ភ្នំពេញៈ មន្ត្រីជលផល​ព្រមាន​ពី​ការបាត់បង់​សត្វ​ផ្សោត​នៅ​អន្លង់ផ្សោត​អូរឈើទាល​នៃ​ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយ​សែនជ័យ ដែល​បច្ចុប្បន្ន​នៅសល់តែ​ ១ ​ក្បាល ហើយ​ថា ផ្សោត​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់ ដោយ​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ស្តារឡើងវិញ​ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ឱ្យ​សត្វផ្សោត​នៅ​តំបន់​នេះ​សម្បូរ​ឡើងវិញ​។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​យុទ្ធនាការ​ការពារ​សត្វផ្សោត​ទន្លេមេគង្គ នៅ​ប្រទេស​កម្ពុជា​ដែល​រៀបចំ ដោយ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF) ​ប្រចាំ​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ៣១ ខែតុលា លោកស្រី សម វិចិត្រ នាយ​ខណ្ឌ​ស្ដីទី​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​រំឭក​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​បាន​ប្រកាស​ថា សត្វ​ផ្សោត​នៅ​អន្លង់​អូរឈើទាល​គឺ​ប្រឈម​ទៅនឹង​ការបាត់បង់​ដោយសារ​ពពួក​សត្វផ្សោត​នៅ​អន្លង់​អូរឈើទាល​គឺជា​ផ្សោត​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុមផ្សោត​ដទៃ​នៅ​ប៉ែក​ខាងក្រោម​។

លោក​បាន​បញ្ជាក់ថា​៖ «​គឺ​សត្វ​ផ្សោត​ហ្នឹង​មិន​ចរាចរ​ចុះឡើង​រកគ្នា​ដូច​សត្វផ្សោត​នៅ​ត្បូងខ្លា​ (​តំបន់​ទីជម្រក​ធម្មជាតិ​ត្បូង​ខ្លា ខេត្តស្ទឹងត្រែង​) ​ហើយ​និង​ក្រចេះ​ទេ​។ អ៊ីចឹង​សត្វផ្សោត​នៅ​តំបន់​នោះ​អាច​នឹង​បាត់បង់​។ ដូច្នេះ​ចំណុច​ទាំងអស់​នេះហើយ​ទាមទារ​ឱ្យ​មានការចូលរួម​ថែរក្សា និង​អភិរក្ស​ទាំងអស់គ្នា​»​។

លោកស្រី​ សម វិចិត្រ បញ្ជាក់ថា កត្តា​ដែល​ធ្វើឱ្យ​សត្វ​ផ្សោត​នៅ​តំបន់​នេះ​មានការ​ថយចុះ គឺអាច​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។ ការប្រែប្រួល​កម្រិត​ទឹកទន្លេ​មេគង្គ ដោយសារ​ការអភិវឌ្ឍ​នានា​នៅតាម​ដងទន្លេ​ការនេសាទ​ខុសច្បាប់​។ ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​នៅមាន​កម្រិត និង​ការសហការ​នៅ​តំបន់​ព្រំប្រទល់​កម្ពុជា-ឡាវ​នៅមានកម្រិត​។

លោក​បន្តថា ចំពោះ​វិធានការ​បន្ទាន់ គឺ​ខណ្ឌ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ​ក្នុង​ខេត្ត ដើម្បី​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ និង​សហការ​ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ ជាពិសេស​ជាមួយ​អង្គការ WWF ដើម្បី​សិក្សា និង​រក​វិធីសាស្ត្រ​ធ្វើឱ្យ​ផ្សោត​នៅ​អន្លង់​ផ្សោត​អូរឈើទាល​ល្អប្រសើរ​ឡើងវិញ​។ ខណ្ឌ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​នឹង​ពង្រឹង​កិច្ចសហការ​នៅ​តំបន់​ព្រំប្រទល់​រវាង​អាជ្ញាធរ​ឡាវ និង​កម្ពុជា នៅ​កម្រិត​ភូមិ ឃុំ និង​ស្រុក ដោយសារ​អាជ្ញាធរ​នៅ​តំបន់​នោះ​មាន​ភាពងាយស្រួល​ក្នុង​ការទាក់ទង​គ្នា​។ ម្យ៉ាងទៀត ដោយសារ​ប្រជានេសាទ​ឡាវ​ក៏​ធ្វើការ​នេសាទ​ក្នុង​ចំនួន​ច្រើន​ផងដែរ​។

លោក​ថ្លែងថា​៖ «[​យើង​] ​ជំរុញ​ឱ្យ​ប្រជាជន​ម្នាក់​ក្លាយ​ជា​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​មួយ​ដែរ ពីព្រោះ ឆ្មាំ​ទន្លេ​សត្វផ្សោត​ការពារ​សត្វផ្សោត​យើង​មានតែ​ ៧ ​នាក់​ទេ​នៅ​ប៉ុស្តិ៍​អន្លង់​អូរឈើទាល​ហ្នឹង​។ អ៊ីចឹង បើ​គ្មាន​ការចូលរួម​ពី​ប្រជាជន និង​អ្នកពាក់ព័ន្ធ គឺ​មិនអាច​ជោគជ័យ​ទេ​ក្នុង​ការការពារ និង​អភិរក្ស​។ យើង​ត្រូវ​រួមគ្នា​គ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ស្តារឡើងវិញ ដើម្បីឱ្យ​សត្វ​ផ្សោត និង​ត្រី​មេពូជ​យើង​នៅ​តំបន់​នោះ​សម្បូរ​ឡើងវិញ​»​។

លោក​ គង់ ចាន់ធី ប្រធាន​បណ្តាញ​សហគមន៍​នេសាទ ស្រុក​បុរីអូរស្វាយ​សែនជ័យ ថ្លែង​ក្នុង​កិច្ចពិភាក្សា​នោះ​ថា កត្តា​ដែល​ធ្វើឱ្យ​សត្វ​ផ្សោត​មាន​ការបាត់បង់​នៅក្នុង​ទន្លេមេគង្គ​គឺ​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ​។ ការកសាង​ទំនប់​វារីអគ្គិសនី​ធំៗ​នៅតាម​ទន្លេមេគង្គ និង​ការកាប់​ព្រៃឈើ​នៅ​ទីជម្រាល​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ​សត្វ​ផ្សោត​នៅតែ​ ១ [​ក្បាល​] ​ទេ [​នៅ​អន្លង់​ផ្សោត​អូរឈើទាល​]​។ នៅ​ថ្ងៃ​អនាគត​វា​នឹង​បាត់បង់​។ ខ្ញុំ​ជា​សហគមន៍​ហ្នឹង​ជា​រឿង​មួយ​ដែល​សោកស្តាយ​។ ធនធាន​តាំងពី​ដូនតា​មក ខ្ញុំ​កើត​នៅ​ស្រុក​នេះ កើតមក​ខ្ញុំ​មើល​សត្វផ្សោត​រាប់​ហ្វូង​រាប់រយ​។ នៅពេល​ដែល​ទឹក​ឡើងមក ឃើញ​ផ្សោត​ហែល​គ្នា​ជា​ជួរ លោត​ប្រសាច​ពេញ​ទឹក​។ រហូតមកដល់​ពេលនេះ​នៅ​សតវត្សរ៍​ទី​ ២១ ​យើង​នេះ នៅ​ឆ្នាំ​ ២០២១ ​នេះ ឃើញ​សត្វ​ផ្សោត​យើង​អស់​សឹងតែ​សូន្យ​។ នេះ​ជា​បញ្ហា​ព្រួយបារម្ភ​មិនគួរ​សត្វ​ផ្សោត​ដែល​កម្រ​របស់​យើង​បាត់បង់​»៕