
បុរសម្នាក់កំពុងមើលហ្វេសប៊ុកលោក ហ៊ុន សែន ពីថ្ងៃទី ១ វិច្ឆិកា។ ហ៊ាន រង្សី
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់ឱ្យបណ្ដាក្រសួង ស្ថាប័ន ចូលពិនិត្យ និងឆ្លើយតបចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្នុងហ្វេសប៊ុករបស់លោក ដោយសារតែពលរដ្ឋដែលមានបញ្ហាតែងតែចូលមកបញ្ចេញមតិ ដែលរឿងនោះមានការពាក់ព័ន្ធទៅនឹងក្រសួងស្ថាប័នមានសមត្ថកិច្ចនានាត្រូវឆ្លើយតប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលលោកប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ពលរដ្ឋដែលមានអាយុចាប់ពី ៦ ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារអាយុ ៥ ឆ្នាំ នាថ្ងៃទី ១ ខែ វិច្ឆិកា នៅវិមានសន្ដិភាព។
លោកថ្លែងថា៖ «យប់មិញនេះ មានការចូលមកខមម៉ិននៅលើហ្វេសប៊ុករបស់ខ្ញុំ ហើយខ្ញុំក៏បាន Copy វាបញ្ជូនទៅឱ្យបណ្ដាខេត្ដនៅក្នុងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩។ មានបុរសម្នាក់គាត់បានធ្វើខមម៉ិនចូលបានមកស្នើសុំចាក់វ៉ាក់សាំង ប៉ុន្ដែត្រូវបានគេប្រាប់ថាឱ្យទៅរកបញ្ជីរកស្នាមឯណាទៀត។ ខ្ញុំក៏បានប្រាប់ ព្រឹកឡើង ស្រេង [លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ] ក៏បានឆ្លើយតបរឿងនេះ។ ប៉ុន្ដែលោកជំទាវ ឱ វណ្ណឌីន លោកជំទាវ យក់ សម្បត្ដិ ក៏បានឆ្លើយតប»។
លោកបញ្ជាក់ថា៖ «ពេលដែលខ្ញុំបង្ហោះ គឺមានការចូលមកខមម៉ិនច្រើន ហើយពេលខ្លះខ្ញុំក៏ឆ្លើយ ក៏ប៉ុន្ដែមានពេលខ្លះ គឺស្ថាប័នមានសមត្ថកិច្ចគួរឆ្លើយនៅក្នុងហ្នឹងតែម្ដង គឺជាការល្អព្រោះប្រជាពលរដ្ឋគាត់ចូលមកខមម៉ិនក្នុងហ្នឹង [ហ្វេសប៊ុក]។ នៅក្នុងនេះខ្ញុំគ្រាន់តែចង់បញ្ជាក់នៅក្នុងហ្នឹងមានតាំងពីរឿងបុណ្យសពអីជាដើម។ នៅក្នុងនេះគឺទាល់តែយើងឆ្លៀត ដើម្បីមើលអាក្នុងហ្នឹង ព្រោះនេះជួនកាលខមម៉ិនទៅវាប៉ះ ព្រោះយើងជានាយករដ្ឋមន្ដ្រីចូលមកវាប៉ះក្រសួងនេះ ក្រសួងនោះ»។
បើតាមលោកនាយករដ្ឋមន្ដ្រីមានពលរដ្ឋម្នាក់បានចូលខមម៉ិនក្នុងហ្វេសប៊ុកលោកថា បានផ្ដើមដោយការអំណរគុណលោក និងបានប្រាប់អំពីដំណើររឿងនៃបុរសម្នាក់នេះបាននាំប្រពន្ធទើបឆ្លងទន្លេបាន ២ ខែ ទៅរកសេវាចាក់លើកទី ១ នៅមណ្ឌលចាក់វ៉ាក់សាំងមួយនៅភ្នំពេញ។ ប៉ុន្ដែត្រូវបានអ្នកផ្ដល់សេវាចាក់វ៉ាក់សាំងនៅមណ្ឌលនោះ ទាមទាររកលិខិតអញ្ជើញចេញពីសង្កាត់។ ពលរដ្ឋរូបនោះថាក៏បានទូរស័ព្ទសួរទៅខាងទំនាក់ទំនងសាធារណៈរបស់ក្រសួង ហើយក្រសួងក៏ប្រាប់ថា មិនមានគោលការណ៍នេះទេ។ ដូច្នេះពលរដ្ឋរូបនេះក៏បានស្នើសុំលោកនាយករដ្ឋមន្ដ្រីដើម្បីបញ្ជាក់គោលការណ៍ក្នុងលក្ខខណ្ឌនេះឱ្យបានច្បាស់។
លោកបញ្ជាក់ថា៖ «ខ្ញុំឆ្លើយតបត្រឡប់ទៅគាត់ [ពលរដ្ឋខាងលើ] វិញថា មិនតម្រូវឱ្យមានការបញ្ជាក់អ្វីទាំងអស់ពេលប្រជាជនទៅចាក់ដូសទី១។ ត្រូវចាក់ជូនជាដាច់ខាត លើកលែងតែពេទ្យសួរពីសុខភាពរបស់អ្នកត្រូវចាក់ដែលពេទ្យយល់ថា មិនអាចចាក់បាន គឺពេទ្យមិនចាក់ជូនទេ»។
លោកបន្តថា៖ «ឯកន្លែងចាក់ទៀតសោត មិនតម្រូវឱ្យចាក់តែក្នុងភូមិ ឃុំ ខ្លួននោះទេ ទៅចាក់នៅទីណាក៏បានឱ្យតែមានកន្លែងចាក់ដែលតាមរាជធានី-ខេត្ដបានរៀបចំសម្រាប់ចាក់ជូនប្រជាជនក្រោយបិទយុទ្ធនាការចាក់វ៉ាក់សាំង»។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖ «មានខមម៉ិននៅក្នុងហ្នឹង (ហ្វេសប៊ុក) ច្រើន បើសិនជាឯកឧត្ដម លោកជំទាវ អាចស្វែងយល់នៅក្នុងហ្វេសប៊ុករបស់ខ្ញុំនេះ គឺនឹងអាចឃើញបញ្ហា»។
លោក អំ សំអាត អនុប្រធានអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) យល់ថាប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ដ្រីនេះ គឺជាការល្អដោយក្នុងនោះ ពលរដ្ឋភាគច្រើនដែលមានបញ្ហា គឺបានឆ្ពោះទៅរកលោកនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់ មានតាំងពីបញ្ហាដីធ្លី និងបញ្ហាផ្សេងទៀត។
លោក សំអាត បានថ្លែងថា៖ «យើងដឹងហើយថា សម្ដេចនាយករដ្ឋមន្ដ្រី ការងារលោកច្រើន ហើយក៏មានក្រសួង មន្ទីរផ្សេងៗសម្រាប់ធ្វើការជាមួយប្រជាពលរដ្ឋ។ ដូច្នេះការជំរុញឱ្យក្រសួងមន្ទីរពាក់ព័ន្ធធ្វើការពិនិត្យមើលបញ្ហារបស់ពលរដ្ឋ ដើម្បីដោះស្រាយនេះ គឺជារឿងល្អមួយ បើសិនជាអាចធ្វើទៅបាន ព្រោះរឿងនេះគឺបង្កើនការទុកចិត្ដពីប្រជាពលរដ្ឋ»។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ កន្លងមកបញ្ហាវិវាទដីធ្លីមួយចំនួន ប្រជាពលរដ្ឋ ហាក់បីដូចជាមិនសូវមានជំនឿចិត្ដជាមួយមន្ដ្រីមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជូនដល់ពួកគាត់ ទើបពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី និងពីថ្នាក់ជាតិបន្ថែមក្នុងការដោះស្រាយ។
លោក សំអាត បញ្ជាក់ថា៖ «ខ្ញុំយល់ថា បញ្ហាសំខាន់ គឺអាជ្ញាធរមូលដ្ឋាន។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន គឺត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីកុំអាងទៅថ្នាក់លើ ឬប្រមុខថ្នាក់ដឹកនាំក្នុងការដោះស្រាយ។ ចំណុចបាតុភាពដែលកើតឡើងកន្លងមក ដោយសារអាជ្ញាធរមូលដ្ឋានគាត់មិនអាចដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋបានល្អ ដែលនាំឱ្យមានបាតុកម្ម ឬឡើងមកប្ដឹងដល់លោកនាយករដ្ឋមន្ដ្រីជាដើម»៕
វីដេអូ៖