ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​ ៧ ​នាក់​ (​ស្រី​ ១ ​នាក់​) របួសធ្ងន់ ៨ ​នាក់ (​ស្រី​ ១ ​នាក់​) និង​របួសស្រាល ៤ ​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ ២០២១​។ នេះ​បើតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​ ៣០ ខែតុលា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​ ១៩ ​នាក់ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ១១ ​លើក​។

ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ និង​របួសធ្ងន់ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ណែនាំ​ជារឿយៗ​ឱ្យ​អ្នកធ្វើដំណើរ និង​អ្នកបើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ ឬ​ខ្សែក្រវាត់​សុវត្ថិភាព រៀងរាល់​ពេលធ្វើ​ដំណើរ​តាម​យានយន្ត គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​យល់ដឹង​ និង​គោរព​សិទ្ធិ​អាទិភាព ពិនិត្យ​យានយន្ត​ឱ្យមាន​សុវត្ថិ​ភាពល្អ និង​ត្រូវ​ប្រើប្រាស់​សម្ភារ​ងាយ​មើលឃើញ​នៅពេល​ដើរ ឬ​ជិះកង់​។

ជាមួយ​គ្នា​នោះ ក្រសួង​បាន​រំឭក​ជារឿយៗ កុំឱ្យ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង កុំ​ជជែក​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់ កុំ​បើកបរ​ ឬ​ធ្វើដំណើរ​តាម​យានយន្ត​ផ្ទុក​លើស​ចំណុះ និង​កុំ​ប្រើប្រាស់​ទូរស័ព្ទដៃ​នៅពេល​បើកបរ​ផងដែរ​៕