
កម្លាំងអង្គរក្សប្រើបាវទប់ទឹកជំនន់ក្នុងខណ្ឌដង្កោ។ ហេង ជីវ័ន
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តថែរក្សា ការពារប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ពីទឹកស្ទឹងព្រែកត្នោត គឺមិនត្រូវលែងដៃឡើយ ដើម្បីឱ្យពលរដ្ឋរស់នៅបានសុខ រហូតដល់ទឹកស្រកអស់ធម្មតាឡើងវិញ។
លោក ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៨៦៩ គ្រួសារ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ នេះ។
លោកបានថ្លែងថា៖ «បើទោះបីទឹកជំនន់ស្ទឹងព្រែកត្នោតបានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរដែលជាម៉ែជាឪរបស់បងប្អូនប្រជាពលរដ្ឋនៅតែតាមមើលថែបងប្អូនប្រជាពលរដ្ឋជានិច្ច។ មានន័យថាលុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញទើបយើងអាចលែងដៃបាន»។
លោក ឃួង ស្រេង នៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២១ នេះ បាននាំយកអំណោយកាកបាទក្រហមចែកជូនដល់ពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង ទឹកសណ្ដស្ទឹងព្រែកត្នោតចំនួនជិត ២ ពាន់ គ្រួសារស្ថិតនៅក្នុងសង្កាត់សាក់សំពៅ សង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានចុះពិនិត្យការកាយប្រឡាយបង្ហូរទឹកចូលស្ទឹងព្រែកត្នោតវិញត្រង់ចំណុចផ្លូវបេតុងចូលវត្តកំពង់ក្ដុល។
លោកបានថ្លែងថារដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គួបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀងបណ្តាលមកពី ការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។
បើតាមលោក ឃួង ស្រេង កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង បណ្ដាលឱ្យមានការហូរច្រោះ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។ ហើយនៅថ្ងៃទី ២៥ និងទី ២៦ ខែ តុលា ឆ្នាំ ២០២១ ជំនន់ទឹកភ្លៀងបានបន្តហូរជន់លិចភូមិចំនួន ៤ ក្នុងសង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
លោកបានថ្លែងថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះដល់អាយុជីវិតឡើយ។
លោកបន្តថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ផ្ដល់នូវអំណោយមនុស្សធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬប្រកាន់បក្ខពួកឡើយ»។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ «ជាក់ស្ដែងថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងនោះអំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងអង្ករ ១ បាវ»។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្តនិងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយត្រូវអនុវត្តន៍នូវរាល់វិធានការទាំងឡាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ»ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ ១៩។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន ចំនួន ១០ សង្កាត់ស្មើនឹង៣៥ ភូមិ នៃខណ្ឌដង្កោ។ ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះប្រជាពលរដ្ឋចំនួន ៨៦៩ ខ្នង ស្មើនឹងប្រជាពលរដ្ឋ ២ ៣២៧ នាក់ បានទទួលរងនូវការលិចលង់ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយផ្ដល់ជូនផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ទឺកជំនន់ទឹកភ្លៀង នៅចំណុចទំនប់សណ្តស្ទឹងព្រែកត្នោត បានរងផលប៉ះពាល់ដល់ពលរដ្ឋ ក្នុងខណ្ឌដង្កោ និងខណ្ឌកំបូលសរុបប៉ះពាល់ ១១ សង្កាត់ (ខណ្ឌដង្កោ ១០ សង្កាត់ និងខណ្ឌកំបូល ១ សង្កាត់)។ ប៉ះពាល់ប្រជាជន ៣ ១៩៩ គ្រួសារ ស្មើប្រមាណ ១១ ៣៩៩ នាក់។ ផ្ទះប្រជាជនប៉ះពាល់ ២,៩៦៣ ខ្នង។ ផ្ទៃដីស្រូវវស្សាប៉ះពាល់ ១៣៥ ហិកតា៕