ភ្នំពេញៈ និស្សិត​ផ្នែក​កសិកម្ម​កម្ពុជា ដែល​បានបញ្ចប់​ការសិក្សា និង​ការហាត់ការ នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​វិល​ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ពួកគេ​ស្ទើរតែ​ទាំងអស់​ទទួលបាន​ការងារ​ធ្វើ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន ដោយ​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​។ នេះ​បើតាម រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក​ វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ យ៉ាង​ដូច្នេះ បន្ទាប់ពី​និស្សិត​កសិកម្ម​កម្ពុជា​ ១៩៧ ​នាក់ បានបញ្ចប់​ការសិក្សា និង​ការហាត់ការ​រយៈពេល​ ១០ ​ខែ នៅ​ប្រទេស​អ៊ីស្រាអែល និង​បាន​វិលត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នា​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២១ ​។ លោក​ វេង សាខុន ថ្លែងថា និស្សិត​កសិកម្ម​កម្ពុជា​ទាំង​ ១៩៧ ​នាក់ ដែល​បាន​វិលត្រឡប់​មកវិញ​នេះ ភាគច្រើន​ជា​និស្សិត​ឆ្នាំ​ទី​ ២ ចូលឆ្នាំ​ទី​ ៣​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​សិក្សា និង​ការហាត់ការ​រយៈពេល​ ១០ ​ខែ នៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ទទួល​បាន​ចំណេះដឹង និង​ចំណេះធ្វើ​ជាក់ស្តែង​។

លោក​បន្តថា និស្សិត​ទាំងនោះ​នឹង​បន្ត​បញ្ចប់​សារ​ណា​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១ ​ឆ្នាំ​ទៀត ទើប​ពួកគេ​ទទួលបាន​បរិញ្ញាបត្រ ហើយ​ចេញទៅ​ធ្វើការ​។ នៅពេល​ពួកគេ​បញ្ចប់​បរិញ្ញាបត្រ ពួកគេ​ស្ទើរតែ​ ១០០% ​ទទួលបាន​ការងារ​ធ្វើ និង​ត្រូវបាន​គេ​ស្វាគមន៍​គ្រប់​ទីកន្លែង មិនមែន​ត្រឹមតែ​ទទួល​បាន​ការងារ​ធ្វើ​នៅក្នុង​ក្រសួង​កសិកម្ម​ទេ​។​

ទោះជា​យ៉ាងណា លោក​បន្តថា ក្រសួង​មិនអាច​ទទួលយក​ដោយ​ស្វ័យប្រវត្តិ​បានទេ ទាល់តែ​មានការ​ឆ្លងកាត់​ការប្រឡង​ត្រឹមត្រូវ ទើប​អាច​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​បាន​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វិស័យ​ឯកជន​បាន​ស្រូប​ទាញ ស្ទើរតែ​ ១០០% ព្រោះ​ពួកគេ​មានចំណេះដឹង និង​ចំណេះធ្វើ​ល្អប្រសើរ និង​សំខាន់បំផុត ជំនាញ​ដែល​ពួកគេ​ទទួល​បាន​នេះ គឺ​កំពុងតែ​ពេញនិយម​ទៅ​ដល់​ការធ្វើ​ទំនើបកម្ម​កសិកម្ម​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​សព្វថ្ងៃនេះ នៅ​គ្រប់​បណ្តាខេត្ត​កំពុង​ជំរុញ​ធ្វើ​កសិកម្ម តាមរយៈ​ការដាំដុះ​បន្លែ ការដំឡើង​ប្រព័ន្ធ​ស្រោចស្រព​ទំនើប​តាម​បច្ចេកទេស​របស់​ប្រទេស​អ៊ីស្រាអែល​កំពុងតែ​ផុលផុស​ឱ្យ​កូនសិស្ស​មួយចំនួន ដែល​ចេញពី​សាលា​បាន​បម្រើការ​កែច្នៃ​នូវ​ផលិតផល​កសិកម្ម​កម្ពុជា​។ មួយចំនួនទៀត ទៅ​បម្រើ​ការងារ​ទីប្រឹក្សាបច្ចេកទេស​ដល់​វិស័យ​កសិកម្ម​»​។

បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម និស្សិត​កសិកម្ម​ជិត ៣ ០០០ ​នាក់ ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​អ៊ីស្រាអែល​វិញ គឺ​បានទទួល​ការងារ​ល្អ និង​ប្រាក់បៀវត្សរ៍​ល្អ​សមរម្យ​ទៅ​តាម​ជំនាញ​ដែល​ពួកគាត់​បាន​ឆ្លងកាត់​នៅ​ប្រទេស​នេះ​ស្របតាម​ដំណើរ​ការវិវឌ្ឍ​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ដែល​បាន និង​កំពុង​ផ្តើមចេញពី​ចំណេះដឹង​បច្ចេកទេស​។ ដូច្នេះ​និស្សិត​កសិកម្ម​កម្ពុជា​ដែល​បាន​វិល​មកពី​ប្រទេស​អ៊ីស្រាអែល​វិញ​បាន​ចូលរួមចំណែក​ទៅដល់​ការធ្វើ​ទំនើបកម្ម​កសិកម្ម​កម្ពុជា​នា​ពេលបច្ចុប្បន្ន​។

លោក​ វេង សាខុន បញ្ជាក់ថា ប្រទេស​អ៊ីស្រាអែល​បាន​មើលឃើញ​ពី​ការខិតខំ​សិក្សា​ និង​អាកប្បកិរិយា​ល្អ​របស់​និស្សិត​កន្លងមក មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កសិកម្ម Sedot Negev បានស្នើ​បង្កើន​ចំនួន​និស្សិត​កសិកម្ម​រហូតដល់​ ២០០ ​នាក់​សម្រាប់​ឆ្នាំ​ ២០២២​។

លោក​ ធន វឌ្ឍនា នាយក​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប​ឱ្យ​ដឹង​ដែរ​ថា លោក​បាន​ប្រាប់​សាលា​ឱ្យធ្វើ​ការសិក្សា​ស្ទង់​មតិ​រួចហើយ ពាក់ព័ន្ធ​នឹង​ចំនួន​និស្សិត កសិកម្ម​កម្ពុជា​ដែល​បាន​ទៅ​សិក្សា និង​ហ្វឹកហាត់​នៅ​អ៊ីស្រាអែល​ហើយ​ត្រឡប់​មកវិញ មាន​ការងារ​ធ្វើ និង​គ្មាន​ការងារ​ធ្វើ​នោះ​។ រីឯ​លទ្ធផល​អាច​នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយនេះ ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង គឺ​ភាគច្រើន ពួកគេ​មាន​ការងារ​ធ្វើ​គ្រប់គ្នា​។

លោក​បន្តថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ទាក់ទង​សាលារៀន​របស់​លោក​ស្នើសុំ​និស្សិត​ដែល​បាន​ទៅ​សិក្សា និង​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ត្រឡប់មកវិញ​ឱ្យទៅ​ធ្វើការ​ជាមួយ​គេ​។ ប៉ុន្តែ សាលា​មិនមាន​និស្សិត​ឱ្យគេ​នោះទេ ព្រោះ​ពួកគេ​មាន​ការងារ​ធ្វើ​គ្រប់គ្នា ដោយ​ទីផ្សារ​នៅក្នុង​វិស័យនេះ ធំ​ទូលាយ និង​និស្សិត​ដែល​រៀន​នៅក្នុង​ផ្នែក​នេះ​មាន​ចំនួន​តិច​។

លោក​ថា​៖ «​សូម្បីតែ​និស្សិត​ដែល​រៀន​ផ្នែក​កសិកម្ម ដោយ​មិនបាន​ចេញទៅ​សិក្សា​ និង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ក៏​ចេញ​ធ្វើការ​គ្រប់ៗ​គ្នា​ដែរ​។ ​មាន​ក្រុមហ៊ុន ប្រកាស​រក​និស្សិត​ ២០ ​ទៅ​ ៣០ ​នាក់​ទៅ​ធ្វើការ​ឱ្យ​គេ​។ យើង​រក​អត់​បាន​ឱ្យគេ​ទេ ព្រោះ​អត់​មាន​អ្នករៀន​ផ្នែក​នេះ ដោយសារ​អ្នកខ្លះ គេ​ថា រៀន​កសិកម្ម ធ្វើការ​វាលស្រែ​ហាល​ក្តៅ​។ គេ​ចង់​ធ្វើការ​តែ​ក្នុង​អហ្វហ្វីស តែ​តាមពិត​មិនមែន​អ៊ីចឹង​ទេ ការងារ​ខ្លះ​ក៏​គេ​ធ្វើ​ក្នុង​អហ្វហ្វីស​ដូច​តែ​គ្នា​ដែរ​ហ្នឹង​»៕