ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រកាស​នៅថ្ងៃនេះ​ថា សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៦៦២ ​គ្រឿង មាន​ម៉ូតូ​ចំនួន ៤៩៧ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩. ​អនក្រ.បក នៅ​ទូទាំង​ប្រទេស តាមរយៈ​ការពិនិត្យ​យានយន្ត​ដែល​ចូល​គោលដៅ​ចំនួន ៥ ៨៨៣ ​គ្រឿង ម៉ូតូ ៤ ០៩៧ ​គ្រឿង​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្តីពី​ការរឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ចំនួន​គោលដៅ​សរុប ១៥៥ ​គោលដៅ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន ៥ ៨៨៣ ​គ្រឿង ម៉ូតូ​ ៤ ០៩៧ ​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៦៦២ ​គ្រឿង មាន​ម៉ូតូ​ចំនួន ៤៩៧ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩. ​អនក្រ.បក នៅ​ទូទាំង​ប្រទេស​។

ដោយឡែក​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ (​ថ្ងៃទី​ ០១-៣០ ខែតុលា​) ការរឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ១២០ ៩៨០ ​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ១៧ ៤៧០ ​គ្រឿង មាន​ម៉ូតូ​ចំនួន ១៣ ៦៨៩ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស​។

របាយការណ៍​ដដែល​បញ្ជាក់ថា រយៈពេល​ ៣០ ​ថ្ងៃ​នៃ​ខែតុលា​នេះ ការអនុវត្ត​តាម​អនុក្រឹត្យ​ក្នុង​ការផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួល​បាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ល្អប្រសើរ​៕