​ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ប្រភេទ​ស៊ី​ណូ​រ៉ា​ក់ ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ​ជូន​ដល់​កុមារ​អាយុ​ ៥ ​ឆ្នាំ ចាប់​ទី​ថ្ងៃទី ​១ ខែវិច្ឆិកា តទៅ​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​ក្នុង​សេចក្តីជូនដំណឹង​កាលពី​យប់​ថ្ងៃទី​ ៣០ ខែតុលាថា​៖ «(​ក្រសួងសុខាភិបាល​) នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ដោយ​ប្រើប្រាស់វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​កុមារ ដែលមាន​អាយុ ៥​ ឆ្នាំ នៅ​រាជធានី​-ខេត្ត​ទាំង ​២៥ ដែល​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ដែល​គម្លាត​រវាង​ដូ​ស​ទី​១ និង​ទី​២ គឺ ​២៨ ​ថ្ងៃ​»​។​

​ក្រសួង​បញ្ជាក់ថា អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​រាជធានី-​ខេត្ត និង​មន្ទីរ​សុខាភិបាល​រាជធានី​-ខេត្ត ត្រូវ​ចាត់ចែង​រៀបចំ​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ជូន​ដល់​កុមារដែល​មកចាក់​វ៉ាក់សាំង​ទាំងអស់​ឱ្យមាន​ភាពរលូន និង​គ្រប់គ្រង​សណ្តាប់ធ្នាប់ និង​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ ​១៩ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​ក្រសួង​ក៏បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ពិនិត្យ​សុខភាព​កុមារ​ទាំង​មុន និង​ក្រោយ​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ឱ្យបាន​ត្រឹមត្រូវ​។​

​ក្រសួង​បញ្ជាក់ថា​៖ «​សូម​អំពាវនាវ​ដល់​លោក​អ៊ំ ពូ មីង ពុក ម៉ែ បងប្អូន​ទាំងអស់ សូមមេត្តា​ចូលរួម ដោយ​នាំ​កូនចៅ ចៅទួត ក្មួយៗ ដែលមាន​អាយុ​ ៥ ​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ នៅតាម​ទីតាំង និង​កាលបរិច្ឆេទ​ដែល​បាន​កំណត់ឱ្យបាន​គ្រប់គ្នា​»​។

​ក្រសួង​បន្តថា ទោះបីជា​បុគ្គល​ម្នាក់ៗ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ក្តី ក៏ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ «៣​ ការពារ​» (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង «៣​ កុំ (​កុំទៅ​កន្លែង ដែលមាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​)៕​