កោះកុងៈ ក្មេង​ប្រុស​ ៣ នាក់ ​កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្រែអំបិល ​នៅ​ថ្ងៃទី ៣១ ​តុលា ​ដោយសារ​រើស​គ្រាប់​បោះ​លេង​ហើយ​ផ្ទុះ​ត្រូវ​របួស​ជើង​ទាំង ​៣ នាក់ ​នៅ​ភូមិ​ជីត្រេះ ​ឃុំ​អណ្តូងទឹក ​ស្រុក​បទុមសាគរ ​ខេត្ត​កោះ​កុង។

លោក ​សុខ ផន ​អធិការ​នគរបាល​ស្រុក​បទុមសាគរ​ឱ្យដឹង ​នៅ​ថ្ងៃទី ៣១ ​តុលា​ថា ​ក្មេង​រងរបួស​ដោយ​ផ្ទុះ​គ្រាប់​មាន​ឈ្មោះ​ ឡូ ឡុយ ​ភេទប្រុស ​អាយុ​ ១២ ឆ្នាំ ​ឈ្មោះ​ ជិន អេ ​ភេទប្រុស ​អាយុ​ ១៣ ឆ្នាំ ​និង​ឈ្មោះ ​សាយ សុវណ្ណារ៉ា​ ភេទប្រុស ​អាយុ​ ១៣ ឆ្នាំ។ ពួកគេ ​រស់នៅ ​ភូមិ​ជីត្រេះ ​ឃុំ​អណ្តូងទឹក ​ស្រុក​បទុមសាគរ ​ខេត្ត​កោះកុង​។

លោក​បន្ត​តាម​សម្តី​សាច់ញាតិ​ក្មេង​រងគ្រោះ​ថា ​បច្ចុប្បន្ន​ក្មេងប្រុស​ទាំង​ ៣ នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រែ​អំបិល​ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង។

លោក​ សុខ ផន ​បញ្ជាក់​ថា​៖ «ក្មេង​ទាំង ​៣ នាក់ ​សុទ្ធតែ​របួស​ធ្ងន់ ​តែ​នៅ​ផ្នែក​ជើង​ទេ។​ ពួកគេ​នាំគ្នា​បោះ​គ្រាប់​លេង​ហើយ​ផ្ទុះ»។

ដោយ​ឡែក​លោក ​ប៉ែន ហម ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អណ្តូងទឹក​ប្រាប់​នៅ​រសៀល​ថ្ងៃទី ៣១ ​តុលា​ថា ​មុន​ពេល​កើត​ហេតុ ​វេលា​ម៉ោង​ជាង ​១ រសៀល ​ថ្ងៃ​ទី ៣០ ​តុលា ​ក្មេងៗ​ទាំង ​៣ នាក់ ​បាន​នាំគ្នា​ឃ្វាល​ក្របី​តាម​បណ្តោយ​ផ្លូវ​សាយ​ភូថង។ រហូត​ដល់​ម៉ោង​ជិត​ ២ រសៀល​ ពួកគេ​រើស​បាន​គ្រាប់ ​៦០ មីលី​ម៉ែត្ រ​១ គ្រាប់ ​នាំគ្នា​បោះ​លេង​ហើយ​ក៏ផ្ទុះ​ទៅ។

លោក​ថា ​ក្រោយ​ផ្ទុះ ​ក្មេង​ឃ្វាល​ក្របី​ក្បែរ​កន្លែង​កើតហេតុ ​បានរត់​មក​ប្រាប់​អ្នកភូមិ​ ហើយ​រាយការណ៍​បន្ត​មក​សមត្ថ​កិច្ច​របស់​លោក។​ ប្រមាណ​ជា ​១០ នាទី​ក្រោយ​មក ​សមត្ថកិច្ច​របស់​លោកបាន​ចុះ​ដល់​ទីតាំង​កើត​ហេតុ និង​ដឹក​ក្មេង​រងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំ​អណ្តូងទឹក ​ដើម្បី​ធ្វើការ​សង្គ្រោះ​បឋម។​ ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ចេញ​ឈាម​ច្រើន​ពេក​ក្រុមគ្រូពេទ្យ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែអំបិល​ដើម្បី​សង្គ្រោះ​បន្ត។

លោក​ប្រាប់ថា​៖ «អា​គ្រាប់ ​៦០ ហ្នឹង​ផ្ទុះ​ត្រូវតែ​ផ្នែក​ខាង​ក្រោម​ទេ។ ក្មេង​រងគ្រោះ​ត្រូវ​របួស​ជើង​ទាំងអស់​គ្នា»។

លោក​បញ្ជាក់ថា ​នៅ​ក្នុង​ស្រុក​បទុមសាគរ ​គឺជា​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​ជំនាន់​រដ្ឋ​កម្ពុជា។​ ដូច្នេះ​គ្រាប់​ផ្ទុះ​នេះ​ជា​សំណល់​គ្រាប់​ចាស់​ទេ។ បន្ទាប់ពី​កើត​មាន​ផ្ទុះ​គ្រាប់ ​លោក​បាន​ទាក់ទង​អង្គការ​ហេឡូត្រាស់​ឱ្យជួយ​ពិនិត្យ ​និង​រាវ​រក​គ្រាប់​នៅ​កន្លែង​កើត​ហេតុ​នោះ​បន្ត​ ក្រែង​មាន​នៅ​កប់​ដី​ទៀត។

ជាមួយ​គ្នានេះ ​លោក​ទេស​រដ្ឋមន្រ្តី ​លី ធុជ ​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា​នឹង​ចុះទៅ​ខេត្ត​ប៉ៃលិន ​ខេត្ត​បាត់ដំបង ​និង​ខេត្ត​បន្ទាយ​មានជ័យ ​ដើម្បី​ដំឡើង​ផ្ទាំង​ប៉ាណូ ​និង​សរសេរ​ជាសារ ​ដើម្បី​ផ្តល់​ការការពារ ​ការអប់រំ​យល់​ដឹង ​អំពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​ដែលជា​ខេត្ត​មាន​គ្រោះ​ទឹកជំនន់ ស្របពេល​នៃ​ការកើន​ឡើង​ជនរង​គ្រោះ​ជា​កុមារ ​ដោយ​សារ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ៕

វីដេអូ៖