ភ្នំពេញៈ កម្ពុជា​មាន​សត្វទោច​មកុដ​ច្រើនជាងគេ ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ខណៈ​សត្វ​ទោច​មកុដ​នៅ​ទូទាំង​ពិភពលោក​មាន​ប្រមាណ​ជាង​ ៦៥ ០០០ ​ក្បាល ហើយ​ដែល​កម្ពុជា​មាន​សត្វទោច​ប្រភេទ​នេះ​ប្រមាណ​ ៣៥ ០០០ ​ក្បាល​ កំពុង​រស់នៅ​។ នេះ​បើតាម​មន្ត្រី​ក្រសួងបរិស្ថាន​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នា​ថ្ងៃទី​ ៣១ តុលា ថា តាម​ការប៉ាន់ស្មាន​របស់​អង្គការ IUCN ទោច​មកុដ​នៅ​ទូទាំង​ពិភពលោក​មាន​ប្រមាណ​ជាង​ ៦៥ ០០០ ​ក្បាល​។ ក្នុងនោះ​កម្ពុជា​ត្រូវបាន​គេ​ជឿថា មាន​វត្តមាន​ទោច​មកុដ​ច្រើនជាងគេ គឺមាន​ចំនួន​ប្រមាណ​ ៣៥ ០០០ ​ក្បាល ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា ជាពិសេស​តំបន់​ជួរ​ភ្នំក្រវាញ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ មាន​សត្វ​ប្រភេទ​នេះ​ប្រមាណ​ ៣០ ០០០ ​ក្បាល និង​នៅ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រទេស​ឡាវ មាន​វត្តមាន​ទោច​មកុដ​តិចតួច​»​។

អ្នកនាំពាក្យ​រូបនេះ​បន្តថា ទោច​មកុដ គឺជា​ប្រភេទ​សត្វ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ឧបសម្ព័ន្ធ​ ១ នៃ​អនុសញ្ញា CITES​។ ទោច​មកុដ​នេះ​មាន​ដើមកំណើត​នៅ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ​។ ទោច​មកុដ​ងាយស្រួល​ចំណាំ​ជា​ទោច​ញី ឬ​ទោច​ឈ្មោល ដោយ​ធ្វើការ​សម្គាល់​ទោច​ញី​មាន​ពណ៌​ស និង​មាន​កាតឹបក្បាល និង​ទ្រូង​មាន​ពណ៌​ខ្មៅ​។ រីឯ​ទោច​ឈ្មោល​មាន​ពណ៌​ខ្មៅ​នៅពេល​វា​មាន​អាយុ​ ៣ ទៅ ៤ ​ឆ្នាំ លើកលែងតែ​ដៃជើង និង រោម​ជុំវិញ​ប្រដាប់បន្តពូជ​មាន​ពណ៌​ស​។

បើតាម​លោក នេត្រ ភក្ត្រា ផ្ទៃមុខ​ទោច​ញី និង​ឈ្មោល​មាន​ពណ៌​ខ្មៅ​ និង​មាន​រោម​ពណ៌​ស​ដុះ​ព័ទ្ធជុំវិញ​មុខ​រហូត​ដល់​ត្រចៀក​ដូចគ្នា​។ ចំណែក​កូន​ទើប​កើតមាន​ពណ៌​ប្រផេះ​ស្រាល​។ នៅពេល​វា​អាយុ​ ៤ ឬ​ ៥ ​ខែ មាន​ដុះ​ចេញ​នូវ​ដុំ​ខ្មៅ​ ២ ​ដុំ ដែល​ ១ ​ដុំ​លើ​ក្បាល​រាង​ដូច​មកុដ និង​ដុំ​ ១ ​ទៀត​នៅលើ​ទ្រូង​។ ទោច​ញី​ប្រែ​ពណ៌​នៅពេល​វា​មាន​អាយុ​ ២ ឬ​ ៣ ​ឆ្នាំ ហើយ​ក្រោយមក​ប្រែ​ពណ៌​ទៅជា​ត្នោត​ភ្លឺ​វិញ នៅពេល​វា​ពេញវ័យ ដោយមាន​ដុំ​ខ្មៅ​រាង​ត្រីកោណ​នៅលើ​ទ្រូង និង​មកុដ​ពណ៌​ខ្មៅ​លើ​ក្បាល​។ ទោច​មកុដ​មាន​ដៃ​វែងៗ និង​គ្មាន​កន្ទុយ​ទេ​។

លោក​ថា​៖ «​ទោច​មកុដ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ ជារួម វា​រស់នៅ​ជា​ក្រុម​តូចៗ​ពី ២ ទៅ ៥ ​ក្បាល រួមមាន មេ បា និង​កូន​។ ទោច​ពេញវ័យ​ចាប់ពី​អាយុ ៦ ​ឆ្នាំទៅ​។ ពួកវា​ចំណាយពេល​ជាច្រើន​ម៉ោង​នៅលើ​ដើមឈើ​ខ្ពស់ៗ ហើយ​ជារឿយៗ វា​តែងតែ​ហក់លោត​ពី​មែកឈើ​មួយ​ទៅ​មែកឈើ​មួយ​នៅពេល​ព្រឹក​។ អាហារ​របស់​វា រួមមាន​ផ្លែឈើ​គ្រប់​ប្រភេទ ស្លឹកឈើ ផ្កា និង​សត្វល្អិត​»​។

លោក​ ភក្ត្រា បញ្ជាក់ថា ទោច​ញី​បង្កើត​កូន​បានតែ​ ១ ​គត់ បន្ទាប់ពី​ពពោះ​រយៈពេល​ ២១០ ​ថ្ងៃ​។ ចន្លោះ​កូន​ពី​ ១ ​ទៅ​ ១ ​មាន​រយៈពេល ២ ទៅ ៣ ​ឆ្នាំ​។ ទោច​មកុដ​ញី និង​ឈ្មោល​នៃ​ក្រុម​នីមួយៗ​ចូលចិត្ត​បន្លឺ​ស្ទើរ​សំឡេង​ព្រមៗ​គ្នា​នៅពេល​ព្រឹក​ ដើម្បី​គ្រប់គ្រង​ដែន​ព្រៃ​រៀងៗ​ខ្លួន ហើយ​សំឡេង​ដែល​បន្លឺឡើង​អាច​ឮ​ក្នុង​រយៈ​ចម្ងាយ​ពី​ ១ ទៅ ២ ​គីឡូម៉ែត្រ​។ លក្ខណពិសេស​របស់​ទោច​មកុដ ជា​សត្វ​ប្រកាន់​ដៃគូ ស្មោះត្រង់​នឹង​ដៃគូ​រស់នៅ​ជា​គ្រួសារ ហើយ​ជា​សត្វ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។

យ៉ាងណាក៏ដោយ ទោច​មកុដ​បាននិងកំពុង​ប្រឈម​នឹង​ការគំរាមកំហែង​បាត់បង់​ដោយសារ​តែ​ការបរបាញ់ ដាក់​អន្ទាក់ ការធ្វើ​អាជីវកម្ម​​ និង​ការបាត់បង់​ជម្រក​។ ក្រុម​អភិរក្ស​ និង​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ទាំងនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ភក្ត្រា​។

លោក​ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​ទោច​មកុដ​ឱ្យបាន​គង់វង្ស អាជ្ញាធរ​ជាតិ​អប្សរា​រួម​នឹង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ រដ្ឋបាល​ព្រៃឈើ​បាន​លែង​សត្វ​ទោច​មកុដ​ចំនួន​ ៤ ​គ្រួសារ​នៅក្នុង​ព្រៃ​នៃ​ឧទ្យាន​ជាតិ​អង្គរ និង​បាន​កើតកូន​ជាច្រើន​។ យោងតាម​ក្រុម​អភិរក្ស​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ គិត​មកដល់​ខែកក្កដា ឆ្នាំ ២០២០ សត្វ​ទោច​មកុដ នៅក្នុង​ព្រៃអង្គរ​មាន​ចំនួន​ ១១ ​ក្បាល​។

មូលហេតុ​ដែល​នាំយក​សត្វ​ទោច​មកុដ​មក​លែងឱ្យ​រស់នៅ និង​បង្កាត់​ពូជ​ក្នុង​ព្រៃអង្គរ ពីព្រោះ​ព្រៃ​នេះ​មាន​ដើមឈើ​ចម្រុះ មាន​ផ្លែផ្កា​ជា​ចំណី អមដោយ​ការថែរក្សា​ការពារ ដែល​អាច​ឱ្យ​សត្វ​ខាងលើ​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​បាន​។

លោក​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន​សូម​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់ភាគី​ទាំងអស់​ក្នុង​ការការពារ​ និង​អភិរក្ស​សត្វ​ទោច​មកុដ​ដែល​ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​នេះ​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​អភិរក្ស និង​បញ្ឈប់​ការបរបាញ់ ដាក់​អន្ទាក់​សត្វព្រៃ បញ្ឈប់​ការជួញដូរ និង​ឈប់​បរិភោគ​សាច់សត្វ​ព្រៃ​»៕

វីដេអូ៖