កំពង់ចាមៈ នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​បុរសសង្ស័យ​ ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​នៅ​រសៀល​ថ្ងៃទី​ ៣១ ​តុលា​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ជាង​ ២ ​គីឡូក្រាម ប្រព្រឹត្ត​នៅ​ក្រុង-ខេត្តកំពង់ចាម​។

លោក​ ជីវ សេងរស់ ស្នងការរង​ទទួល​ការងារ​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៣១ ​តុលា​ថា ជនសង្ស័យ​ទី១- ឈ្មោះ ស៊ាត សីហា ភេទ​ប្រុស អាយុ ៣២ ​ឆ្នាំ មាន​របរ​បោកអ៊ុត រស់នៅ​ភូមិ​យាងថ្មី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ទី​២- ​ឈ្មោះ ប៊ុត សំអុល ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ​មាន​របរ​ជា​កសិករ​រស់នៅ​ភូមិ រោងចក្រ សង្កាត់​បយ៉ាខា ក្រុងប៉ៃលិន និង​ទី​៣- ​ឈ្មោះ​ សឿង សុខលី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​ជា​ជាង​កាត់សក់ រស់នៅ​ភូមិ អូរច្រាំង សង្កាត់-ក្រុង-ខេត្ត​ប៉ៃលិន​។ លោក​ថ្លែងថា​៖ «​ករណី​ជនសង្ស័យ​ទាំង​ ៣ ​នាក់ គឺ​យើង​បញ្ចប់​នីតិវិធី​សាកសួរ​ហើយ​។ ថ្ងៃនេះ​ (​ថ្ងៃទី​ ៣១ ​តុលា​) ​យើង​បញ្ជូន​បន្តទៅ​តុលាការ​»​។

លោក​ សេង រស់ ឱ្យដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៣០ ​តុលា ​ឆ្នាំ​ ២០២១ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង ទទួល​ផែន​ការិយាល័យ​ប្រឆាំង​ការសម្អាត​ប្រាក់​ (​ក​៥) ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​កំពង់ចាម​។

លោក​បន្តថា ការបង្រា្កប​បទល្មើស​គ្រឿងញៀន​នេះដែរ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រើ​វិធាន​ញុះញង់ ដោយ​អូសទាញ​ក្រុម​ជនសង្ស័យ​ពី​ខេត្តបាត់ដំបង​ឱ្យមក​លក់​ថ្នាំញៀន​នៅ​ខេត្តកំពង់ចាម​។ ចំពោះ​គ្រឿងញៀន​ដែល​ដកហូត​បាន​ពី​ក្រុម​ជនសង្ស័យ មាន​ម្សៅក្រាម​ពណ៌​ប្រភេទ​មេតំហ្វេតាមីន​ ២ ​កញ្ចប់​ធំ ស្មើ​ទម្ងន់ ២ ០៦៩,២៧ ​ក្រាម​ (​ទាំង​សម្បក ) រថយន្ត​ម៉ាក​កាមរី​បាឡែន​ពណ៌ខ្មៅ ១ ​គ្រឿង ពាក់​ស្លាក​លេខ​ប៉ៃលិន 2A-2069 និង​ទូរស័ព្ទដៃ ៣ ​គ្រឿង​៕