ភ្នំពេញៈ ប្រព័ន្ធ QR Code Stop Covid កម្ពុជា​ឈ្នះ​ពានរង្វាន់​នវានុវត្តន៍​ឌីជីថល​ពី​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (ITU) និង​អង្គការ​សហប្រជាជាតិ​។ ការឈ្នះ​នេះ កម្ពុជា​នឹង​ទទួលបាន​ប្រាក់រង្វាន់ ចំនួន ២០០០០ ដុល្លារ​អាមេរិក ថែមទាំង​ទទួលបាន​ការអញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​ ដើម្បី​ចែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​បណ្តា​ប្រទេស​ដទៃទៀត ​សម្រាប់​យក​ជា​គំរូ​ផងដែរ​។

ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​នៅ​រសៀល​ថ្ងៃទី ៣០ ខែតុលា​នេះ​ថា ក្នុង​ថ្ងៃទី​ ២៩ ខែតុលា​នេះ ប្រព័ន្ធ QR Code Stop Covid ដែល​រៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានទទួល​ពានរង្វាន់​នវានុវត្តន៍​ឌីជីថល​សកល​ស្តីពី​កូវីដ ១៩ (Global South Covid-19 Digital Innovation Challenge) ពី​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និង​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ចសហការ​ភាគខាងត្បូង (UNOSSC) ដែល​ជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​វិស័យ​ទូរគមនាគមន៍ និង​ឌីជីថល​។

ក្រសួង​បញ្ជាក់ថា៖ «​នេះ​គឺជា​លើក​ទី​ ១ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បានឈ្នះ​ពានរង្វាន់​កម្រិត​ពិភពលោក​លើ​វិស័យ​ទូរគមនាគមន៍ និង​ឌីជីថល ហើយក៏​ជា​ជោគជ័យ​ដ៏អស្ចារ្យ​ ដែលជា​សក្ខីភាព​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​ដែល​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍ​នូវ​កម្មវិធី​ឌីជីថល ដែល​មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​» ។

ក្រសួង​នេះ​បានឱ្យដឹងថា កម្មវិធី​នវានុវត្តន៍​ឌីជីថល​សកល​ស្តីពី​កូវីដ​ ១៩ គឺជា​កម្មវិធី​ប្រកួតប្រជែង​នវានុវត្តន៍​កម្រិត​សកល ផ្តល់ជូន​ប្រទេស​សមាជិក ដែលមាន​គំនិត​ច្នៃប្រឌិត​ក្នុង​ការបង្កើត​ដំណោះស្រាយ​ផ្នែក​ឌីជីថល អនុញ្ញាតឱ្យ​សហគមន៍ ស្ថាប័ន និង​ប្រជាពលរដ្ឋ​របស់ខ្លួន​អាច​ប្រើប្រាស់​ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការរាតត្បាត​នៃ​ជំងឺ​រាតត្បាត​បាន​ទាន់ពេលវេលា​។

កម្មវិធី​នេះ​មាន​ ២៥០​ ស្ថាប័ន​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ប្រកួត ហើយ​កម្ពុជា​ដែល​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​តំណាង ក៏បាន​យក​ប្រព័ន្ធ QR Code Stop Covid ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ និង​ជំរុញ​ដាក់ឱ្យ​ប្រើប្រាស់ ដើម្បី​គ្រប់​ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​សម្រាប់​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​។ ប្រព័ន្ធ​នេះ ក៏បាន​ក្លាយជា​ប្រព័ន្ធ QR Code បណ្ណ​ចាក់​វ៉ាក់សាំង ឌីជីថល Stop QR Code Vaccine ដែល​ប្រើ​សម្រាប់​ពហុគោលបំណង ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​អនាគត​។

ក្រសួង​បានបញ្ជាក់​ទៀតថា៖ «​ការទទួល​បាន​ជយលាភី​នេះ​កម្ពុជា​នឹង​ទទួលបាន​ពានរង្វាន់ និង​ប្រាក់រង្វាន់​ចំនួន ២០ ០០០ ដុល្លារ​អាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​ការពង្រីក​បន្ថែម​ប្រព័ន្ធ​ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​គឺ​ការទទួលបាន​ការអញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី ហ្វឹកហ្វឺន ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​ទូរគមនាគមន៍ អន្តរជាតិ ដើម្បី​ចែក​ចំណេះដឹង និង​បទពិសោធន​របស់​កម្ពុជា​យើង​ជូន​ដល់​បណ្តា​ប្រទេស​ដទៃទៀត​ សម្រាប់​យក​ជា​គំរូ​ផងដែរ​»៕

វីដេអូ៖