ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ស្វា​ត្រោស​ដែលជា​ប្រភេទ​សត្វ​កម្រ​មាន​ចំនួន​កើនឡើង​រហូតដល់​ទៅ​ជាង​ ២ ០០០ ក្បាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈ​ចំនួន​ស្វា​ត្រោស​លើ​ពិភពលោក​មាន​ការថយចុះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ៣០ ខែតុលា ថា ខណៈ​ការវាយតម្លៃ​រួម​ថា​ចំនួន​ស្វា​ត្រោស​នៅលើ​ពិភពលោក​មាន​និន្នាការ​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា របាយការណ៍​សិក្សា​បានឱ្យដឹងថា​សត្វ​ស្វា​ត្រោស​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ មាន​ចំនួន​កើនឡើង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក ភក្ត្រា បន្តថា កំណើន​នៃ​ប្រភេទ​សត្វ​ស្វាត្រោស​បានបង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​ផែនការ​ការពារ​ និង​អភិរក្ស​ដែនជម្រក​សត្វព្រៃ​ដែល​ជា​ផ្នែក​មួយ​គាំទ្រ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា​ដែល​ប្រើប្រាស់​​ ដើម្បី​គាំទ្រ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ពង្រឹង​ជីវភាព​សហគមន៍​តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្តល់​ជម្រើស​មុខរបរ​ថ្មីៗ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​។

លោក​សរសេរថា​៖ «​ការណ៍​នេះ​ធ្វើឱ្យ​យើង​ការពារ​បាន​ប្រសើរ​នូវ​ទីជម្រក ប្រភពទឹក និង​កន្លែង​រក​ចំណី និង​កាត់បន្ថយ​បាន​នូវ​កត្តា​គំរាមកំហែង​ផ្សេងៗ​។ យោងតាម​របាយការណ៍​សិក្សា​ធ្វើឡើង​ដោយ​ក្រសួងបរិស្ថាន​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ឆ្នាំ​ ២០២០ គ្រាន់តែ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា​ចំនួន​ស្វាត្រោស​បាន​កើនឡើង​ពី ៧៣៣ ក្រុម​នៅ​ឆ្នាំ ២០១០ ដល់ ១៤៧៣ ក្រុម​នៅ​ឆ្នាំ ២០២០ ដែលមាន​ចំនួន​ចន្លោះ​ពី ១១២២ ដល់ ២០៨៨ ក្បាល​»​។

លោក ភក្ត្រា បន្ថែមថា ស្វា​ត្រោស​ជា​ប្រភេទ​សត្វ​ពានរ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ថា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។

ស្វាត្រោស​ត្រូវបាន​គេ​ដឹងថា​មាន​វត្តមាន​នៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ ១៧០០ ​ក្បាល និង​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​ប្រមាណ ១៥០០ ​ក្បាល​។ ប្រទេស​ថៃ​ត្រូវបាន​គេ​ជឿថា​មាន​វត្តមាន​ស្វា​ត្រោស​ច្រើន​ផងដែរ​។

សត្វ​ស្វាត្រោស​រស់នៅ​តាម​ព្រៃស្រោង និង​ព្រៃ​ល្បោះ ហើយ​រស់នៅ​ជា​ហ្វូង​ពី ៥ ទៅ ៦ ក្បាល និង​ក្រុម​ធំ រហូតដល់ ៤០ ​ក្បាល​។ ហ្វូង​របស់​វា​មិន​រស់នៅ​កន្លែង​ណាមួយ​ពិតប្រាកដ​ទេ វា​តែងតែ​ដើរ​គ្រប់ទិសទី​ពេញ​ព្រៃ​។ ចំណី​របស់​វា​មាន​ផ្លែឈើ ផ្កាឈើ គ្រាប់​ធុញ្ញជាតិ និង​សត្វល្អិត​។ វា​រក​ចំណី​នៅលើ​ដើមឈើ និង​នៅលើ​ដី​។

ស្វាត្រោស​មាន​ក្បាល ដងខ្លួន និង​ផ្នែក​កន្ទុយ​មាន​ពណ៌​ចាស់​ជាង​ផ្នែក​ចំហៀង​នៃ​ដងខ្លួន ដែល​មាន​ពណ៌​ភ្លឺរលោង​។ កន្ទុយ​មាន​ប្រវែង ១/៣ នៃ​ប្រវែង​ក្បាល​ដងខ្លួន ហើយ​មាន​កន្ទុយ​កោង​ជា​ទម្ពក់​បះ​ទៅលើ​។ នៅលើ​ក្បាលមាន​ក្រយៅ​ពណ៌​ត្នោត​ចាស់ ដែលមាន​រោម​ខ្លី​បះ​ត្រង់ៗ មើលទៅ​រាង​ដូច​មួក​កាតឹប​។

នៅ​ជុំវិញ​មុខ វា​មាន​រោម​កញ្ចុំ​ពណ៌​ប្រផេះ​ចាស់​បះ​ត្រង់​ព័ទ្ធជុំវិញ​ស្ទើរតែ​លុប​បាត់​ត្រចៀក​។ ពណ៌​សម្បុរ​ស្វា​ត្រោស​ប្រែប្រួល​ទៅតាម​អាយុ​ និង​ភេទ​។ ទម្ងន់​ស្វាញី​តិចជាង​ពាក់កណ្តាល​ទម្ងន់​ស្វា​ឈ្មោល​។ ជាទូទៅ ស្វា​ត្រោស​ឈ្មោល​ជំទង់​មាន​ទម្ងន់​ចន្លោះ​ពី ១១ ​គីឡូក្រាម ទៅ​ ១៣,៥ គីឡូក្រាម​៕