ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា កំពុង​បន្តធ្វើ​ការសាកសួរ​បុរស​ ៤ ​នាក់ និង​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ជាង ​៥ ​ម៉ឺន​គ្រាប់ បន្ទាប់ពី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ៣១ ខែតុលា​។

ជន​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ និង​នៅ​ភូមិ​ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២៩ ​តុលា​។ លោក​ឧត្តមសេនីយ៍ទោ សឿង ណុល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ​វិច្ឆិកា​ថា ជនសង្ស័យ​ទី​១- ​ឈ្មោះ​ ខុង ខុម ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ ទី​២- ​ឈ្មោះ អាត នឿត ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ ទី​៣- ​ឈ្មោះ សល់ សេងលី ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ ទី៤- ​ឈ្មោះ សឹម សត្យា ភេទ ស្រី អាយុ​ ៣៨ ​ឆ្នាំ​។ ពួកគេ​ជា​ជនជាតិ​ខ្មែ និង​ទី៥- ឈ្មោះ​ លឹម ហេង ភេទ​ប្រុស អាយុ​ ៥១ ​ឆ្នាំ​ជា​ជនជាតិ​ថៃ​។

លោក​ប្រាប់​បន្តថា​៖ «​ពួកគេ​រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ត្រូវបាន​មន្ទីរ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​ ៣១ ខែតុលា​»​។

លោក​ សឿង ណុល មិនបាន​បញ្ជាក់​លម្អិត​ពី​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ទេ​។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានបង្ហាញ​ថា កាលពី​វេលា​ម៉ោងជាង​ ១០ ​ព្រឹក​ថ្ងៃទី​ ២៩ តុលា កម្លាំង​ការិយាល័យ​ (​ក៧) ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ សឿង ណុល នាយករង​មន្ទីរ និង​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់​បាន​ (WY) ​ចំនួន ២០ ០០០ ​គ្រាប់​នៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះឈ្នះ ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។

របាយការណ៍​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​នៅមាន​បក្ខពួក​ ៣ ​នាក់​ទៀត​កំពុង​ធ្វើ​សកម្មភាព​នៅ​ខេត្តសៀមរាប​។ នៅ​រសៀល​ថ្ងៃទី​ ២៩ ​តុលា សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ខេត្តសៀមរាប​ដោយ​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ ៣ ​នាក់​ទៀត​នៅ​ភូមិ​ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​។

ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់​ (WY) ៣០ ០០០ ​គ្រាប់ រថយន្ត​ម៉ាក Land Criuser ១ ​គ្រឿង ទូរស័ព្ទដៃ ៦ ​គ្រឿង លុយ​ថៃ ២៦ ៣៥០ ​បាត លុយ​ខ្មែរ ៧ ៨០០ ០០០ ​រៀល លុយ​ដុល្លារ ៨៨៥ ​ដុល្លារ លោហធាតុ​ពណ៌​លឿង​មាន​ដាំ​ត្បូង​ពណ៌​ស និង​ពណ៌​ខ្មៅ កងដៃ​ ១ បន្តោង​ខ្សែក​ ២ ខ្សែក ៣ ​ខ្សែ បណ្ណ​សម្គាល់​រថយន្ត​ចំនួន ៣ ​សន្លឹក​។

នៅ​រសៀល​ថ្ងៃទី​ ១ ​វិច្ឆិកា ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី តែ​លោក​មិនបាន​ឆ្លើយតប​ទេ​គិត​មកដល់​ត្រឹម​ម៉ោង​បោះពុម្ពផ្សាយ​កាសែត​នៅ​យប់​ថ្ងៃទី​ ១ ​វិច្ឆិកា​។

ប៉ុន្តែ​មន្ត្រី​តុលាការ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នេះ​៕