ភ្នំពេញៈ កម្ពុជា-វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ ការពារជាតិ​ដើម្បី​ថែរក្សា​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​ជាមួយគ្នា ខណៈ​ភាគី​ទាំង​ ២ បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​ធ្វើការ​ពិភាក្សា​គ្នា​ឱ្យបាន​សកម្ម​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ទទួល​យកបាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​នៅ​សេសសល់​ប្រមាណ​ ១៦%​។

តាម​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​ ១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-វៀតណាម ក្រោម​អធិបតីភាព លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា និង​លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១ ​នេះ​។

កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ដោយ​អនុវត្តតាម​ស្មារតី​កិច្ចប្រជុំ​លើក​ទី​ ១០ ​ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ និង​វៀតណាម​កាលពី​ថ្ងៃទី​ ៩-១០ ខែមករា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ កិច្ចប្រជុំ​លើក​ទី​ ១១ ​នេះ​ក៏បាន​ប្រព្រឹត្ត​ទៅ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៃ​ប្រទេស​ទាំង​ ២ និង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​។

កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ដោយ​ភាគី​ទាំង​ ២ ​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការបន្ត​ថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ក៏ដូចជា​ពង្រឹងពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ​ «​ភាព​ជា​អ្នកជិតខាង​ល្អ​មិត្តភាព​ជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំ​យូរអង្វែង​រវាង​កម្ពុជា និង​វៀតណាម​»​។

«​ភាគី​ទាំង​ ២ ​ក៏បាន​អបអរសាទរ​ពិធី​ផ្លាស់ប្តូរ​លិខិតូបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ហើយ​បាន​ស្វាគមន៍ ចំពោះ​ពិធី​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា ព្រំដែន​កម្ពុជា-វៀតណាម ខ្នាត ១/២៥ ០០០ រវាង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ ២ ព្រមទាំង​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​ធ្វើការ​ពិភាក្សាគ្នា​ឱ្យ​បាន​សកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ទទួល​យក​បាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​នៅ​សេសសល់​ប្រមាណ​ ១៦%»​។ នេះ​បើតាម​របាយការណ៍​កិច្ចប្រជុំ​។

លោក ស ខេង ថ្លែងថា​៖ «​កិច្ចប្រជុំ​លើក​ទី​ ១១ ​នាពេលនេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជា​ទីមោទនៈ​ក្នុង​បរិយាកាស​យ៉ាង​ស្និទ្ធស្នាល សាមគ្គីភាព មិត្តភាព ជា​ប្រពៃណី ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​លក្ខណៈ​ជា​ប្រទេស​ជិតខាង​ដ៏ល្អ​»​។

លោក ផាម ប៊ិញមិញ បាន​ថ្លែងថា​៖ «​លទ្ធផល​ទទួលបាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១១ ​នេះ គឺជា​ការបញ្ជាក់​ឱ្យឃើញ​ពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ក៏ដូចជា បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​វៀតណាម-កម្ពុជា ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​តាម​តំបន់​ព្រំដែន វៀតណាម-កម្ពុជា​»​។

បើតាម​របាយការណ៍​កិច្ចប្រជុំ​ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​អំពី​របៀបវារៈ​សំខាន់ៗ ដូចជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស និង​រវាង​ខេត្ត​ជាប់​ព្រំដែន តាមរយៈ​ការរៀបចំ​ឱ្យមាន​ជំនួប​ប្រាស្រ័យ​សន្ទនា​តាម​ទូរស័ព្ទ ពិគ្រោះ​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ ដោយបាន​លើកទឹកចិត្ត​បង្កើន​ការវិនិយោគ បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ថែមទៀត​សំដៅ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​ជាក់ស្ដែង​នានា​។

ភាគី​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ ការពារជាតិ ដើម្បី​ថែរក្សា​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នីមួយៗ​។ ជាមួយ​គ្នា​នេះ​ក៏បាន​អបអរសាទរ​ការប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ច្រកទ្វារព្រំដែន អន្តរជាតិ​ម៉ឺន​ជ័យតឺនណាម​ក្នុង​កម្រិត​ថ្នាក់​ខេត្ត​រវាង​ខេត្តព្រៃវែង និង​ខេត្ត​តៃនិញ និង​បាន​ឯកភាព​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ច្រកទ្វារ​អន្តរជាតិ​នេះ​ជាមួយ​នឹង​បណ្តា​តំបន់​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​។

ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន ការទិញ​លក់​អគ្គិសនី ការប្រើប្រាស់​ទឹក និង​ការផ្ដល់សេវា​សុខាភិបាល​ដល់​ប្រជាជន​។ ភាគី​ទាំង​ ២ ​ក៏​ឯកភាព​ដំណើរការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ ចត្តាឡីស័ក​សុខាភិបាល​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០០៦ និង​បន្ត​ជំរុញ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឆ្លង​កាចសាហាវ​នានា​ចូលទៅ​ក្នុង​សហគមន៍​នៃ​ប្រទេស​ទាំង​ ២​។

ភាគី​ទាំង​ ២ ​លើកទឹកចិត្ត​ឱ្យ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ជាអាទ៍​វិស័យ​អប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាល​ធនធានមនុស្ស បណ្តុះបណ្តាល​វិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​៕