្ឋាភិបាល​យើង​ក៏​ធ្វើ អង្គការ​ក៏​ធ្វើ​»​។

លោក​ថា​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​កម្មករនិយោជិត​ក្នុង​រយៈពេល​ ៩ ខែ​ឆ្នាំ​ ២០២១ ​នេះ គឺមាន​ការធ្លាក់ចុះ​។ ប៉ុន្ដែ​អ្វីដែល ប.ស.ស នៅ​បន្ត​ព្រួយបារម្ភ​នោះ​គឺ​ករណី​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​ថ្មី​ជាប្រចាំ ដែល​ទាមទារ​​ឱ្យមាន​ការតាមដាន និង​ការបណ្ដុះបណ្ដាល​ជាប់​ជាប្រចាំ​។ តាម​របាយការណ៍​សន្តិសុខ​​សង្គម​របស់ ប.ស.ស នាពេល​ថ្មីៗ​​នេះ​បានឱ្យ​ដឹងថា នៅក្នុង​ចំណោម​រថយន្ត​ដែល​កំពុងផ្តល់​​សេវា​ដឹកជញ្ជូន​កម្មករ​ទៅមក​​បំពេញ​ការងារ​ក្នុង​ឆ្នាំ​ ២០១៩ ​មាន​ប្រមាណ​ ៦០% គឺជា​រថយន្ត​ប្រភេទ​ដឹកទំនិញ​៕