កំ​ពតៈ នគរបាល​ខេត្តកំពត​ កំពុង​ស្វែងរក​ជនសង្ស័យ​ចំនួន​ ២​ នាក់​ទៀត​ ពាក់ព័ន្ធ​ករណី​ប្លន់ និងរំលោភ​សេពសន្ថវៈ​ ក្មេងស្រី ២ នាក់ នៅ​ភូមិ​ប្រ​ភ្នំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ​ខេត្តកំពត​ កាលពី​ថ្ងៃទី ១៨ តុលា បន្ទាប់ពី​ចាប់បាន​ជនសង្ស័យ​ម្នាក់​ កាលពី​ថ្ងៃទី ២៩ តុលា។

លោក ហ៊​ន ប៊ុន​ស៊ី​ឌេ​ត អធិការនគរបាល​ស្រុក​អង្គរជ័យ ថ្លែង​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា​ថា ក្រោយ​ចាប់បាន​ជ​នសង្ស័​យ​ម្នាក់ សមត្ថកិច្ច​ក៏បាន​និង​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ ស្វែងរក​ជនសង្ស័យ ២ នាក់​ទៀត​ ដែល​កំពុង​រត់គេច។

លោក​ថ្លែងថា៖ «យើង​កំពុងតែបន្ត​ស្រាវជ្រាវ​រក​ ២ នាក់​ហ្នឹង ស្នាក់នៅ​កន្លែង​ណា គេចខ្លួន​ទៅ​កន្លែង​ណា ដើម្បី​យើង​សុំ​ដីកាតាម​ចាប់ខ្លួន» ។

អង្គភាព​ការពារ​កុមារ (CPU) បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ១ ខែវិច្ឆិកា​ថា ក្រោយពី​​បានទទួល​ដំណឹង​ក្នុងករណី​ប្លន់​ និង​ចាប់រំលោភ​នេះ​ CPU ​ក៏បាន​ចូលរួម​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ដោយបាន​បង្កើត​ក្រុមការងារ​ចម្រុះ KILO21 ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ក​រ​ណី​មួយ​នេះ។

CPU បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២០ ខែតុលា នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ក្រសួងមហាផ្ទៃ​ បាន​ចូលរួម​សហការ ដើម្បី​បន្ត​ការស៊ើបអង្កេត រហូតដល់​ថ្ងៃទី ២៩ ខែតុលា​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បុរស​អាយុ ៣៥ ឆ្នាំ​ ដែល​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ប្លន់​រំលោភ​នេះ។

អង្គភាព​ការពារ​កុមារសរសេរថា៖ «បុរស​នេះ​ត្រូវបាន​ជាប់ចោទ​ពីបទ​ល្មើស​រំលោភ​សេពសន្ថវៈ និង​បទល្មើស​ពាក់ព័ន្ធ​មួយចំនួន​បន្ថែមទៀត​ និង​កំពុង​នៅក្រោម​ការឃុំ​ឃាំង»។

បើ​តាម CPU ក្មេង​ស្រី​​រងគ្រោះ​ត្រូវបាន ជនល្មើស​ប្លន់​និង​ចាប់រំលោភ នៅ​យប់​ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ២០២១ ខណៈពេល​ក្មេងស្រី​ទាំង ២ នាក់ ​ដែលជា​បងប្អូននឹង​​គ្នា ម្នាក់​មាន​អាយុ ១៣ ឆ្នាំ និង​ម្នាក់ទៀត​អាយុ ១៧ ឆ្នាំ កំពុង​គេង​នៅក្នុង​ផ្ទះ។

ជនសង្ស័យ បានធ្វើ​សកម្មភាព​នៅវេលា​ម៉ោង​ប្រមាណ ២ ទៀប​ភ្លឺ​ ដោយបាន​ចូល​ប្លន់​យកលុយ​ទូរស័ព្ទ និង​គ្រឿងអលង្ការ រួច​ទើប​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ទៅលើ​ក្មេងស្រី​រងគ្រោះ​ទាំង ២ នាក់ ហើយ​រត់​គេចខ្លួនបាត់ ។

CPU ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ ជនរងគ្រោះ​បាន​ប្រាប់​ទៅដល់​សាច់ញាតិ​ដើម្បី​ធ្វើការ​រាយការណ៍​ទៅ​កម្លាំង​នគរបាល។ ការិយាល័យ​ព្រហ្មទណ្ឌ និង​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ចុះទៅពិនិត្យ​​ដល់​កន្លែងកើតហេតុ៕