ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែតុលា បាន​កើនឡើង​ ១០ ​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែកញ្ញា ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​កើន​ដល់ ១៤០ ​នាក់ ខណៈ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មើលឃើញថា ការកើនឡើង​នេះ ដោយសារ​មាន​កំណើន​ការធ្វើ​ចរាចរណ៍​ច្រើន​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​បាន​ធូរស្រាល​។ ​

តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ខែតុលា មាន​ការកើតឡើង​ចំនួន ២៤៣ លើក​គឺ​មាន​ការកើនឡើង​ជាង​ខែកញ្ញា​ចំនួន​ ២៣ ​លើក ឬ​ស្មើនឹង​ ១០ ​ភាគរយ​។ តួលេខ​ក្នុង​ខែតុលា​នេះ គឺ​បណ្តាល​ឱ្យ​មាន​ចំនួន​អ្នករងរបួស ៣៤០ ​នាក់ កើនឡើង​ជាង​ខែកញ្ញា​ចំនួន​ ៦៦ ​នាក់ ស្មើនឹង​ ២៤ ​ភាគរយ និង​ចំនួន​អ្នកស្លាប់​មាន​ដល់​ទៅ​ ១៤០ ​នាក់ គឺ​កើនឡើង​ជាង​ខែកញ្ញា​ចំនួន​ ២១ ​នាក់ ស្មើនឹង​ ១៨ ​ភាគរយ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់លោក ស ខេង នៅ​ថ្ងៃទី​ ១ វិច្ឆិកា​។

លោក ស ខេង បាន​ថ្លែងថា ប្រការ​គួរឱ្យ​សោកស្ដាយ​បំផុត​នៅក្នុង​ខែតុលា​នេះ ត្រូវបាន​មើលឃើញ​ថា ទាំង​អត្រា​អ្នក​រងគ្រោះ​បាត់បង់​ជីវិត អត្រា​អ្នក​រងរបួស និង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​គឺមាន​ការកើនឡើង​ច្រើន​ជាង​ខែកញ្ញា ដែល​បញ្ហា​នេះ​បាន​ពិនិត្យ​ឃើញ​ថា ដោយសារ​មាន​កំណើន​ច្រើន​ឡើងវិញ​នៃ​ការធ្វើ​ចរាចរណ៍ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​បាន​ធូរស្រាល​។

លោក​បញ្ជាក់ថា​៖ «​មូលហេតុ​កំណើន​គ្រោះថ្នាក់​ស្លាប់ និង​របួស​នេះ គឺ​បណ្តាល​មកពី​ការបើកបរ​លឿន​មាន​ចំនួន ៣៨ ​ភាគរយ ការមិន​គោរព​សិទិ្ធ មាន​ចំនួន​ ២៧ ​ភាគរយ ការមិន​ប្រកាន់​ស្តាំ​មាន​ចំនួន​ ១៦ ​ភាគរយ​ជាមួយ​ការបត់ ការជែង និង​ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​»​។

ទោះជា​យ៉ាងណា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែតុលា ឆ្នាំ​ ២០២១ ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ខែតុលា ឆ្នាំ​ ២០២០ គឺមាន​ការថយចុះ​តិចតួច ប៉ុន្តែ​ចំនួន​អ្នកស្លាប់​មាន​ការកើនឡើង​ទៅវិញ ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ ២ ​លើក ស្មើនឹង​ ១ ​ភាគរយ អត្រា​អ្នករងរបួស​ថយចុះ​ ៤ ​នាក់ ស្មើនឹង​ ១ ​ភាគរយ ប៉ុន្តែ​អត្រា​អ្នកស្លាប់​បាន​កើន​ ២៩ ​នាក់ ស្មើនឹង​ ២៦ ​ភាគរយ​។

លោក ស ខេង បាន​អំពាវនាវ​ដោយ​ទទូច​ជាថ្មីទៀត ដល់​ពលរដ្ឋ​ទាំងអស់ សូម​រក្សា​ស្មារតី​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​គ្រប់ពេលវេលា ក្នុង​ពេល​ធ្វើដំណើរ​លើ​ដងផ្លូវ និង​សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន បើកបរ​មាន​ការយោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួនឯង និង​អ្នកដំណើរ​ផ្សេងទៀត​នៅលើ​ដងផ្លូវ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​ក៏​សូម​ក្រើនរំឭក ដល់​មន្ត្រី​មាន​សមត្ថ​កិច្ចដឹកនាំ និង​ប្រតិបត្តិការ អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​សូម​បង្កើន​ការបន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​សកម្ម គ្មាន​ការលើកលែង​ ឬ​យោគយល់​អ្វី​ទាំងអស់ ពីព្រោះ​នេះ​ជា​ភារកិច្ច​ការពារ​សេចក្ដីសុខ សុវត្ថិភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏​បាន​យល់ស្រប​ដែរ​ថា បញ្ហា​ស្ថានភាព​កូវីដ ១៩ ​មាន​លក្ខណៈ​ធូរស្រាល​វិញ​គឺជា​កត្តា​រួមចំណែក​ដែល​បណ្តាល​ឱ្យ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ កើនឡើង​ព្រោះថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​ធ្វើដំណើរ​ច្រើន​ជា​ធម្មតា​ឡើងវិញ​។ ប៉ុន្តែ​លោក​មើលឃើញ​ថា បើទោះជា​យ៉ាងណា ស្ថានភាព​នេះ​ក៏​មាន​ការរឹតត្បិត និង​ការដាក់​បម្រាម​ផ្នែក​ខាង​សុវត្ថិភាព​សុខភាព​បណ្តាល​មកពី​ជំងឺ​កូវីដ​ដែល​ធ្វើឱ្យ​ការធ្វើ​ចរាចរណ៍​ខែ​នេះ​មិនសូវ​ជា​មាន​លក្ខណៈ​ច្រើន​ពេញលេញ​នោះដែរ​។

អ្វីដែល​លោក​ គង់ រតនៈ បារម្ភ​បំផុត​នោះ​នៅពេល​ប្រទេសជាតិ​បើក​ដំណើរការ​ឡើងវិញ​នោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀតហើយ​ឥរិយាបថ​មួយចំនួន​របស់​អ្នកបើកបរ​គឺ​មិនទាន់​មាន​ភាពប្រសើរ​ឡើង​នោះទេ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​បន្ថែមទៀត​ក្នុង​កិច្ចការងារ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​អត់​ពេញលេញ​ប៉ុណ្ណឹង យើង​ឃើញ​ចំនួន​គ្រោះថ្នាក់​កើនឡើង ចុះបើ​សិនជា​យើង​ដក​បម្រាម​កូវីដ ១៩ ចេញ​ហើយ​ប្រទេស​បើក​ចរាចរណ៍​វិញ វា​នឹង​ស្តែង​ឱ្យឃើញថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ វា​អាច​នឹង​កើនឡើង​បន្ថែម​ទៅទៀត​»​។

បើតាម​លោក​ គង់ រតនៈ តាមរយៈ​ការសិក្សា​ផ្នែក​បច្ចេកទេស គ្រោះថ្នាក់​ចរាចរណ៍ ដែល​គិត​ជា​មធ្យម គឺ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៤ នាក់ ក្នុង ១​ ថ្ងៃ នៅក្នុង​អំឡុងពេល​រដ្ឋាភិបាល​ប្រកាស​រឹតត្បិត​សកម្មភាព​មួយចំនួន ប៉ុន្តែ​ក្នុង​រយៈពេល​ខែតុលា​នេះ គឺ​បង្ហាញ​ថា តួលេខ​ជា​មធ្យម​គឺ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង​ជិត​ដល់ ៥ ​នាក់ ក្នុង ១ ​ថ្ងៃ​៕