ភ្នំពេញៈ មកទល់​ពេលនេះ​​ស្ថានភាព​ទឹកជំនន់​នៃ​តំបន់​ដី​​សណ្ដ​ស្ទឹង​ព្រែកត្នោត​ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​បាន​ស្រក​ចុះបណ្ដើរៗ​​ហើយ ខណៈ​អ្នកភូមិ​មួយចំនួន​ដែល​ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​​សុវត្ថិភាព​ពេល​មាន​ទឹកជំនន់​នោះ ក៏បាន​វិលត្រឡប់​ទៅកាន់​លំនៅ​វិញ​ផងដែរ​។ ប៉ុន្តែ​ពួកគេ​បាន​ទទូច​ឱ្យ​អាជ្ញាធរ​រៀបចំ ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្នុង​សហគមន៍​ពួកគេ​​ ដើម្បី​បង្ការ​និង​​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​គ្រោះ​​ទឹកជំនន់​នៅ​ឆ្នាំ​ខាងមុខ​ទៀត​។

ប្រជាពលរដ្ឋ​មកពី​ភូមិ​ព្រែកខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អ្នកស្រី អឿ វណ្ណី អាយុ​​ ៣១ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ថា ពេលនេះ​ទឹកបាន​ស្រក​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​អាជ្ញាធរ​បាន​បិទ​ទំនប់ និង​កាយ​បើកផ្លូវ​ទឹក​ឱ្យ​ហូរ​ចាក់​ទៅតាម​វាលស្រែ​​ និង​ដងអូរ​មួយចំនួន ដើម្បី​ឱ្យ​ទឹក​ហូរ​ធ្លាក់​លឿន​ចាក់​ទៅក្នុង​ទន្លេបាសាក់​។

ទន្ទឹមនឹងនេះ​អ្នកភូមិ​មួយចំនួន​ក៏បាន​នាំគ្នា​វិល​ពី​ទីទួល​សុវត្ថិភាព​ទៅផ្ទះ​ពួកគេ​វិញ​ជា​បណ្ដើរៗ​ផងដែរ លើកលែង​អ្នកមាន​កូនតូចៗ ដូចជា​អ្នកស្រី​ប៉ុណ្ណោះ ដែល​បន្ត​រស់​នៅលើ​ទីតាំង​ទួល​សុវត្ថិភាព​ក្រោម​ដំបូល​តង់​កៅស៊ូ​​ដើម្បី​រង់ចាំ​ទឹក​ស្រក​អស់​។

អ្នកស្រី វណ្ណី ដែលមាន​កូនតូច​ ៩ ​ខែ​ជាប់​ខ្លួន​រូបនេះ​បាន​ថ្លែងថា​៖ «​អ្នកភូមិ​ខ្ញុំគេ​នាំគ្នា​ត្រឡប់​ទៅផ្ទះ​វិញ​ជិត​អស់ហើយ ព្រោះ​ឥឡូវនេះ ទឹក​បានមក​នៅក្រោម​ផ្ទះ​ត្រឹម​ចង្កេះ ឬ​លើ​ក្បាលជង្គង់​ប៉ុណ្ណោះ​»​។

ចំណែក​លោក ប៊ុត ចាន់នឿត អាយុ​ ៦១ ​ឆ្នាំ​រស់នៅ​សង្កាត់​គងនយ ខណ្ឌ​ដង្កោ រាជធានី-ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រាល់​ឆ្នាំ​នៅពេល​រដូវវស្សា​មកដល់ ទឹកស្ទឹង​ព្រែកត្នោត​តែង​ជន់​ឡើង​លិច​ចម្ការ​ស្រែ​ និង​ផ្ទះ​របស់​អ្នកភូមិ​នៅតាម​តំបន់​ដីសណ្ដ​នៃ​ស្ទឹង​នេះ​ជា​ធម្មតា​។ ​ប៉ុន្តែ​ ២ ​ឆ្នាំ​ចុងក្រោយ​​នេះ​មាន​ការជន់លិច​ខ្លាំង​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ណាស់ នៅពេល​ឃើញ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មកពី​គ្រប់​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​បាន​ចុះជួយ​អន្តរាគមន៍​ដល់​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទឹកជំនន់ និង​បាន​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​សម្រាប់​ដោះស្រាយ​ក្នុង​គ្រា​លំបាក​នេះ​។ ប៉ុន្តែ​ប្រសិនបើ​ឆ្នាំក្រោយៗ​ទៀត នៅតែមាន​ទឹក​ជន់លិច​បែប​​នេះ​ទៀត​នោះ គឺ​ពិតជា​មិនល្អ​ឡើយ​។ ដូច្នេះ​ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ​រាជរដ្ឋាភិបាល ជួយ​បង្កើត​ប្រព័ន្ធ​បណ្ដាញ​ការពារ​ទឹកជំនន់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​ផង​ ដើម្បី​កុំឱ្យ​ទឹក​ជន់លិច​បែប​​នេះ​តទៅទៀត​»​។

លោក​បាន​បន្តថា ថ្វីបើ​ពេលនេះ​ទឹកបាន​ស្រក​ច្រើនក្ដី ប៉ុន្តែ​បញ្ហា​ប្រឈម​ក្រោយ​ទឹកជំនន់​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​​លោក​ និង​ភូមិ​មួយចំនួន​ទៀត គឺ​បញ្ហា​អនាម័យ និង​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​នៅពេល​ទឹក​លិច បង្គន់​អនាម័យ ត្រូវបាន​កកស្ទះ​។ អ្នករស់នៅ​លើផ្ទះ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹកជំនន់ គឺ​នាំគ្នា​បន្ទោ​របង់​ដាក់​កន្ថោរ ហើយ​ចាក់​ចូលក្នុង​ទឹក អ៊ីចឹង​ទេ នៅពេល​ទឹក​ស្រក បរិស្ថាន​ក្នុង​ភូមិ​មិនល្អ​ទេ គឺមាន​ក្លិនស្អុយ ហើយ​ផ្លូវ​ដើរ​ក្នុង​ភូមិ​ក៏​បែក​ភក់​ពិបាក​ធ្វើដំណើរ​ផងដែរ​»​។

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បាន​បង្ក​ផលប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ ១ ៦០០ ​គ្រួសារ ក្នុង​ខណ្ឌ​ចំនួន​ ២ គឺ​ខណ្ឌ​កំបូល និង​ខណ្ឌដង្កោ ខណៈ​នៅ​ខេត្តកណ្ដាល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ ១៤ ​គ្រួសារ​។ នេះ​បើ​យោងតាម លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃ​ចន្ទ​។

លោក សុខា បន្តថា រហូត​​មកទល់​ពេលនេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែកត្នោត​បាន​ស្រក​ទៅវិញ​ហើយ​។ អាជ្ញាធរ​ក៏​បាន​សម្រេច​ដក​កងកម្លាំង​ជួយសង្គ្រោះ​មួយចំនួន​ស្របពេល​ពលរដ្ឋ​ដែល​ស្នាក់​នៅលើ​ទីទួល​សុវត្ថិភាព​ស្ទើរតែ​ទាំងអស់​បាន​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះយ៉ាងណា អាជ្ញាធរ​នៅតែ​បន្ត​ឃ្លាំមើល និង​ផ្ដល់​ជំនួយ​ជា​ស្បៀងអាហារ ជួយ​ដល់​គ្រួសារ​ក្រីក្រ​បន្តទៀត​»​។

កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​ ៨៦៩ ​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិ​សាក់​សំពៅ​,​ ភូមិ​​ខិ្វត​, ភូមិ​សំបូរ​, ភូមិ​ក្រាំងតាផូ​, ភូមិ​ពាម និង​ភូមិ​ពោធិ៍រលំ​នៃ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ក្នុងនោះ​អំណោយ​ដែល​បាន​​ផ្តល់ជូន​ក្នុង​ ១ ​គ្រួសារ រួមមាន មី ១ ​កេស​, ត្រីខ ១ យួរ​, ទឹក​ស៊ីអ៊ីវ ១ ​យួរ និង អង្ករ ១ ​បាវ​។

ក្នុងឱកាស​នោះដែរ​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​សូម​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ដោយ​ត្រូវអនុវត្ត​នូវ​រាល់​វិធានការ​ទាំងឡាយ តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ "៣ ការពារ និង ៣ កុំ​" ដើម្បី​ចៀសផុត​ពី​ជំងឺ​កូវីដ​ ១៩៕