សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប សម្រេច​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ដោយ​អនុវត្តការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង ឯកជន​គ្រប់​កម្រិត ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប។

លិខិត​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​នេះ​សម្រេច​ឱ្យ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ដោយ​អនុវត្ត​ការ​បង្រៀន និងរៀន​តាម​បណ្តុំ សម្រាប់​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​គ្រប់​កម្រិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប។

លោក ទៀ សីហា បញ្ជាក់​ថា ៖«រដ្ឋបាល​ខេត្ត​សៀមរាប បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បើក​ដំណើរការ​ក្នុង​ជំហាន​ទី១ មានគ្រឹះស្ថាន​សិក្សា​ចំនួន ១៧៣ រួច​មក​ហើយ។ ដោយឡែក ក្នុង​ជំហាន​ថ្មី​បន្ទាប់​នេះ រដ្ឋបាល​ខេត្ត​សៀមរាប នឹង​អនុញ្ញាត​ឱ្យបើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថាន​ចំណេះ​ទូទៅ​សាធារណៈ និង ឯកជន គ្រប់​កម្រិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត សៀមរាប ចាប់ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា តទៅ»។

បើ​តាម​លោក​អភិបាល​ខេត្ត​សៀមរាប ការ​សម្រេច​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​នេះ ធ្វើ​ឡើង​ដោយ​យោង​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​សេចក្តី​ណែនាំ លេខ ៦០ អយក សណន. ចុះ​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២១ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់កម្រិត គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ទាំង​សាធារណៈ​និង​ឯកជន​និង​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​គ្រូ។

ព្រម​ទាំង​សេចក្តី​ណែនាំ លេខ ៥០អយក.សណន. ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ស្តីពី​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ការ​លើក​កម្ពស់ សុខភាព និង​សុវត្ថិភាព​សិក្សា​ក្នុង​ការ​បង្រៀន និង​រៀន​តាម​បណ្តុំសម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ព្រម​ទាំង​សេចក្តី​ណែនាំ លេខ ០២៣/២១ ស.ណ.ន ចុះ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ ១៩ ចំពោះការ​បើក​ដំណើរការ​ឡើង​វិញ នូវ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប។

លោក ទៀ សីហា បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ស្ថានភាព​ជាក់​ស្តែង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ ១៩ សំដៅ​ការពារ​សុខភាព​សាធារណៈ​ អាយុ​ជីវិត របស់​ប្រជាពលរដ្ឋ សណ្តាប់​ធ្នាប់សាធារណៈ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និងប្រកប​ដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ទើប​រដ្ឋបាល​ខេត្ត​សម្រេច​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ ៕