​ឧ​ត្ត​រ​មានជ័យ​: ​លោក ហែល ឆេង​ហុង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្លែង​នៅ​ថ្ងៃទី ៣១ ខែតុលា​ថា បុរស​ ២​ នាក់ ​ដែល​ចូល​កាប់​ឈើ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ហើយ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​បញ្ជូនមក​តុលាការ​កាលពី​ថ្ងៃទី ២៩ ខែតុលា ត្រូវបាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

លោក​ថ្លែងថា៖ «​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន បុរស​ ២​ នាក់​ដាក់ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ពាក់ព័ន្ធ​បទល្មើស កាប់​ប្រមូល​ឈើប្រណីត​នៅ​តំបន់ការពារធម្មជាតិ តាម​មាត្រា ​៥៦ កថាខណ្ឌ​ទី​១ ចំណុច​ទី​៤ និង​មាត្រា ​៦២ កថាខណ្ឌ​ទី​១ ចំណុច​ទី​២ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​»។

ព្រះសង្ឃ​ព្រះនាម ថូ ធូរ​ស់ ប្រធានស្តីទី​នៃ ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន បានឱ្យដឹង​នៅ​ថ្ងៃទី ៣១ ខែតុលា​ថា រយៈពេល ១០​ ខែ ឆ្នាំ​ ២០២១ នេះ ឈើប្រណីត​ប្រភេទ​ធ្នង់​​ ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ត្រូវបាន​កាប់បំផ្លាញ​អស់​ប្រមាណ ៧០០​ ដើម​។ ប៉ុន្តែ កន្លងមកនេះ​មិនដែល​ចាប់បាន​ជនល្មើស​ឡើយ​។

ព្រះសង្ឃ​​បញ្ជាក់ថា ទើបតែ​នៅ​ថ្ងៃទី​ ២៨ តុលា កម្លាំង​​ចម្រុះ​បាន​ពួន​ស្ទាក់​ចាប់បាន​ជនល្មើស ២​ នាក់​ នៅ​ហ្នឹង​កន្លែង​រួមជាមួយ​ភ័ស្តុតាង​ឈើ​ធ្នង់​កំពុង​ស្ពាយ និង ៨​ នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​ទាំងយប់​ត្រង់ចំណុច​ខាងត្បូង​ស្នាក់ការ​តំបន់​ស្នូល​ចម្ងាយ​ប្រហែល​ជាង ១​ គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ព្រះ​សង្ឃបានឱ្យដឹងថា ជនល្មើស​មានឈ្មោះ ម៉ៅ វន ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ រស់នៅ​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឈ្មោះ សឹង បូ​ឡា ភេទ​ប្រុស អាយុ ៣៨​ ឆ្នាំ រស់នៅ​ភូមិ​គិរី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ចំណែក​វត្ថុតាង​មាន​ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន ១៣​ ដុំ​។

ព្រះអង្គ​បានឱ្យដឹងថា៖ «មនុស្ស​ហ្នឹង​ត្រូ​បាន​បញ្ជូនទៅ​ស្នងការ​នៅ​ថ្ងៃទី ​២៩ ខែតុលា នៅពេល​ព្រឹក និង​នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ទៅ​តុលាការ ចាត់ការ​តាមច្បាប់​។ ហើយ​ខាង​ស្នងការ​លោក​កំពុងស៊ើប​អ​ង្កេត​រឿង​ហ្នឹង ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​»។

ព្រះសង្ឃក៏បានអំពាវនាវឱ្យបញ្ឈប់​ការធ្វើសកម្មភាព​កាប់បំផ្លាញ ឬ​ចូល​លួច​ផ្លែឈើ​នៅក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័នបន្តទៀត និង​សំណូមពរ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​តាមច្បាប់​ដែលមាន​ជា​ធរមាន​៕