សៀមរាបៈ អង្គការ​មូលនិធិ​ទំពាំងស្នង​ឫស្សី សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA ​បាន​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន ប្រមូល​សំណល់​ប្លាស្ទិក​នៅតាម​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​សោភណភាព​ការរស់នៅ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេង​សហគមន៍​ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់​ធ្វើឡើង​ពីថ្ងៃ​ទី​ ៣១ ខែតុលា រហូតដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១ ចាប់ពី​បរិវេណ​វត្ត​មេជ្រៃ ភូមិ​ពាមតាអួរ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប​។

ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី លោក ស៊ា សុផល បាន​ថ្លែងថា យុទ្ធនាការ​នៅ​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ទន្លេសាប​បៃតង​ស្អាត គ្មាន​ប្លាស្ទិក​” ដែលជា​គម្រោង​មួយ​ក្នុង​ការបន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាសហគមន៍​ឱ្យ​ចូលរួម​សម្អាត​សំណល់​ប្លាស្ទិក និង​ទុកដាក់​បែងចែក​សំរាម​ប្លាស្ទិក​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថា​៖ «​ព្រោះ​ទឹក​ទន្លេសាប​ចាប់ផ្តើម​ស្រក​ហើយ​យុទ្ធនាការ​ឆ្នាំនេះ យើង​បាន​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង CATA ដើម្បី​បញ្ជ្រាប​ទេសចរណ៍​បៃតង​ដល់​ប្រជាសហគមន៍​ហើយ​យុទ្ធនាការ​នេះ​យើង​ធ្វើ​បណ្តេញ​ចាប់ពី​សហគមន៍ មេ​ជ្រៃ ចុង​ឃ្នៀ​ស កំពង់​ភ្លុក កំពង់​ឃ្លាំង បឹង​ពារាំង និង​ផ្នែក​ខាងក្រោម នៃ​ស្ទឹង​សៀមរាប​»​។

លោក​បន្តថា តាមរយៈ​យុទ្ធនាការ​នេះ​នឹង​បង្កើន​ការយល់ដឹង​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទុកដាក់​សំរាម​ប្លាស្ទិក ជាពិសេស​បង្កើន​ចំណូល​បន្ថែម​ដល់​សហគមន៍​។

លោក​ថា​៖ «​អ្វីដែល​សំខាន់​មិន​ត្រឹមតែ​សម្អាត​ប្លាស្ទិក​ស្អាត​ចេញពី​បឹង​ទន្លេសាប​ទេ ក៏​ដើម្បី​សោភណភាព​ស្អាត ហើយ​គម្រោង​នេះ​ជួយ​សម្រួល​នូវ​ជីវភាព​ខ្វះខាត​ពលរដ្ឋ​ដែរ ព្រោះ​គាត់​ទទួលបាន​អង្ករ និង​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត​ ដោយសារ​គាត់​ចូលរួម​ការទុក​ដាក់​ប្លាស្ទិក​បាន​ត្រឹមត្រូវ​»​។

លោក​បន្តថា​៖ «​ដើម្បី​គាំទ្រ​គម្រោង​សម្អាត​ប្លាស្ទិក​នោះ យើង​បាន​ចែក​អង្ករ​ដល់​បងប្អូន​នៅ​សហគមន៍​មេជ្រៃ​ចំនួន ៣៦០ ​គ្រួសារ ដោយ​ក្នុងនោះ​មាន​ការឧបត្ថម្ភ​ចូលរួម​ពី​បុរី​ប៉េងហួត គាត់​បានផ្តល់​អង្ករ​ជិត​ ៤ ​តោន ចែក​ត្រីខ ទឹកស៊ីអ៊ីវ ដោយសារ​សហគមន៍​គាត់​ចូលរួម​អនុវត្ត​បានល្អ​ក្រោយពី​បាន​ចូលរួម​សម្អាត​ប្លាស្ទិក ប្រចាំ​រដូវ គឺ​រដូវ​ទឹក​ស្រក និង​រដូវ​ទឹក​ឡើង​ដែល​នៅជាប់​ដី​នៅ​​ច្រាំងទន្លេ ហើយ​ឥឡូវ​អត់​មាន​ប្លាស្ទិក​ទៀត​ទេ នៅ​សហគមន៍​គាត់​»​។

លោក​ឱ្យដឹងទៀតថា ក្រៅពី​ការផ្តល់​អំណោយ​លើកទឹកចិត្ត​ទាំងនេះ មូលនិធិ​ទំពាំង​ស្នង​ឫស្សី ក៏បាន​ចែក​ការុង​ដល់ផ្ទះ​ប្រជាពលរដ្ឋ​សម្រាប់​ដាក់​សំរាម​ប្លាស្ទិក​ផងដែរ​។ បើតាម​លោក សុផល គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៨ មកម្ល៉េះ ដោយ​ក្នុង​ ១ ​យុទ្ធនាការ​ប្រមូល​សំរាម​ប្លាស្ទិក​បាន ២០ ​ទៅ​ ៣០ តោន​។

លោក​ថា​៖ «​ដោយ​ក្នុង​ ១ ​យុទ្ធនាការ​ប្រមូល​ប្លាស្ទិក​បាន​ចំនួន ៤ ០០០ ទៅ ៥ ០០០ ការុង ចន្លោះ​ពី ២០ ទៅ ៣០ ​តោន​ប្លាស្ទិក​ក្នុង​ ១ ​យុទ្ធនាការ​គឺអាច​កៀរគរ​សហគមន៍​ចូលរួមបាន​ចន្លោះ​ពី​ ៥ ០០០ ​ទៅ ៦ ០០០ ​នាក់​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់ GATA លោកស្រី ឆាយ ស៊ីវលីន បាន​ថ្លែងថា យុទ្ធនាការ​នេះ​នឹង​ជួយ​រំដោះ​បឹង​ទន្លេសាប ដោយ​គ្មាន​ប្លាស្ទិក ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​៕