ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ ដោយយោង​ទៅលើ​កត្តា​សំខាន់​ចំនួន​ ៤ ហើយ​កម្ពុជា​ក៏​គ្រោង​នឹងដាក់​ឱ្យ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ជាតិ​នៃ​ការបើក​ប្រទេស​ឡើងវិញ​ឆាប់ៗ​នេះដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ១ ខែវិច្ឆិកា ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង និង​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ដល់​កុមារ​អាយុ​ ៥ ​ឆ្នាំ​។

លោក​មានប្រសាសន៍​ថា៖ «​នៅពេល​នេះ ថ្ងៃនេះ​យើង​ក៏ដូចជា​ចាប់ផ្តើម​នូវ​ការបើក​ប្រទេស​ឡើងវិញ បើទោះបី​ថា យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ការរៀបចំ​ដំណើរការ​នៃ​ការបើក​ប្រទេស​នេះ​ត្រូវបាន​ទាក់ទិន​ជាមួយ​នឹង​ការអភិវឌ្ឍ​សង្គម​របស់​យើង យើង​នឹងដាក់​បន្ថែម​នៅពេល​ក្រោយ​»​។

លោក​បញ្ជាក់​ទៀតថា កម្ពុជា​បាន​ធ្វើការ​សាកល្បង​រួចមកហើយ កាលពី​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទាក់ទិន​នឹង​ការសាកល្បង​ដ៏ធំ បន្ទាប់ពី​ការសាកល្បង​នេះ​ក៏​អាចឱ្យ​មាន​ការវាយតម្លៃ​បាន​ថា តើ​គួរតែ​ទៅមុខ ឬ​ទៅក្រោយ​?

លោក​មាន​ប្រសាសន៍​ថា៖ «​មាន​កត្តា​ចំនួន​ ៤ ដែល​យើង​អាច​បើក​ប្រទេស​ឡើងវិញ​បាន ក្នុងនោះ​រួមមាន​ការសម្រេច​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រាជរដ្ឋាភិបាល​បាន​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ក្នុង​ការព្យាបាល​ជំងឺ​កូវីដ ឆ្លងកាត់​បទពិសោធ​នៃ​ការគ្រប់គ្រង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​របៀប​គ្រប់គ្រង​ទប់ស្កាត់​នៃ​ជំងឺ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការការពារ​ខ្លួន និង​ការព្យាបាល​ជំងឺ​កូវីដ​ ១៩»​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​លោក ហ៊ុន សែន ​បាន​លើកឡើង​ថា កម្ពុជា​សម្រេច​បាន​ជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ ខណៈ​ដែល​ប្រទេស​មួយចំនួន​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ ​ផង តែ​កម្ពុជា​បាន​ចាក់​ដល់​ដូស​ទី​ ៣ ​បាន​ជិត​ ២ ​លាន​នាក់​ផងដែរ​។ ការចាក់​វ៉ាក់សាំង​នេះ​ធ្វើឱ្យ​កម្ពុជា​មាន​អត្រា​ភាពសុំា​ក្នុង​សហគមន៍​ដែល​អាច​កាត់បន្ថយ​បាន​នូវ​អត្រា​មរណភាព​ និង​កាត់បន្ថយ​បាន​នូវ​អត្រា​ឈឺ​វិវត្ត​ទៅ​ធ្ងន់ធ្ងរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​ ១ ​វិច្ឆិកា​។ រូបថត SPM

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​កត្តា​ទី​២ គឺ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ពង្រឹង និង​ពង្រីក​ ដើម្បី​ត្រៀម​ម្ចាស់ការ​ក្នុងករណី​ដល់​ការរីករាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ ជាយថាហេតុ ហើយ​ទន្ទឹមនឹង​នេះ ឱសថ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ១៩ ​ក៏ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ និង​ត្រូវបាន​បើកទូលាយ សម្រាប់​ផ្គត់ផ្គង់​ជូន​សេវា​សុខាភិបាល​ទាំង​សាធារណៈ​ និង​ឯកជន និង​ប្រជាពលរដ្ឋ​ដែល​អាច​រកបាន​ដោយ​ងាយស្រួល​នៅតាម​ឱសថស្ថាន​នានា​»​។

ពាក់ព័ន្ធ​ឱសថ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ផងដែរ ពី​ការទិញ​ថ្នាំ​សម្រាប់​ព្យាបាល​របស់​អាមេរិក​ចំនួន ៥ ​ម៉ឺន​នាក់​ក្នុង​ម្នាក់​មានតម្លៃ​ ៥០ ​ដុល្លារ​។ មូលហេតុ​ដែលនាំឱ្យ​លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បើក​ប្រទេស​ឡើងវិញ​នេះដែរ ដោយសារ​តែ​កម្ពុជា​ឆ្លងកាត់​នូវ​បទពិសោធ​កន្លងមក​ដែល​ធ្វើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច មាន​ការយល់ច្បាស់​ពី​ជំងឺ​នេះ និង​យល់​ពី​ការទប់ស្កាត់ និង​របៀប​គ្រប់គ្រង​នៃ​ជំងឺ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​។

លោក ហ៊ុន សែន បាន​មានប្រសាសន៍​ថា៖ «​ចំណែក​ចំណុច​ទី​៤ ​គឺ​ភាគច្រើន​ប្រជាពលរដ្ឋ​យល់ដឹង​ច្រើន​ពី​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​របៀប​ការពារ​ខ្លួន និង​របៀប​នៃ​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ព្រមទាំង​របៀប​នៃ​ការព្យាបាល​ជំងឺ​កូវីដ ១៩ ​កម្រិត​ស្រាល​នៅផ្ទះ​ដោយ​ខ្លួនឯង​»​។

ដោយឡែក​ទាក់ទង​នឹង​ការធ្វើ​ចត្តាឡីស័ក​វិញ​លោក​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ពី​ចំនួន​រយៈពេល​នៃ​ការធ្វើ​ចត្តាឡីស័ក​អ្នកដំណើរ​មកពី​ប្រទេស​ថៃ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​អាច​នឹង​តម្រូវ​បន្ថយ​ចំនួន​ថ្ងៃ​ចុះ​ទៀត ដោយ​លោក​មានបំណង​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​មក​តិច​ជាងនេះទៀត​។

លោក​មានប្រសាសន៍​ថា៖ «​នៅតាម​ទល់ដែន យើង​បាន​បញ្ចុះ​ការធ្វើ​ចត្តាឡីស័ក​ពី​ ១៤ ​ថ្ងៃ​មក​នៅ​ ៧ ​ថ្ងៃ​ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ ២ ​ដូស​ហើយ​។ ប៉ុន្តែ​យើង​ក៏​នៅ​បន្ត​ឱ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​។ ចំនួន​នេះ​យើង​នឹង​បន្ត​តាមដាន​ទៀត​ហើយ​អ្វីដែល​ខ្ញុំ​ចង់​គឺអាច​នឹង​ចុះក្រោម​នេះ​ទៀត​»​។

សម្រាប់​អ្នកធ្វើ​ធុរកិច្ច​អ្នកការទូត និង​គណៈប្រតិភូ​កម្ពុជា​ទៅ​បរទេស​ហើយ​ត្រឡប់មក​កម្ពុជា​វិញ តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​តែ​ ៣ ​ថ្ងៃ​ទេ​។

មួយវិញ​ទៀត លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​សុខាភិបាល ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​សម្រាប់​អ្នក​ធុរកិច្ច​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មកពី​ក្រៅប្រទេស ដែលមាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ អាច​អនុញ្ញាត​បាន​។

លោក​បាន​ថ្លែងថា​៖ «​ចាប់ពីពេលនេះ​អ្នកណា​ដែលមាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ អាច​ឱ្យ​ធ្វើបាន​ដោយ​មិនចាំបាច់​សុំ​អនុញ្ញាត​ពី​ខ្ញុំ​ទេ ដែលជា​គោលការណ៍ ធ្វើ​ចត្តាឡីស័ក​ចំនួន​ ៧ ​ថ្ងៃ ហើយ​យើង​នឹង​ពិនិត្យមើល​អាច​នឹងមាន​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​​ចត្តាឡីស័ក​ទៀត​»​។

គួររំឭក​ផងដែរ​ថា ក្រសួង​សុខាភិបាល​កាលពី​ចុងខែ​តុលា​កន្លងមកនេះ បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​អ្នកដំណើរ មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​មូលដ្ឋាន​បាន​ពេញលេញ​ហើយ​ដែល​បានដាក់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១៨ ខែតុលាមក​។

សម្រាប់​អ្នកដំណើរ​ដែល​ត្រូវដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៣ ​ថ្ងៃ រួមមាន មន្ត្រីរាជការ ដែល​ត្រឡប់​មកពី​បំពេញ​បេសកកម្ម​ផ្លូវការ​នៅក្រៅ​ប្រទេស​ និង​ក្រុមគ្រួសារ​មន្ត្រីការទូត​បរទេស និង​មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវ​ការដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A) និង​ទិដ្ឋាការ​ផ្លូវការ (Visa B) និង​ក្រុម​គ្រួសារ​ និង​អ្នកដំណើរ​បរទេស​ដែលជា​វិនិយោគិន​បុគ្គលិក​ជំនាញ​បច្ចេកទេស​ និង​ក្រុមគ្រួសារ​ដែលមាន​ការធានា ឬ​ការអញ្ជើញ​។

ដោយឡែក អ្នកដំណើរ​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន​ ៧ ​ថ្ងៃ គឺជា​អ្នកដំណើរ​ទូទៅ​ជា​ជនបរទេស​ ឬ​ជា​ខ្មែរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ចំណែក​អ្នកដំណើរ​ដែល​ត្រូវដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ គឺជា​អ្នកដំណើរ​ទូទៅ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឬ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​៕